ម្ចាស់​ហាង​លក់​តុក្កតា​ដ៏​ថ្លៃ​ឱ្យ​ក្មេង​តូច​ដោយ​ប្តូរ​យក​សំបកខ្យង​ចំនួន ៤! បុគ្គលិក​ហាង​សួរ​ថៅកែ​ថា​ម៉េច​ក៏​ធ្វើបែបនេះ ថៅកែ​និយាយ​មួយ​ម៉ា​ត​ស្ងាត់​មាត់​ឈឹង​

    ​ថ្ងៃមួយ​មាន​ក្មេងប្រុស​អាយុ ៦ ឆ្នាំ​ម្នា​ក់បាន​ដើរកាត់​ហាង​មួយ ជាមួយ​ប្អូនស្រី​តូច​របស់ខ្លួន​។ ភ្លាមនោះ​ក្មេងប្រុស​នេះ​បានឃើញ​ប្អូនស្រី​ឈប់​ស្ងៀម​ពីក្រោយ​ខ្នង​។ នាង​តូច​នោះបាន​កំពុង​សម្លក់​សម្លឹងមើល​តុក្កតា​តាំងនៅ​ខាងក្នុង​ហាង​លក់​តុក្កតា​នោះ ដោយ​ក្នុង​ចិត្ត​ចង់បាន​វា​ជាខ្លាំង​។​

​    ​បងប្រុស​បាន​សួរ​ទៅ​ប្អូនស្រី​ថា "​អូន​ឯង​ចង់បាន​តុក្កតា​មែន​ទេ​?"​។ បន្ទាប់មក​ប្អូនស្រី​បាន​ចង្អុល​ទៅ​តុក្កតា​ព្យួរ​ក្នុង​ហាង​។ ដោយ​ឆ្លើយតប​ក្នុងនាម​ជា​បង​គេ ក្មេងប្រុស​នេះ​បាន​នាំ​ប្អូនស្រី​ចូលក្នុង​ហាង​ប្រៀប​បីដូច​ខ្លួនឯង​ជា​មនុស្ស​ធំ​។​

​    ​ម្ចាស់​ហាង​ដែល​កំពុង​ឈរ​លក់​នៅ​ទី​នោះបាន​មើល​គ្រប់យ៉ាង​អំពី​ក្មេង​តូច​ទាំងពីរ និង​បាន​ចាប់អារម្មណ៍​ខ្លាំង​លើ​ក្មេងប្រុស​បង​គេ​នោះ​។ ក្មេងប្រុស​នោះបាន​ឱ្យ​ម្ចាស់​ហាង​ទាញយក​តុក្កតា ដែល​ប្អូនស្រី​ចង់បាន​និង​សួរថា "​តើ​តុក្កតា​នេះ​មានតម្លៃ​ប៉ុន្មាន​ដែរ ពូ​?"​។​

​    ​ម្ចាស់​ហាង​នេះ​ជា​បុរស​ចំណាស់​តែ​ចិត្តល្អ​ដូច​ព្រះ ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​និង​ក្តីមេត្តា​។ គាត់​បាន​សួរ​ទៅ​ក្មេងប្រុស​នោះ​ថា "​តើ​ក្មួយ​មាន​អ្វី​បង់​ឱ្យ​ពូ​ទេ​?"​។​

​    ​ក្មេងប្រុស​នោះបាន​ទាញយក​សំបកខ្យង ដែល​រើស​ពី​ឆ្នេរសមុទ្រ ចេញពី​ហោប៉ៅ រួច​ដាក់​វា​លើ​តុ​គិតលុយ​របស់​ម្ចាស់​ហាង​។ ម្ចាស់​ហាង​បាន​យក​សំបកខ្យង​នោះ និង​ចាប់ផ្ដើម​រាប់​វា​ប្រៀប​បីដូច​ជា​លុយ​មែនទែន​អ៊ីចឹង​។ ក្មេងប្រុស​នោះ​សួរ​ទាំង​ភ័យព្រួយ​ថា "​លោកពូ តើ​វា​គ្រប់​ដែរ​ទេ​?"​។​

​    ​ម្ចាស់​ហាង​បាន​ឆ្លើយតប​ទៅវិញ​ថា "​អត់​ទេ​ក្មួយប្រុស សំបកខ្យង​ទាំងនេះ​វា​លើសពី​គ្រប់​សម្រាប់​តម្លៃ​តុក្កតា​ទៅទៀត​។ ដូច្នេះ​ពូ​នឹង​ឱ្យ​សំបកខ្យង​ដែល​លើស​ទៅ​ក្មួយ​វិញ​"​។​

​    ​ម្ចាស់​ហាង​បាន​ទុក​សំបកខ្យង​តែ​បួន​ប៉ុណ្ណោះ នៅសល់​ប៉ុន្មាន​បាន​ប្រគល់ឱ្យ​ក្មេងប្រុស​នោះ​វិញ​។ ក្មេងប្រុស​នោះ​រីករាយ​នឹង​រក្សាទុក​សំបកខ្យង​ក្នុង​ហោប៉ៅ​របស់ខ្លួន ហើយ​បាន​ទៅផ្ទះ​វិញ​ជាមួយ​ប្អូនស្រី​។​

​    ​ក្រោយមក​បុគ្គលិក​ម្នាក់​បាន​សួរ​ទៅ​ថៅកែ​យ៉ាង​ភ្ញាក់ផ្អើល​ថា "​លោក​ថៅកែ​! ម៉េច​ក៏​លោក​ឱ្យ​តុក្កតា​ដ៏​ថ្លៃ​ប្តូរ​យក​សំបកខ្យង ៤ បួន​ទៅវិញ​??"​។​

​    ​ម្ចាស់​ហាង​និយាយ​ទាំង​ញញឹម​ថា "​ពិតណាស់ សម្រាប់​យើង​សំបកខ្យង​គ្មាន​តម្លៃ​ទេ​។ ប៉ុន្ដែ​សម្រាប់​ក្មេងប្រុស​នោះ​វិញ សំបកខ្យង​នោះ​គឺមាន​តម្លៃ​ខ្លាំងណាស់​"​។​

​    ​"​នៅពេល​ក្មេងប្រុស​នោះ​ធំ​ឡើង នឹង​ចងចាំ​ថា ខ្លួនគេ​បាន​ទិញ​តុក្កតា​មួយ​ជាមួយនឹង​សំបកខ្យង មិនមែន​ប្រាក់​ទេ​។ នៅ​គ្រា​នោះហើយ គាត់​នឹង​ចងចាំ​ខ្ញុំ និង​ជឿថា​ពិភពលោក​សម្បូរ​ទៅដោយ​មនុស្ស​ល្អ​។ គាត់​នឹងមាន​ទឹកចិត្ត​ចង់​ក្លាយជា​មនុស្ស​ល្អ​ដែរ​!"​។​

​    ​*** អត្ថន័យ​រួម ៖ អំពើ​ល្អ​របស់​អ្នកនឹង​រីករាយ​ដាល​ពេញ​ពិភពលោក​។ ប្រសិនបើ​អ្នកធ្វើ​ល្អ អំពើ​ល្អ​នោះ​នឹង​រីក​រាលដាល​។ ប្រសិនបើ​អ្នកធ្វើ​អាក្រក់ ភាពអវិជ្ជមាន​នឹង​រីក​រាលដាល​ពេញ​ពិភពលោក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត