លោកគ្រូ​ពញ្ញាក់​អារម្មណ៍​ហុច​ក្រដាស​ធ្វើតេស្ត​ឱ្យ​សិស្ស​ធ្វើ​ទាំង​មិនបាន​ត្រៀមខ្លួន​ជាមុន​! ចាប់​ក្រដាស​ឃើញ​ទទេ​ស្អាត​ស្មានតែ​ស្រួល​ធ្វើ មានអី​បញ្ឈរភ្នែក​គ្រប់គ្នា​...

    ​មាន​ថ្ងៃមួយ គ្រូបង្រៀន​ម្នាក់​បាន​ចូល​មកដល់​បន្ទប់រៀន ហើយ​ឱ្យ​សិស្ស​ធ្វើតេស្ត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ ទាំង​កូនសិស្ស​ទាំងអស់​មិនបាន​ត្រៀមខ្លួន​ទុកជាមុន​។ កូនសិស្ស​ទាំងអស់​រង់​ចាំ​គ្រូ​ហុច​វិញ្ញាសា​ទាំង​ព្រួយបារម្ភ​។ បន្ទាប់មក លោកគ្រូ​បាន​ដើរ​ចែក​សន្លឹក​កិច្ច ដោយ​ផ្កាប់​ចុះ​លើ​តុ​ដូច​សព្វមួយដង​។ ពេល​ចែក​រួច លោកគ្រូ​ប្រាប់​កូនសិស្ស​ទាំងអស់​ឱ្យ​ផ្ងារ​សន្លឹក​កិច្ចការ​រួច​ចាប់ផ្តើម​សរសេរ​។ សិស្ស​គ្រប់គ្នា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដែល​សន្លឹក​កិច្ចការ​ជា​ក្រដាស​ទទេ គ្មានអ្វី​ទាំងអស់​ក្រៅពី​ស្នាម​អុជ​ខ្មៅ​មួយ​តូច​នៅ​ចំ​កណ្តាល​ក្រដាស​ពណ៌​ស​។ 

​    ​ក្រោយ​សង្កេតឃើញ​ទឹកមុខ​សិស្ស​ស្រឡាំងកាំង​អត់​ដឹងថា​ត្រូវធ្វើ​អ្វី លោកគ្រូ​បាន​ប្រាប់​ពួកគេ​ថា "​លោកគ្រូ​គ្រាន់តែ​ចង់ឱ្យ​កូនៗ​ទាំងអស់គ្នា​សរសេរ​អ្វីដែល​កូនៗ​បានឃើញ​លើ​ក្រដាស​កិច្ចការ​"​។ សិស្ស​គ្រប់គ្នា​ហាក់​នៅមាន​មន្ទិល​ខ្លាំង​ដដែល រួច​ក៏​ចាប់ផ្តើម​សរសេរ​តាម​អ្វីដែល​ខ្លួន​មើលឃើញ​លើ​ក្រដាស​នោះ​។ ពេល​ដល់​ម៉ោង លោកគ្រូ​បាន​ប្រមូល​ចម្លើយ​របស់​សិស្ស​ទាំងអស់ រួច​ចាប់ផ្តើម​អាន​ចម្លើយ​ទាំងនោះ​ឮ​ឱ្យ​កូនសិស្ស​ទាំងអស់គ្នា​បាន​ស្តាប់​។ សិស្ស​គ្រប់គ្នា​ទាំងអស់​បាននាំគ្នា​សរសេរ​ពណ៌នា​អំពី​ចំណុច​ខ្មៅ​តូច​នោះ​ទាំងអស់គ្នា ដោយ​ពន្យល់​គ្រប់​ហេតុផល​របស់​ពួកគេ​ទាក់ទិន​នឹង​ចំណុច​ខ្មៅ​នោះ​។ 

