adverise with khmeread Image 8

អាវុធហត្ថ​រាជធានី​បំបែក​សំណុំ​រឿង​ប្លន់​សម្លាប់ និង​លួច​៤ក្រុម​បាន​៧នាក់

ភ្នំពេញ ៖ បន្ទាប់ពីមានករណីប្លន់សម្លាប់នៅចំណុចគល់ស្ពាន លីយ៉ុងផាត់ ត្រើយខាងកើតកាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥  បណ្តាលជនរងគ្រោះបាត់ខ្លួនរយៈពេល២ថ្ងៃទើបប្រទះឃើញសាកសពក្នុងប្រឡាយទឹក និង ករណីប្រើកាំបិត តាំងតោកាប់ប្លន់យកម៉ូតូក្នុងភូមិសាស្ត្រខណ្ឌដង្កោកាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែរនោះ ​អាវុធហត្ថរាជធានីភ្នំពេញបានបើកយុទ្ធនាការស្រាវជ្រាវជាបន្ទាន់រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រួមជាមួយចោរលួច ឆក់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ២ក្រុមផ្សេងទៀតសរុប៧នាក់។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៥ កម្លាំងអន្តរាគមន៍ និងកម្លាំងជំនាញមន្ទីរស្រាវជ្រាវយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វាបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកចំនួន៧នាក់ ពាក់ព័ន្ធនឹងករណីប្លន់សម្លាប់ កាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលជនរងគ្រោះ៤នាក់បានបើករថយន្តដឹកផ្លែឈើដល់ចំណុចគល់ស្ពាន លីយ៉ុងផាត់ ត្រើយខាងកើតក៏ឈប់រថយន្តចុះបត់ជើង ។

មន្ត្រីដដែលបន្តថា ពេលនោះក្រុមជនសង្ស័យមានគ្នា៧នាក់ដែលឈប់ចាំពួនស្ទាក់ប្លន់ដូចសព្វដងបានធ្វើសកម្មភាពប្រើដាវ កាំបិត ដុំថ្ម ភ្ជង់គំរាម និងដេញកាប់ជនរងគ្រោះប្លន់យកប្រាក់ ទូរស័ព្ទដៃទំនើប និងគ្រឿងអលង្ការមួយចំនួនរួចនាំគ្នាជិះម៉ូតូរត់ខ្លួនបាត់តែម្តង។ ក្នុងអំពើប្លន់នោះជនរងគ្រោះម្នាក់ក្នុងចំណោម ៤នាក់បានបាត់ខ្លួនរយៈពេល២ថ្ងៃទើបប្រទះឃើញសាកសពស្លាប់ក្នុងប្រឡាយទឺក។

មន្ត្រីអាវុធហត្ថបន្តថា រីឯករណីប្រើកាំបិតតាំងតោកាប់ប្លន់ម៉ូតូកាលពីថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចរបងផ្លូវចូលវត្តធូដុង្គ ចំការដូង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈដែលជនរងគ្រោះ២នាក់កំពុងអង្គុយជជែកគ្នាលេង ក៏ត្រូវអាវុធហត្ថខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនសង្ស័យ១នាក់ក្នុងចំណោម២នាក់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ជនសង្ស័យទាំងពីរក្រុមខាងលើនេះតែងតែប្រើដាវ  កាំបិត ដុំថ្ម ដេញកាប់ និងគប់នាក់ដំណើរប្លន់ជាច្រើនលើកច្រើនសារួចមកហើយ។

មន្ត្រីអាវុធបន្តថា ទន្ទឹមគ្នានោះនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៥ កម្លាំងល្បាតអាវុធហត្ថខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់នៅចំណុចផ្លូវ១០៨ កែងផ្លូវ៥១ សង្កាត់វត្តភ្នំ ពាក់ព័ន្ធនឹងបទល្មើសឆក់ទូរស័ព្ទដៃពីជនបរទេសនៅចំណុចផ្លូវ៥៣ កែងផ្លូវ១១៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ខណៈដែលជនបរទេសនោះកំពុងតែឈប់ម៉ូតូដើម្បីមើលGPS រកទីកន្លែងដែលត្រូវធ្វើដំណើរ។

នៅថ្ងៃដដែលអាវុធហត្ថខណ្ឌច្បារអំពៅបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ផ្សេងទៀតដែលជាចោរលួចយ៉ាងសកម្មនៅចំណុចភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ បន្ទាប់ពីក្រុមនេះបានលួចគាស់ផ្ទះប្រជាពល រដ្ឋកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥​ ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។រីឯបក្សពួកដែលនៅសេសសល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញកំពុងតែកំណត់អត្តសញ្ញាណតាម ចាប់ជាបន្តបន្ទាប់ថែមទៀត៕

adverise with khmeread

មតិយោបល់