ភ្នំពេញ : យោងតាមហ្វេសប៊ុកផេករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានបង្ហោះនៅថ្ងៃទី ២២ ខែមករាឆ្នាំ២០១៦នេះថាលោកនឹងយល់ព្រមទទួលសំណើរបស់យុវសិស្សម្នាក់ឈ្មោះ Darapiseth Sokha ក្នុងការបញ្ចុះតម្លៃការប្រលងចេញថ្នាក់ជាតិសម្រាប់វិស័យសុខាភិបាលពីចំនួន ហាសិបម៉ឺនរៀល (៥០០.០០០រៀល) មកត្រឹមដប់ម៉ឺនរៀល (១០០ ០០០រៀល)។
លោកហ៊ុន សែនបានសរសេរថា "នៅថ្ងៃនេះ ក្រោយពីបានទទួលសំណើរបស់យុវសិស្ស Darapiseth Sokha ដែលបានផ្ញើមកខ្ញុំតាម Facebook សុំការបញ្ចុះតម្លៃសម្រាប់ការប្រឡងចេញថ្នាក់ជាតិសម្រាប់វិស័យសុខាភិបាល ដែលត្រូវបង់ថវិកា ៥០០,០០០ រៀល គឺបានធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់អំពីស្ថានភាពសិក្សា និងស្ថានភាពរស់នៅរបស់និស្សិតយើង ដែលខ្ញុំត្រូវតែដោះស្រាយជាបន្ទាន់"។
លោកនាយករដ្ឋមន្ត្រីបានបន្តថា "ក្រោយពីខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលហើយនៅថ្ងៃនេះ គឺខ្ញុំបានសម្រេចបញ្ចុះតម្លៃជូននិស្សិត នៅត្រឹម ១០០.០០០ រៀល។ ខ្ញុំសង្ឃឹមថានិស្សិតចំនួន ១.៤៣៣ នាក់ នឹងបានធូរស្រាលមួយកម្រិតធំចំពោះការបញ្ចុះតម្លៃខាងលើនេះ ហើយនឹងបាននៅសល់ថវិកាមួយចំនួនសម្រាប់យកទៅដោះស្រាយលើជីវភាពរស់នៅ ឱ្យបានប្រសើរឡើង។ នេះជាការឆ្លើយតបជាបឋមទៅកាន់ក្មួយៗនិស្សិតដែលបានស្នើមកខ្ញុំ"។
លោកបន្តថា "ឯចម្លើយផ្លូវការនឹងត្រូវចេញដោយសេចក្តីជូនដំណឹងរបស់ទីស្តីការគណរដ្ឋមន្ត្រីដើម្បីស្ថាប័នមានសមត្ថកិច្ចយកទៅអនុវត្តន៍។ ខ្ញុំសូមកោតសសើរ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបានយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ក្មួយៗនិស្សិតតាមរយៈចូលពិនិត្យមើលការលើកនូវមតិនានាក្នុង Facebook របស់ខ្ញុំ។ ខ្ញុំសូមជូនពរនិស្សិតខ្មែរទាំងក្នុង និងក្រៅ ប្រទេសជួបតែសំណាងល្អ និងមានអនាគតល្អគ្រប់ៗគ្នា”។
ការបញ្ចុះតម្លៃខាងលើនេះ បានធ្វើឱ្យនិស្សិតពេទ្យទាំងអស់បានចូលរូមត្រេកអរនិងអបអរសាទរ៕
