កណ្តាល ៖ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាលសហការជាមួយប៉ូលិសប៉ុស្តិ៍និរោធ បានឃាត់បុរសម្នាក់កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី ២២មករាឆ្នាំ២០១៦នៅចំណុចភូមិតាងៅកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ តាមដីការបស់សាលាដំបូងខេត្តកណ្ដាលពីបទលួចនៅតាខ្មៅ។
ប៉ូលិសព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា ប៉ូលិសខេត្តកណ្តាលសហការជាមួយប៉ូលិសប៉ុស្តិ៍និរោធ ខណ្ឌច្បារអំពៅ បានស្រាវជ្រាវសើុបអង្កេតចាប់ខ្លួនបុរសម្នាក់តាមដីកាលេខ៥៦១ចុះថ្ងៃទី១៣.១០.២០១៤ របស់លោក ផូង វណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលពីបទអំពើលួច ដែលបានប្រព្រឹត្តនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល កាលពីថ្ងៃទី២សីហា២០១៤។
ប៉ូលិសបន្តថា ជនជាប់ចោទឈ្មោះសួន ចន្ថា ភេទប្រុសអាយុ ២០ឆ្នាំ មុខរបរជាងសំណង់ បច្ចុប្បន្នស្នាក់នៅភូមិតាងៅកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ក្នុងករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ៕
