ស្រវឹង​បើករថយន្ត​បុក​ឡើង​ខឿន​សួនច្បារ​ទ្រូងផ្លូវ​ និង​បង្គោល​ស្លាក​ប៉ាណូ​ក្រឡាប់​ផ្ងារ​កង់

    ភ្នំពេញ ៖ រថយន្ដ​កូរ៉េ​ទម្ងន់​មួយ​តោន​កន្លះ​មួយគ្រឿង បាន​បើក​បុក​ឡើង​ខឿន​សួនច្បារ​ទ្រូងផ្លូវ និង​បុក​ដើម​ផ្កា​រួមទាំង​បង្គោល​ស្លាក​ប៉ាណូ​បាក់​រៀប​ដល់​ដី ហើយ​រថយន្ត​ក៏​ក្រឡាប់​ផ្ងារ​កង់​តែ​មិន​បណ្ដាលឱ្យ​អ្នកជិះ​ក្នុង​រថយន្ដ​រងរបួស​នោះទេ​។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​៨ ​និង​៥០​នាទី​យប់ ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៧ ត្រង់ចំណុច​មុខ​សណ្ឋាគា​ណា​ហ្សា​តូ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

    រថយន្ដ​បង្ក​ជា​ប្រភេទ​រថយន្ដ​កូរ៉េ​ទម្ងន់​មួយ​តោន​កន្លះ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ ភ្នំពេញ ​2W-0804 បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​ព្រូ​ពីរ​នាក់ ក្រោយពី​កើតហេតុ​តៃកុង​រថយន្ដ​គេចខ្លួនបាត់​។

    តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​រថយន្ត​បង្ក​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​អ្នកបើកបរ​ស្រវឹង​ផង ក៏​ទប់​ចង្កូត​មិនជា​ប់ បាន​ជ្រុល​ទៅបុក​ខឿន​ឡើង​សួនច្បារ​ទ្រូងផ្លូវ និង​បុក​ដើម​ផ្កា​រួមទាំង​បង្គោល​ស្លាក​ប៉ាណូ​បាក់​រៀប​ដល់​ដី​រង​ការខូចខាត ហើយ​រថយន្ត​បង្ក​ក៏បាន​ក្រឡាប់​ផ្ងារ​កង់​តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​នោះទេ​។​

    ក្រោយពេល​កើតហេតុ​តៃកុង​រថយន្ដ​បានគេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​នៅតែ​ព្រូ​ពីរ​នាក់​នៅ​កន្លែងកើតហេតុ ក្រោយមក​ទើប​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែង រួច​ធ្វើ​ចរាចរណ៍​ដល់​អ្នកដំណើ​តាម​ដងផ្លូវ​ចៀសវាង​ការកក់ស្ទះ និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ខាង​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ចុះមក​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕

adverise with khmeread