រថយន្ត​បើក​បុក​និង​កិន​កម្មការិនី​រោងចក្រ​ម្នាក់​ស្លាប់​នៅ​ផ្លូវជាតិ​ ៦ ​អា​

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បណ្តាលឱ្យ​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ស្លាប់​ភ្លាមៗ​កាលពី​វេលា​ម៉ោង​៦ ​និង​៥​នាទី​ព្រឹក​ថ្ងៃទី​១១​ មករា ​២០១៧​នេះ នៅ​ផ្លូវជាតិ​លេខ​៦​អា ចន្លោះ​ស្ពាន​ទី​៩​និង​១០ ភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ​។​

    ប៉ូលិស​និយាយថា ភាគី​រថយន្តក្រុង​ម៉ាក ​Hyundai ពណ៌​លឿងខ្ចី ពាក់​ស្លាក​លេខ​ភ្នំពេញ ​3A-3385  (​អ្នកបើកបរ​រត់​បាត់​) ​បាន​បើក​ពី​ត្បូង​ទៅ​ជើង យ៉ាង​លឿន។​

    លុះដល់​ចំណុច​ខាងលើ ភាគី​ម៉ូតូ​ម៉ាក ​Lets ​ពណ៌​ស ស្លាក​លេខ​កំពង់ចាម​ 1P-6025 បើកបរ​ដោយ​ឈ្មោះ ​រស់ រដ្ឋា ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ (​របួសស្រាល​)​ បាន​ឌុប​នារី​រងគ្រោះ​ឈ្មោះ​ រស់ រឿន ភេទ​ស្រី អាយុ​៤០​ឆ្នាំ ​(​ត្រូវជា​បង​)​ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ (​ស្លាប់​នៅនឹងកន្លែង​) បាន​បើក​ឆ្លងផ្លូវ​ទៅ​កើត ក៏ត្រូវ​រថយន្តបុក​និង​កិន​តែម្តង​។​

    បន្ទាប់មក​ប៉ូលិស​ជំនាញ​បាន​ចុះ​ធ្វើ​អន្តរាគមន៍​នាំ​យានយន្ត​ទាំង​២​ទៅ​រក្សាទុក​ដោះស្រាយ​តាមច្បាប់ ហើយ​សព​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


 

adverise with khmeread