ឃាត់ខ្លួន​ជនសង្ស័យ​តាម​ដីកា​ករណី​គ្រឿងញៀន ដកហូត​អាវុធ​ AK១ ​ដើម​

    បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ស្រុក​បាណន់ ឃាត់ខ្លួន​តាម​ដីកា​តុលាការ ពីបទ​ជួញដូរ​គ្រឿងញៀន ជាមួយគ្នា​នោះ​ក៏​រឹបអូស​បាន​អាវុធ​អាកា​មួយ​ដើម​,​ គ្រាប់​មួយចំនួនធំ និង​ថ្នាំញៀន​មួយចំនួន​កាលពី​វេលា​ម៉ោង​១០​ និង​១៥​នាទី ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ នូវ សា​រ៉ា ហៅ គ្រឹ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់​។ អំឡុងពេល​ឃាត់ខ្លួន​ប៉ូលិស​បាន​រកឃើញ​ថ្នាំញៀន ម្សៅ​ក្រាម​ពណ៌​ស ចំនួន​១​កញ្ចប់ ថ្នាំ​គ្រាប់​ wy​ ពណ៌​ក្រហម​ចំនួន ៣​ គ្រាប់​។​

    ប៉ូលិស​បន្តទៀតថា ក្រោយ​ឃាត់ខ្លួន​បាន​នាំ​ជនសង្ស័យ​ទៅដល់​លំនៅដ្ឋាន​រកឃើញ អាវុធ AK ច្នៃ​ចំនួន ​១ ​ដើម និង​គ្រាប់​ចំនួន ៣៦ គ្រាប់ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១ កង់​ម៉ូតូ ចំនួន ៣ ស្លាកលេខ​ម៉ូតូ​ចំនួន​២ របាំង​ច្រវាក់​ចំនួន​១​សំរាប់ កាង​ម៉ូតូ​ចំនួន​១ អាវ​នគរបាល ​២​ ឈុត អាវយឺត​អាវុធហត្ថ ​១ និង​ខោ​ប៉ា​រ៉ា​ចំនួន ​១​។​

    ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវបាន​ប៉ូលិស​កសាង​សំណុំរឿង បញ្ជូនបន្ត​ទៅកាន់​ការិយាល័យ​ជំនាញ​ខេត្តបាត់ដំបង​ចាត់ការ​បន្ត៕

Unnamed %282%29
adverise with khmeread
Loading ad ...