​    ​បន្ទាប់ពី​លោកគ្រូ​បាន​អាន​ចម្លើយ​ទាំងអស់នោះ​ចប់ សិស្ស​ទាំងអស់​ហាក់​ស្ងាត់ស្ងៀម​មិន​កម្រើក​សូម្បី​បន្តិច​។ លោកគ្រូ​បានចាប់ផ្តើម​បកស្រាយ​យ៉ាង​ដូច្នេះ "​លោកគ្រូ​នឹងមិន​ដាក់ពិន្ទុ​សម្រាប់​កិច្ចការ​ថ្ងៃនេះ​ទេ​។ លោកគ្រូ​គ្រាន់តែ​ចង់​ផ្តល់​អ្វីមួយ​ឱ្យ​កូនៗ​ទាំងអស់គ្នា​គិត​ត្រិះរិះ​ពិចារណា​ប៉ុណ្ណោះ​។ គ្មាន​កូនសិស្ស​ណា​ម្នាក់​សរសេរ​ផ្នែក​ពណ៌​ស​ដ៏​ធំ​លើ​ក្រដាស​សោះ​។ គ្រប់គ្នា​ផ្តោត​តែ​លើ​ចំណុច​ខ្មៅ​មួយ ហើយ​រឿង​ដូចគ្នានេះ​ក៏បាន​កើតឡើង​ក្នុង​ជីវិត​យើង​ដែរ​។ យើង​មាន​ក្រដាស​សត្រូវ​សង្កេតមើល​ដែរ តែ​យើង​ផ្តោត​តែ​ចំណុច​ខ្មៅ​តូច​មួយ​។ ជីវិត​យើង​ជា​កាដូ​ដែល​ទេវតា​ប្រទាន ដោយ​ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​។ ដូច្នេះ​យើង​មាន​គ្រប់​ហេតុផល​ដើម្បី​រីករាយ​នឹង​ជីវិត​របស់​យើង រីករាយ​ជាមួយ​មិត្តភក្តិ និង​មនុស្ស​ជាទី​ស្រឡាញ់​ជុំវិញខ្លួន​យើង រីករាយ​នឹង​ការងារ រីករាយ​នឹង​ជីវភាព​រស់នៅ​របស់​យើង​។ រឿង​អច្ឆរិយៈ​កើតឡើង​គ្រប់​វិនាទី​"​។​

​    ​"​ប៉ុន្តែ យើង​ចចេស​ផ្តោត​តែ​លើ​ចំណុច​ខ្មៅ បញ្ហា​សុខភាព​ដែល​រំខាន​យើង កង្វះ​លុយកាក់ ទំនាក់ទំនង​ស្មុ​គ្រ​ស្មាញ​ក្នុង​គ្រួសារ ការខកចិត្ត​ជាមួយ​មិត្តភក្តិ ។​ល​។ ចំណុច​ខ្មៅ​នោះ​គឺ​តូច​ខ្លាំងណាស់​បើ​ធៀប​នឹង​អ្វីៗ​ដែល​យើង​មាន​ក្នុង​ជីវិត​យើង ប៉ុន្តែ​ចំណុច​ខ្មៅ​នោះ​ហើយ​ដែល​ធ្វើឱ្យ​អាប់អួរ​ដល់​ចិត្តគំនិត​របស់​យើង​។ ចូរ​យក​ភ្នែក​បែរ​ចេញពី​ចំណុច​ខ្មៅ​ក្នុង​ជីវិត​របស់​កូនៗ​។ ចូរ​រីករាយ​នឹង​វិនាទី​ដែល​ជីវិត​បាន​ផ្តល់ឱ្យ​កូនៗ​។ ចូរ​រីករាយ​ជានិច្ច និង​រស់នៅក្នុង​ជីវិត​ប្រកបដោយ​គំនិត​វិជ្ជមាន​ជានិច្ច កូនៗ​ទាំងអស់គ្នា​"​។​

​    ​*** គំនិត​អប់រំ​: ដូចដែល​លោកគ្រូ​បាន​ពន្យល់​បកស្រាយ​អ៊ីចឹង ជីវិត​គឺមាន​ទាំង​រឿង​ល្អ​និង​រឿង​អាក្រក់​កើតឡើង​មកជា​មួយ​គ្នា​។ យើងទាំងអស់គ្នា​សុទ្ធតែ​មានរឿង​វិជ្ជមាន​និង​អវិជ្ជមាន​មកជា​មួយ​។ ប៉ុន្តែ​យើង​ត្រូវតែ​ផ្តោត​ខ្លាំង​ទៅលើ​ចំណុច​វិជ្ជមាន​ដើម្បី​ជីវិត​រស់នៅ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុខ​ភាពល្អ​។ ជីវិត​ចេះតែ​ដើរទៅ​មុខជា​និច្ច​មិន​ថា​មាន​អ្វី​កើតឡើង​ឡើយ ដូច្នេះ​សូមកុំ​ខ្ជះខ្ជាយ​ពេលវេលា​គិតតែ​រឿង​អវិជ្ជមាន​៕

Untitled 1
adverise with khmeread
ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

Loading ad ...