ទិញ​ថ្នាំញៀន​ពីមុខ​ពេទ្យ​លោកសង្ឃ​យកទៅលក់​នៅ​ស្រុក​អង្គស្នួល​ជាប់​ខ្នោះ

    កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​បង្ក្រាប​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​​​ (​ម៉ា​ទឹកកក​) ​ករណី​ទី ២៧​នៅ​ថ្ងៃទី​១០​ មករា​២០១៧ ​វេលា​ម៉ោង​៩ ​និង​៥០​នាទី​យប់​នៅ ចំណុច​ក្នុងផ្ទះ​ជនល្មើស ភូមិ​ត្រពាំង​សុក្រ​ម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​ឃាត់ខ្លួន​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ ដួង សំអាង ភេទប្រុស អាយុ​៣១​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ ចាក់​មេក្រូ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្រពាំងសុក្រម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ​វត្ថុតាង​ដកហូត ១-​ម្សៅ​ក្រាម​ថ្លា​សង្ស័យ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ០១​កញ្ចប់​មធ្យម​, ២-​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​ហៃ​យ៉ា​ចិន​ និង​៣.​លុយ​ខ្មែរ ​(១០៥.០០០​រៀល​) និង​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​មួយចំនួន​។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ជំនាញ​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បែក​ចាន​បានទទួល​ព័ត៌មាន​ថា មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​កន្លែងកើតហេតុ​ខាងលើ កម្លាំង​ជំនាញ​បាន​ចុះទៅ​បង្ក្រាបបាន​ម្នាក់​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ខាងលើ​ឆ្លើយថា​ថ្នាំញៀន​ទាំងអស់នេះ​ខ្លួន​ទិញ​ពីមុខ​សញ្ញា​នៅមុខ​ពេទ្យ​លោកសង្ឃ​ពី​១០​ដុល្លារ​ទៅ​២០​ដុល្លារ​ក្នុង​មួយថ្ងៃ​២​ដង សម្រាប់​យកមក​លក់​ប​ន្ត​។​ បន្ទាប់មក​កម្លាំង​ជំនាញ​ធ្វើការ​ឆែកឆេរ​ក្នុងផ្ទះ ដកហូត​បាន​ថង់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​បន្ថែមទៀត​។​

    ប​ច្ចុ​ប្បន្ន​ជនល្មើស​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល​ដើម្បី​បន្ត​នីតិវិធី​៕

adverise with khmeread