ទំនាស់​រឿង​ដី​ដាំ​អំពៅ​រវាង​ក្រុមហ៊ុន​ចិន​ និង​ប្រជាពលរដ្ឋ​ ឈានដល់​ប្រើ​ហិង្សា

    ព្រះវិហារ ៖ មាន​ករណី​ក្រុមហ៊ុន​ចិន​បាន​ប្រើ​អំពើហិង្សា​វាយ​លើ​ប្រជាពលរដ្ឋ​កើត​ឡើង​នៅ តំបន់​ព្រៃ​ល្អក់ ជាប់​ប្រឡាយ​ព្រះ​ទ្លា​យ ភូមិ​សំរោង ឃុំ តស៊ូ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​តាំងពី​ថ្ងៃទី​៥ ​ដល់​១០​ មករា​ ២០១៧​នេះ​ នៅ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ។​

    ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​ហេតុការណ៍​នេះ​បានឱ្យដឹងថា ខាង​ភាគី​ក្រុមហ៊ុន​ចិន​បាន​ដឹក​កម្មករ​ខ្មែរ​មក​ធ្វើ​សកម្មភាព​ប្រឆាំង​មកលើ​ប្រជាពលរដ្ឋ ប្រមាណ​ជាង ​១០០ ​នាក់។ ​តែ​កម្មករ​ជា​ជនជាតិខ្មែរ​ទាំងនោះ​មិន​បានធ្វើ​សកម្មភាព​តាម​បញ្ជា​ថៅកែ​ចិន​ទេ ហើយ​បាននាំគ្នា​ដើរទៅ​វិញ មានតែ​ជនជាតិ​ចិន​២-៣​នាក់​ប៉ុណ្ណោះ​ដែល​ប្រើ​ដំបង​ធ្វើ​សកម្មភាព​វាយ​មកលើ​ពលរដ្ឋ។​

    ប្រភព​ដដែល​បាន​បន្តថា មូលហេតុ​បណ្ដាលមកពី ភាគី​ក្រុមហ៊ុន​ចិន​បំពាន​ដាំ​ដំណាំ​អំពៅ​លើដី​របស់​ប្រជាពលរដ្ឋ ដែល​ដី​នេះ លោក​ សុខ ហៃ អភិបាលរង​ខេត្តព្រះវិហារ បាន​ចុះហត្ថលេខា មិន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចិន ឈូសឆាយ​នៅ​តំបន់​មាន​ជម្លោះ​ខាងលើ តាំងពី​ថ្ងៃទី​០២ ​ខែ​០៣ ២០១៦​ មកម្ល៉េះ ហើយ​ប្រជាពលរដ្ឋ​ជិត​៣០​នាក់​បាននាំគ្នា​រារាំង​ក្រុមហ៊ុន​ចិន​មិនឱ្យ​ដាំ​អំពៅ​នៅ​តំបន់​នោះ​។​

    រហូតមក​ទល់នឹង​ថ្ងៃទី​១០​មករា ២០១៧​នេះ ទំនាស់​រឿង​ដីធ្លី​នេះ​ពុំទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ ហើយ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ពិសេស​លោក ​ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរូបនីយ៍កម្ម​ និង​សំណង់​មេត្តាជួយ​ដោះស្រាយ​ដោយ​អនុគ្រោះ​ និង​ជាបន្ទាន់​បំផុត៕​

 

Untitled 1
adverise with khmeread