ចូលជេរគេម៉ោងបាយ ហើយថែមទាំងវាយគេនឹងខ្នងពូថៅចំក្បាលទៀត

    ភ្នំពេញ ៖ បុរស​ម្នាក់ បាន​ប្រើ​ហិង្សា​ដោយ​ចេតនា វាយ​ក្បាល​មួយ​ខ្នងពូថៅ​លើ​បុរស​ម្នាក់​របួសធ្ងន់ ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​ និង​៣០​នាទី យប់​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​អណ្ដូង​០៣ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​​។ មាន​ករណី​ហិង្សា​ដោយ​ចេតនា​វាយ​ក្បាល​មួយ​ខ្នងពូថៅ​បង្កឡើង​ដោយ​ជនល្មើស​ម្នាក់ ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ​ពូថៅ ម​ធ្យោ​យ​ថ្មើ​ជើង​។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ សាន់ ជា​ថេ​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូ​រ៉ឺម៉ក់​កង់​បី ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​អណ្ដូង​០៣ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ យ៉ាន រតនា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​អណ្ដូង​០៣ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រងរបួស​ក្បាល​ផ្នែក​ខាងស្ដាំ​ដេរ​ចំនួន​១៥​ថ្នេរ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ និង​ប្រពន្ធ​ខ្លួន​ឈ្មោះ សំ ស្រី​ពេជ្រ កំពុង​ហូបបាយ​នៅក្នុង​ផ្ទះ ដោយ​បិទទ្វារ បាន​ប្រហែល​កន្លះ​ម៉ោង​ស្រាប់តែ​ជនសង្ស័យ​បានមក​ធាក់​ទ្វារផ្ទះ​ជនរងគ្រោះ​ទាល់តែ​របើក ហើយ​ឈរ​ស្រែកជេរ​ប្រមាថ​លើ​ជនរងគ្រោះ​នៅ​ពាក្យ​ធ្ងន់ៗ ជនរងគ្រោះ​ក៏​មិនបាន​តបត​អ្វី​ដែរ​។​

    ពេលដែល​ជនរងគ្រោះ​ហូបបាយ​រួចហើយ ជនរងគ្រោះ​បាន​នាំ​កូនៗ​ចេញមកក្រៅ​ផ្ទះ រួច​សួរ​ទៅ​ជន​សង្ស័យថា "​បង​ឯង​ជេរ​អ្នកណា បានជា​ធាក់​ទ្វារផ្ទះ​ខ្ញុំ​"។ ​ជនសង្ស័យ​ឆ្លើយថា "​ជេរ​ឯង​នឹង ជេរ​អ្នកណា​ទៀត​"។​

    បន្ទាប់មក​ជនរងគ្រោះ​តប​ថា "​ចាំ​បន្ដិច​ទៅប្រាប់​គេ​សិន​"។ ​ជនរងគ្រោះ​ក៏​ដឹក​ដៃ​កូន​ដើរទៅ​ទិសខាងកើត​។ ស្រាប់តែ​ជនសង្ស័យ​បាន​ចូល​ទៅយក​ពូថៅ​ពីក្នុងផ្ទះ​ខ្លួន ស្ទុះ​មក​វាយ​ក្បាល​ជនរងគ្រោះ​មួយ​ខ្នងពូថៅ​ចំ​លើ ត្រចៀក​ផ្នែក​ខាងស្ដាំ បណ្ដាលឱ្យ​ហូរឈាម​ជោក​ខ្លួន​តែម្ដង​។​

    យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ស្ដាប់​ការបំភ្លឺ ចម្លើយសារភាព​របស់​ឈ្មោះ សាន់ ជា​ថេ​ង ករណី​ខាងលើ​ជា​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​យក​ពូថៅ​វាយ​ក្បាល​ឱ្យ​របួស ពិតប្រាកដ​មែន​។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕​

adverise with khmeread