យុវជន​ម្នាក់​បើក​ម៉ូតូ​លឿន​ពេក​ជ្រុល​ចង្កូត​ទៅបុក​រ៉ឺ​ម៉ក់​ដឹក​ភេសជ្ជៈ​ក្រឡាប់​របួសធ្ងន់​ម្នាក់

    ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯកជន​ភ្លាមៗ ខណៈ​យុវជន​រូបនេះ​បាន​បើក​ម៉ូតូ​យ៉ាង​លឿន ហើយ​ជ្រុល​ទៅបុករ៉ឺ​ម៉ក់​ដឹក​ភេសជ្ជៈ​បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង។​

    គ្រោះថ្នាក់​ខាងលើនេះ​ខាងលើ​បានកើត​ឡើង​នៅវេលា​ម៉ោង​១១ ​និង​៥០​យប់ ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខក្រសួង​មហាផ្ទៃ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រ៉ឺ​ម៉ក់​ម៉ូតូ​ដឹក​ភេសជ្ជៈ​មួយគ្រឿង បាន​បើក​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូ​ង។ ​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏ ស្រាប់​តែមាន​យុវជន​ម្នាក់​ឈ្មោះ ​កែប វាសនា អាយុ​២៧​ឆ្នាំ ​មុខរបរ​បុគ្គលិក​សណ្ឋាគា​រ​ណាហ្គា​វើ​ល ស្នាក់នៅ​សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ បាន​បើក​មួយគ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1FY.9030 ដោយ​ជិះ​មកពី​ក្រោយ​ក្នុង​ល្បឿ​ង​លឿន​។​

    រួច​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​វ៉េវ​សណ្តោងរ៉ឺ​ម៉ក់​ម៉ូតូ​ដឹក​ភេសជ្ជៈ​ចំ​ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​រ៉ឺ​​ម៉ក់​ដែល​នៅ​ពីមុខ​ក្រឡាប់​ផ្ងារជើង​ឡើងលើ។ ​អ្នកបើក​ម៉ូតូរ៉ឺ​ម៉ក់​ឈ្មោះ ​ហៀ​ង តុ​ប​បាន ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​មុខរបរ​លក់​គុយទាវ ស្នាក់នៅ​ខេត្តព្រៃវែង។ ​ចំណែក​យុវជន​ម្នាក់​ដែល​ជិះ​បុក​គេ​នោះបាន​រងរបួស​ធ្ងន់​។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯកជន​ភ្លាមៗ។ ​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ទំនាក់ទំនង​ទៅ​ជំនាញ​ចរាចរណ៍ ចុះមក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន រងចាំ​ដោះស្រាយ​គ្នា​តាម​ក្រោយ​៕

1 adverise with khmeread

មតិយោបល់