មេជាង​រៀប​ការ៉ូ​ធ្លាក់​ពីលើ​អាគារ Easton International Apartment ស្លាប់​ទាំង​ព្រឹក​

    ភ្នំពេញ ៖ មាន​ករណី​មេការ​ខាង​រៀប​ការ៉ូ​ម្នាក់​បាន​ធ្លាក់​ពីលើ​អាគារ​កម្ពស់​២២​ជាន់ មក​ទើរ​លើដំបូល​ផ្ទះ​ក្បែរ​កន្លែងកើតហេតុ ហើយ​បន្ត​ប្រកាច់​ធ្លាក់​ចុះមក​ដី ត្រូវបាន​កូនជាង​រប​ស់​ខ្លួន​ដឹក​តាម​រ៉ឺម៉ក់​កង់​បី​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បន្ទាប់មក​ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្តង។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ ​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ ត្រង់​អាគារ Easton International Apartment កំពុង​សាងសង់ ដែលមាន​លេខ​២៣ ភូមិ​២ ផ្លូវ​៥១ កែង​និង ផ្លូវ​២១៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។​

    ម្តាយមីង​ជនរងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ជនរងគ្រោះ​ឈ្មោះ ធន់ ចាន់​ធឿន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានមុខ​របរ​ជាង​មេ​ជា​ការ៉ូ មាន​ស្រុកកំណើត​នៅ​ភូមិ​អូរ ឃុំ​កាត់​ភ្លុក ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ។​

    ប្រភពព័ត៌មាន​ពី​កូនជាង​ម្នាក់​ឈ្មោះ លឹម សុផាន់​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កូនជាង​ការ៉ូ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ បានឱ្យដឹងថា ជនរងគ្រោះ​ខាងលើ​ទើបតែ​មក​ធ្វើការ​សំណង់​នៅ​ការដ្ឋាន​សំណង់​អាគារ Easton International Apartment បានតែ​២​ថ្ងៃ​ទេ ហើយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​១៣ ខែមករា ឆ្នាំ​២០១៧ បន្ទាប់ពី​ងូតទឹក​ហូបបាយ​និង​ឡើង​ដេក​ជាមួយ​ខ្លួន​ធម្មតា​ទេ។​

    ស្រាប់តែ​ព្រឹក​ឡើង​នៅ​ថ្ងៃកើតហេតុ ពេល​ភ្ញាក់ឡើង​មិនឃើញ​ជនរងគ្រោះ​ក្រោក​តាំងពី​ពេលណា និង មាន​សំឡេង​អ៊ូអរ​បង្ក​ការភ្ញាក់ផ្អើល​ទើប​ចុះទៅ​មើល​បានដឹងថា​ជា​មេជាង​ហើយ​ជា​ជនរងគ្រោះ​ខាងលើ​ក៏បាន​ហៅ​រ៉ឺម៉ក​កង់​បី​ដឹក​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ ​តែ​ត្រូវបាន​ស្លាប់បាត់​ទៅហើយ​ដោយមាន​ស្នាម​ជាំ​ត្រង់​ទ្រូង។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃកើតហេតុ ស្រាប់​តែមាន​មនុស្ស​ធ្លាក់​ឬក៏​លោត​ពី​ជាន់​ខាងលើ  មាន​អ្នកខ្លះ​ថា​សង្ស័យ​ជាន់​ទី​២ ខ្លះ​ថា​ជាន់​ទី​៥ ហើយ​ធ្លា​ក់មក​ទើរ​លើដំបូល​ផ្ទះ​នៅ​ខាងត្បូង​ប្រកាច់​មួយសន្ទុះ​ក៏​ធ្លាក់​មកលើ​ដី​តែម្តងទៅ ។​

    តាម​សំដី​មេការ​ការដ្ឋាន​សំណង់​អាគារ Easton International Apartment ឈ្មោះ ហាវ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ បានឱ្យ​ថា គាត់​បាន​ឡើងទៅ​ពិនិត្យឃើញ​សម្ភារៈ​របស់​ជនរងគ្រោះ​ខាងលើ ត្រូវបាន​គេ​រើកកាយ​យក​ទ្រព្យសម្បត្តិ ដូចជា ទូរស័ព្ទ កាបូប​លុយ និង សម្លៀកបំពាក់ តែ​មិន​បានដឹង​ជា​នរណា​ទេ។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច័យ​បាន​ពិនិត្យ​លើ​សាកសព​ជនរងគ្រោះ​ឃើញ​មាន​ស្នាម​ជាំ​នៅ​ទ្រូង​ដោយ​ផ​ត់​ចូល​ខាងក្នុង ដែល​ធ្លាក់​មកពី​លើ​ទើរ​លើដំបូល​ផ្ទះ​អាច​បាក់ឆ្អឹង​ជំនីរ​បណ្តា​ល​ឱ្យស្លាប់ តែ​នៅ​កមាន​ស្នាម​ខ្សែរឹត​ផងដែរ។​

    ចំណែកឯ​ការដ្ឋាន​សំណង់​អាគារ Easton International Apartment ត្រូវបាន​សមត្ថកិច្ច​ផ្អាក​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង សាកសួរ​ព័ត៌មាន​ពី​កន្លែងកើតហេតុ​ដើម្បីឱ្យ​ដឹងថា​ករណី​អ្វី​ឱ្យពិតប្រាកដ តើ​ជា​ករណី​ឃាតកម្ម​សម្លាប់​ប្លន់​យក​ទ្រព្យសម្បត្តិ ​ឬ​ករណី​មិន​ចង់​រស់​លោត​សម្លាប់​ខ្លួនឯង​?

Untitled 1
adverise with khmeread
Loading ad ...