បទល្មើស​គ្រឿងញៀន ប្តី​រត់ចោល​ផ្ទះ​...​ប្រពន្ធ​ជាប់​ខ្នោះ​...​កូនតូច​២​នាក់​កំព្រា​

    បាត់ដំបង ៖ បុរស​ជា​ប្តី ដែលជា​មេគំនិត​ចាប់​មុខរបរ​រកស៊ី​លក់​ថ្នាំញៀន​ប្រចាំ​ភូមិ បាន​រត់​បាត់​ខណៈ​ដឹងខ្លួន​ជាមុន​ថា​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប ហើយ​សមត្ថកិច្ច​ចាប់​បានតែ​ប្រពន្ធ ជា​អ្នក​កាន់​ថ្នាំញៀន​លក់ និង​មើល​កូនៗ អាយុ​២​ឆ្នាំ​ម្នាក់ និង​កូន​អាយុ​៣​ខែ​កន្លះ​ម្នាក់​។​

    ប៉ូលិស​ស្រុក​ភ្នំព្រឹក​បាន​ចុះបង្ក្រាប​នៅវេលា​ម៉ោង​១១ ​និង​៣០​នាទី ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

    លោក​វរៈសេនីយ៍ត្រី សារ៉េត វិ​សេដ្ឋ អធិការរង​ប៉ូលិស​ស្រុក​ភ្នំព្រឹក បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ស៊ុយ ភ័​ណ្ឌ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ដកហូត​វត្ថុតាង ថ្នាំ​គ្រាប់​សញ្ញា ​WY (​លើ​គ្រាប់​ថ្នាំ​ពណ៌​ស្លា​ទុំ​រាង​មូល​សំប៉ែត) ​ជា​ប្រភេទ​សារធាតុ​ញៀន​គ្រាប់​ចំនួន​៤១​គ្រាប់​ច្រក​ក្នុង​បំពង់​ទុយោ​បឺត​ទឹក​ពណ៌​កាប់​ស្តាំ​ង។​

    លោក​បន្តថា ជនសង្ស័យ​ដែល​កម្លាំង​ជំនាញ​លោក​បាន​ឃាត់ខ្លួន​ខាងលើនេះ​ជា​អ្នក​កាន់​លក់​ដោយផ្ទាល់ និង​មានកូន​ប្រុស​តូចៗ​ចំនួន​ពីរ​នាក់ កូនប្រុស​ម្នាក់​ច្បង​អាយុ​ត្រឹម​២​ឆ្នាំ និង​កូនប្រុស​ម្នាក់ទៀត​មាន​អាយុ​ត្រឹមតែ​៣​ខែ​កន្លះ ដោយ​លក់​ថ្នាំញៀន​ផង មើល​កូន​ផង​។​

    ដោយឡែក​ជនសង្ស័យ​ជា​ប្តី និង​ជា​ឪពុក​របស់​ក្មេង​តូចៗ​ទាំងពីរ គឺជា​មេគំនិត​ក្នុង​ការទទួល​យកសារ​ធាតុ​ញៀន​មកឱ្យ​ប្រពន្ធ ចែកចាយ​លក់​បន្ត បាន​រត់គេចខ្លួន​បាត់​ខណៈ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​នោះ​។​

    ជនសង្ស័យ​ជា​ប្រពន្ធ និង​វត្ថុតាង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

    ចំណែក​ក្មេងប្រុស​តូចៗ​ទាំងពីរ​នាក់​ខាងលើ​សមត្ថកិច្ច​បានប្រគល់​ឱ្យទៅ​សាច់ញ្ញាតិ​របស់​ជនសង្ស័យ​ដើម្បី​ជួយ​មើលថែ​បណ្តោះអាសន្ន​៕

adverise with khmeread