រថយន្តបុក​រថយន្ត​ជ្រុល​ទៅបុក​ម៉ូតូ​ស្លាប់​ម្នាក់, ​របួសធ្ងន់​ ២ ​នាក់​នៅ​ភ្នំពេញ​ថ្មី​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ទាំង​ស្រវឹង​មិន​ប្រយ័ត្ន​ចំណុច​ផ្លូវកែង​បណ្ដាលឱ្យ​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀតហើយ​ជ្រុល​ទៅបុក​រះ​ម៉ូតូ​មួយគ្រឿង​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ​និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​គ្លីនិក​សង្គ្រោះបន្ទាន់។​

    គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៧ ត្រង់ចំណុច​ស្តុ​ប ម៉ុង ឫទ្ធី ស្ថិតក្នុង​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ​ដំបូង​គេ​ឃើញ​រថយន្ត​បង្ក​មួយគ្រឿង​ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ទម្ងន់ ​៥​ តោន​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-1372 បើកបរ​ដោយ​បុរស​ម្នាក់​រួមជាមួយ​ព្រូ​ពីរ​នាក់​ទៀត​បើក​តាមផ្លូវ​ហាណូយ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។​

    លុះ​មកដល​ចំណុចកើតហេតុ​​មាន​ស្តុ​ប រថយន្ត​ខាងលើ​មិនបាន​ប្រយ័ត្ន​និង​បន្ថយល្បឿន ហើយ​កាន់តែ​បន្ថែម​ល្បឿនខ្លាំង​ឡើង​គាប់​ជួន​ពេលនោះ​ស្រាប់​តែមាន​រថយន្ត​ឡិច​ស៊ី ​RX300​ ពណ៌​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-5428 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ដោយ​បុរស​ម្នាក់ទៀត​ត្រូវជា​ឪពុក​ និង​កូន​បាន​ជិះ​មក​តាមផ្លូវ​ឧកញ៉ា​ម៉ុង ឫទ្ធី ក្នុងទិសដៅ​ពី​កើតមក​លិច​ត្រូ​​វ​បាន​រថយន្ត​ខាងលើ​បុក​ចំក្បាល​រថយន្ត​រងគ្រោះ​ដែល​ជិះ​ដោយ​ឪ​កូន​ពីរ​នាក់​នោះ​បណ្ដាលឱ្យ​ខ្ទេច​មួយ​កំណាត់​មុខ​មើល​លែង​យល់​។​

    គ្រោះថ្នាក់​នេះ បណ្ដាលឱ្យ​បុរស​ម្នាក់​ដែលជា​អ្នករួមដំណើរ​រថយន្ត​រងគ្រោះ​នោះ​រងរបួស​បាក់ដៃ​ខាងស្ដាំ តែ​រំពេច​នោះ​ដោយសារតែ​ថ​យន្ត​បង្ក​មិនទាន់​អស់​ល្បឿន​នៅឡើយ​ក៏​ជ្រុល​ទៅបុក​ផ្ទាំង​ក​គណបក្ស​ដែល​ដាំ​នៅ​នឹង​កែង​ផ្លូវ​ខាងលើ​នោះ​ហើយ​រថយន្ត​បាន​ក្រឡាប់​ជ្រុល​ទៅបុក​បុរស​ម្នាក់​រួមជាមួយ​មិត្តភក្ដិ​ម្នាក់ទៀត​ដែល​កំពុងតែ​ឈរ​ទិញ​ម្ហូប​​នៅ​កែង​ស្តុ​ប​នោះ​បណ្ដាលឱ្យ​ម្នាក់​ស្លាប់​ភ្លាមៗ ​និង​ម្នាក់ទៀត​ជា​មិត្តភក្ដិ​របស់​សព​ដែល​ត្រូវ​រថយន្ត​បង្ក​ក្រឡាប់​សង្កត់ពីលើ​នោះ​ត្រូវបាន​ប្រជាជន​ដែល​នៅ​ម្ដុំ​នោះ​យក​រថយន្តស្ទូច​ដែល​នៅក្បែរនោះ​ស្រាប់​មក​ស្ទូច​រថយន្ត​ចេញ​ហើយ​ទាញ​ជនរងគ្រោះ​ចេញមកក្រៅ ​និង​យក​ជនរងគ្រោះ​ដាក់​លើ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​ឯកជន​ហុង​ហាក់ ដឹក​យកទៅ​សង្គ្រោះ​នៅឯ​គ្លីនិក​។​

    រថយន្ត​បង្ក​ក៏បាន​ជ្រុល​ទៅបុក​បង្គោល​ភ្លើងស្តុប​ទើប​រថយន្ត​បើក​ទៅមុខ​លែងរួច ហើយ​ភ្លាមៗ​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បម្រុង​រត់គេចខ្លួន​បាត់​តែ​ត្រូវ​ប្រជាជន​នៅ​ម្ដុំ​នោះ​ឃាត់ទុក​ជាប់​ហើយ​បាន​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច​យកទៅ​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​។​

    ដោយឡែក​ព្រូ​រថយន្ត​បង្ក​ពីរ​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់អស់ បើតាម​សមត្ថកិច្ច​ចរាចរណ៍​បានឱ្យដឹងថា​ម្ចាស់​រថយន្ត​បង្ក​មានឈ្មោះ រុន ដា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹកទំនិញ ស្នាក់នៅ​ម្ដុំ​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

    បើតាម​ចម្លើយសារភាព​របស់​អ្នកបើកបរ​រថយន្ត​បង្ក​បានឱ្យដឹងថា រូបគេ​ទើបតែ​មកពី​ទម្លាក់​ទំនិញ​នៅ​ម្ដុំ​ឃ្មួញ​ហើយ​បំណង​ជិះ​ត្រឡប់​ទៅ​ឃ្លាំង​វិញ​នៅ​ម្ដុំ​ស្ទឹងមានជ័យ​ហើយ​ដោយសារតែ​គេ​ស្រវឹងស្រា​ខ្លាំងពេក​ទើប​ជាន់​រថយន្ត​មិនដឹងថា​លឿន​សោះ​ទើប​ជ្រុល​ទៅជា​បែបនេះ​ទៅ​។​

    សព​ដែល​ត្រូវ​រថយន្តបុក​គ្នា​ហើយ​ខ្ទាត​មក​បុក​រហូតដល់​ស្លាប់​ម្នាក់នេះ​មានឈ្មោះ ប៉ី ​អ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ស្រុកកំណើត ភូមិ​ពោធិ៍​កណ្ដាល ឃុំ​ព្រៃខ្លា ស្រុក​កោះអណ្ដែត ខេត្តកណ្ដាល ហើយ​សព​ខាងលើ​ត្រូវបាន​ក្រុម​សាច់ញាតិ​ដឹកបញ្ជូន​យកទៅ​កាន់​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។​

    ចំ​ណែ​កឯ​រថយន្ត​ពីរ​គ្រឿង​និង​ម៉ូតូ​មួយគ្រឿង​ទៀត​ព្រមទាំង​អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវបាន​បញ្ជូន​យកទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ដើម្បី​រង់ចាំ​ចាត់ការ​ទៅតាម​នីតិវិធី៕


 

0
adverise with khmeread
Loading ad ...