ស្រវឹងស្រា​ដុត​ផ្ទះ​ឆេះ​...​ប៉ូលិស​ចុះទៅ​ដល់​ស្វាគមន៍​នឹង​អង្កត់អុស​បែកក្បាល

    កំពត ៖ ប៉ូលិស​ស្រុក​កំពង់ត្រាច​នៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៤ ​និង​៣០នាទី ល្ងាច​បាន​ឃាត់​ជនដៃដល់​ម្នាក់​បាន​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មកលើ​សមត្ថកិច្ច នៅ​ភូមិ​ត្រពាំង​នៀល ឃុំ​ប្ញ​ស្សី​ ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច បន្ទាប់ពី​ចុះ​ធ្វើ​អន្តរាគមន៍ ខណៈពេល​ជនល្មើស​ផឹកស្រា​ស្រវឹង​ដុត​ផ្ទះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ង៉ុ​ក គី ភេទ​ប្រុស អាយុ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​យក​កំណាត់ឈើ​វាយ​លើ​កម្លាំង​សមត្ថកិច្ច គឺ​លោក​អនុសេនីយ៍ត្រី ចាន់ ភក្តី នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប្ញ​ស្សី​ ស្រុក​ខាងលិច រងរបួស​បែកក្បាល​ដេរ​ពីរ​ថ្នេរ។​

    ប៉ូលិស​បន្តថា ដំបូង​ជនសង្ស័យ​ស្រវឹងស្រា ហើយ​បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​អស់​ជញ្ជាំង​ផ្ទះ​បាំង​ស្លឹក អ្នកជិតខាង​ក៏បាន​ជួយ​ពន្លត់ និង​បាន​ទូរស័ព្ទ​រាយការណ៍​ឱ្យ​ប៉ុស្តិ៍ ជួយ​ធ្វើ​អន្តរាគមន៍ រួច​លោក ចាន់ ភក្តី ក៏បាន​នាំ​កម្លាំង​ចុះ​ទៅដល់​កន្លែងកើតហេតុ។​

    ពេលនោះ​ជនសង្ស័យ​ក៏បាន​យក​កំណាត់ឈើ​អុស​វាយ​សំពង​ក្បាល​លោក ចាន់ ភក្តី បណ្តាល​ឱ្យ​រងរបួស​ក្បាល។​

    សូមបញ្ជាក់ថា ជនសង្ស័យ​ខាងលើ​ធ្លាប់​ប្រព្រឹត្ត​ប្រើ​ហិង្សា​វាយ​លើ​ម្តាយបង្កើត​ខ្លួនឯង កាលពី​ថ្ងៃទី០៦ ខែមីនា ឆ្នាំ​២០១៤ ជាប់គុក​ជាង ០១​ឆ្នាំ។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

Unnamed adverise with khmeread

មតិយោបល់