​បណ្ឌិត​អក្សរសាស្ត្រ​ចិន​ដែល​ជួយ​ឱ្យ​ប្រជាជន​ចិន ៨៥ % ដែល​មិនចេះ​អាន ក្លាយជា​អ្នកចេះ​អក្សរ ទទួលមរណភាព​នៅ​អាយុ ១១១ ឆ្នាំ​

​    ​បណ្ឌិត​អក្សរសាស្ត្រ​ចិន​លោក ចូ​វ​យូវ​ក្វាង ដែលជា​អ្នក​បាន​បង្កើត​ប្រព័ន្ធ​សរសេរ​ដែល​ប្រែ​អក្សរ​ចិន​ទៅជា​ពាក្យ​ដោយ​ប្រើ​អក្សរ​រ៉ូ​ម៉ាំង បានទទួល​មរណភាព​នៅ​ជន្មាយុ ១១១ ឆ្នាំ​។​

​    ​លោ​កចូវ និង​គណបក្ស​កុម្មុយនីស្ត​ចិន​បាន​ចំណាយពេល​បី​ឆ្នាំ​ដើម្បី​បង្កើត​ប្រព័ន្ធ ភី​ន​អ៊ី​ន ក្នុង​ទសវត្សរ៍ ១៩៥០​។ ការបង្កើត​ដ៏​អស្ចារ្យ​នេះ​បាន​ប្រែ​ពី​របៀប​បង្រៀន​ភាសា​ចិន​និង​បាន​ជួយ​លើ​កម្ពស់​អត្រា​អ្នកចេះ​អក្សរ​។​

​    ​លោ​កចូវ​យូវ​ក្វាង ដែល​បានកើត​ក្នុង​ឆ្នាំ ១៩០៦ អំឡុង​រជ្ជកាល​ឈី​ង បាន​ក្លាយជា​អ្នក​រិះគន់​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន​ដ៏​ខ្លាំងក្លា​ម្នាក់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​ថា គាត់​បាន​ស្លាប់​នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​សៅរ៍​បន្ទាប់ពី​ពិធី​ខួបកំណើត​របស់គាត់​។​

​    ​កាលពី​នៅ​ក្មេង លោ​កចូវ​បាន​ចំណាយពេល​នៅ​សហរដ្ឋអាមេរិក​និង​ធ្វើការ​ជា​ធនាគារិក​នៅ Wall Street​។ គាត់​បាន​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​បន្ទាប់ពី​ជ័យជម្នះ​បក្ស​កុម្មុយនីស្ត​ក្នុង​ឆ្នាំ ១៩៤៩ និង​ត្រូវបាន​ដាក់បញ្ចូល​ជា​អ្នកទទួលបន្ទុក​ខាង​បង្កើត​ប្រព័ន្ធ​សរសេរ​ថ្មី​ដោយ​ប្រើ​អក្សរ​រ៉ូ​ម៉ាំង​។​

​    ​គាត់​បាន​ប្រាប់ BBC កាលពី​ឆ្នាំ ២០១២ ថា "​យើង​បាន​ចំណាយពេល​បី​ឆ្នាំ​ដើម្បី​អភិវឌ្ឍ​ភី​ន​អ៊ី​ន​។ មនុស្សម្នា​បាន​សើចចំអក​ឱ្យ​ពួកយើង ដោយ​និយាយថា យើង​បាន​ចំណាយពេល​ដ៏​យូរ​ដោយ​គ្រាន់តែ​បង្កើត​តួអក្សរ ២៦ តួ​"​។​

​    ​មុន​ការបង្កើត​ភី​ន​អ៊ី​ន ប្រជាជន​ចិន​ជាង ៨៥ ភាគរយ​មិនអាច​អាន​អក្សរ​ចិន​ឡើយ ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​សឹង​ទាំងអស់​អាច​អាន​អក្សរ​ចិន​បាន​។​

​    ​ចាប់តាំងពី​ពេលនោះ​មក ភី​ន​អ៊ី​ន​បាន​ក្លាយជា​ប្រព័ន្ធ​ដែល​ត្រូវបាន​ប្រើប្រាស់​ទូទាំង​សកលលោក​។ ទោះយ៉ាងណា សមាគមន៍​ចិន​មួយចំនួន​ដូចជា​នៅ​ទីក្រុង​ហុងកុង និង​កោះ​តៃវ៉ាន់​នៅតែ​បន្ត​ប្រើ​ប្រព័ន្ធ​បុរាណ​។​

​    ​ភី​ន​អ៊ី​ន​ក៏​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​វាយ​អក្សរ​ក្នុង​កុំព្យូទ័រ​និង​ទូរស័ព្ទដៃ ជាហេតុ​នាំឱ្យមាន​ការបា​រ​ម្ភ​ថា​ប្រព័ន្ធ​នេះ​អាច​ជំនួសតួអក្សរ​ចិន​ទាំងអស់​។​

​    ​កេរ្តិ៍ដំណែល​នេះ​បានការ​ពារ​លោ​កចូវ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ដែល​បានកើត​ឡើង​ក្រោម​ការដឹកនាំ​របស់លោក​ម៉ៅ​សេទុង​។ ទោះយ៉ាងណា​លោក​ត្រូវបាន​បញ្ជូន​ទៅកាន់​ជនបទ​សម្រាប់​ការអប់រំ​ឡើងវិញ​អំឡុង​បដិវត្តន៍វប្បធម៌​រប​ស់លោក​ម៉ៅ​សេទុង​។​

​    ​នៅ​ឆ្នាំ​បន្ទាប់ៗ​គាត់​បានក្លាយ​អ្នក​រិះគន់​អាជ្ញាធរ​ចិន និង​បាន​សរសេរ​សៀវភៅ​ជាច្រើន​ដែល​ភាគច្រើន​ត្រូវបាន​ហាមឃាត់​។​

​    ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ NPR ក្នុង​ឆ្នាំ ២០១១ គាត់​បាន​និយាយថា គាត់​សង្ឃឹមថានឹង​អាច​រស់​បានយូរ​ដើម្បី​ឃើញ​អាជ្ញាធរ​ចិន​ទទួលស្គាល់​ចំពោះ​ការសម្លាប់​រង្គាល​ទៅលើ​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​វិមាន​ធាន​អាន​ម៉េង​ក្នុង​ឆ្នាំ ១៩៨៩ គឺជា​កំហុស​។​

​    ​គាត់​បាន​និយាយថា មនុស្ស​បាន​អស់ជំនឿ​លើ​បក្ស​កុម្មុយនីស្ត និង​បញ្ញវន្ត​ភាគច្រើន​បាន​ងាក​ទៅរក​លទ្ធិប្រជាធិបតេយ្យ​៕

ប្រភព៖ បរទេស

adverise with khmeread