ប៉ូលិស​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជនជាតិ​ចិន​មួយក្រុម​កំពុងតែ​យក​ស្ពាន់​ដើរ​លក់​ហើយ​បោក​ថា​ "​មាស​"

    ភ្នំពេញ ៖ មន្ដ្រីប៉ូលិស​រាជធានី​ភ្នំពេញ បានធ្វើការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន ព្រោះ​ពេលនេះ​មាន​ជនជាតិ​ចិន​មួយក្រុម មាន​គ្នា​ ៣ ​នាក់ កំពុងតែ​ដើរ​យក​​ស្ពាន់​ទៅ​លក់ ហើយ​ប្រាប់​ជា​មាស​ពិតប្រាកដ​។​

    បុរស​ជនជាតិ​ចិន​ទាំងអស់​នោះបាន យក​ដុំ​ស្ពាន់​បន្លំ​ថា​ជា​មាស​សុទ្ធ ដោយមាន​រូបរាង​ដូច មាស​ស្នូក និង​រូបសំណាក របស់​ប្រទេស​ចិន​។​

    យោងតាម​ពាក្យបណ្តឹង​ទៅកាន់​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧​របស់​ជនរងគ្រោះ​ឈ្មោះ ឈួន គី​ទូច និង​ឈ្មោះ គឹម សុខ​ចំរើន បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​៤ ​និង​១០​នាទី​រសៀល ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ មាន​បុរស​ជនជាតិ​ចិន​៣​នាក់ បាន​ទំនាក់ទំនង​មក​ជនរងគ្រោះ គឹម សុខ​ចំរើន ដែល​ចេះ​ភាសា​ចិន តាមរយៈ​ទូរស័ព្ទ​លេខ ០៨៦ ៦៥ ២២ ៥៨ ថា​មាន​មាស​យកមក​លក់​ឱ្យ​ចំនួន​២១​ដុំ​។​

    ក្រោយមក​បុរស​ជនជាតិ​ចិន​ទាំង​៣​នាក់​នោះ បាន​យក​មាស​សុទ្ធ​ ១ ​ដុំ មកឱ្យ​ជនរងគ្រោះ​ពិនិត្យ​សិន ហើយ​ជនរងគ្រោះ​បាន​យក​មាស​នោះ ទៅឱ្យ​ជាងមាស​ដុត ឃើញថា​ជា​មាស​សុទ្ធ​មែន​។​

    បន្ទាប់មក​បុរស​ជនជាតិ​ទាំង​៣​នាក់ ក៏​យក​មាស​២០​ដុំ​មក​បន្ថែមទៀត ដោយ​តម្លៃ​សរុប មាស ២១​ ដុំ​នោះ គឺ​ ១០.៧០០​ ដុល្លារ​។​

    លុះ​ទទួល​លុយ​ពី​ជនរងគ្រោះ​ភ្លាម ពួកគេ​បាន​ចាកចេញ​យ៉ាង​ប្រញាប់​ដោយ​សន្យាថា នឹង​យក​ដុំ​មាស​មក​លក់​ឱ្យ​ទៀត​។​ ប៉ុន្តែ​ក្រោយពី​បុរស​ចិន​ចេញទៅ​បាត់ ជនរងគ្រោះ​បាន​យក​មាស​ទៅឱ្យ​ជាងមាស​ដុត​មើល​ទើប​ដឹងថា "​ជា​ស្ពាន់​" ដោយ​ក្រុម​បុរស​ជនជាតិ​ទាំង​៣​នាក់​នោះ មានគំនិត​ទុច្ចរិត ប្រើ​ល្បិចកល​បន្លំ បោកប្រាស់​។​

    ហេតុដូច្នេះ ប៉ូលិស​បាន​សូម​បងប្អូន​ប្រុងប្រយ័ត្ន​កុំឱ្យ​ជន​ទាំងនោះ​បោកប្រាស់ ហើយ​ប្រសិន​ប្រជាពលរដ្ឋ​ឃើញ​ជនជាតិ​ចិន​ទាំង​៣​នាក់​ដូច​រូបថត សូម​ទាក់ទង​លេខ​ទូរស័ព្ទ​ ០១០ ៥៨៨ ៤៨៩ និង​០៩៧ ៧៦១ ៦២៩ ៨៕

Untitled 1
adverise with khmeread
Loading ad ...