Ip

កុំ​កុំ យក​ទាខ្វៃ​ប៉េកាំង​មក​ទាក់ចិត្ត ម៉ៃ ថៃ​សាន់​

    ​ភាពយន្ត “IP MAN 3” របស់​តារា​ក្បាច់គុន ដូន​នី យ៉េន (Donnie Yen) ហៅ​កុំ​កុំ ចាប់ផ្តើម​ចាក់​បញ្ចាំង​លើកដំបូង​ទីក្រុង​ឡូ​ស​អែន​ជើ​ឡេស​។ នៅពេលនេះ កុំ​កុំ បានបង្ហាញ​មុខជា​មួយ​ភរិយា​របស់លោក ហើយ​តាម​ព័ត៌មាន​ថា លោក​បាន​ខកខាន​មិនបាន​បង្ហាញមុខ​នៅលើ​ទឹកដី​អាមេរិក​មួយរយៈ​ធំ​។​

​    ​ការ​បង្ហាញមុខ​នៅពេលនេះ​បាន​ទាក់ទាញ​អ្នកគាំទ្រ​យ៉ាងច្រើន​។ អតីត​ជើងឯក​ប្រដាល់​ទម្ងន់​ធ្ងន់ ម៉ៃ ថៃ​សាន់ (Mike Tyson) តារាចម្រៀង​រែ​ប ស្ន៊ូ​ប ដក (Snoop Dogg) និង គ្រី​ស យ៉េន ជី​ឈី​ង (Chris Yen chi Ching) ប្អូនស្រី​របស់ កុំ​កុំ ក៏បាន​ចូលរួម​ផងដែរ​។​

​    ​សំបុត្រ​សម្រាប់​ការចាក់​បញ្ចាំង​លើកដំបូង​នេះ​លក់​អស់​គ្មាន​សល់​។ កុំ​កុំ​បាន​និយាយថា​មាន​មិត្តភក្តិ​ជាច្រើន​ចង់​ចូល​ទស្សនា ប៉ុន្តែ​សូម្បី​លោក​ក៏​មិនអាច​រក​សំបុត្រ​បាន​មួយ​សន្លឹក​ផង​។ ដោយ​ការគាំទ្រ​យ៉ាងច្រើន​ពី​ប្រិយមិត្ត​អាមេរិក​និង​ជោគជ័យ​ក្នុង​ការលក់​សំបុត្រ​នៅ​តំបន់​អាស៊ី​នោះ កុំ​កុំ បាន​និយាយ​ទាំង​ទឹកមុខ​រីករាយ​ថា “​ខ្ញុំ​ជឿជាក់ថា ភាពយន្ត​នេះ​អាច​បំបែក​ឯតទគ្គ​កម្ម​សម្រាប់​ចំណូល​បាន​ពី​ការលក់​សំបុត្រ​នៅ​ហុងកុង ដើម្បី​ក្លាយជា​ភាពយន្ត​ហុងកុង​ដែល​រកចំណូលបាន​ច្រើន​បំផុត​”​។​

​    ​បន្ទាប់ពី​បាន​ទស្សនា​រួច​អ្នកគាំទ្រ​ជាច្រើន​បាន​ចាក​ដោយមាន​ស្នាម​ទឹកភ្នែក ហើយ កុំ​កុំ និយាយថា “​ខ្ញុំ​មិន​នឹកស្មានថា ជនបរទេស​អាច​ទទួល​យក​អារម្មណ៍​ពី​ភាពយន្ត​នេះ​ទាំងស្រុង​។ ខ្ញុំ​រំភើប​មែនទែន​។ ភាពយន្ត​នេះ​មាន​ប្រជាប្រិយ​នៅ​អឺរ៉ុប​និង​អាមេរិក​”​។

​    ​មកដល់ពេលនេះ ចំណូល​បានមកពី​ការលក់​សំបុត្រ​របស់​រឿង “IP MAN 3” នៅ​ហុងកុង​គឺ​៥៥​លាន​ដុល្លារ​ហុងកុង ហើយ​សង្ឃឹមថា នឹង​បំបែក​ឯតទគ្គ​កម្ម​ចំណូល​ចាស់ ៦០​លាន​ដុល្លារ​ហុងកុង​។ កុំ​កុំ នឹង​បន្ត​ឃោសនា​ភាពយន្ត​ពីរ​បី​ថ្ងៃ​នៅ​អាមេរិក​។​

     ​រឿង “IP MAN 3” នឹង​ចាក់​បញ្ចាំង​នៅ​ចិនដីគោក​នៅ​ថ្ងៃទី​៤​ខែមីនា ហើយ​កុំ​ក៏បាន​អញ្ជើញ ថៃ​សាន់ មក​ឃោសនា​នៅ​ចិន​ជាមួយគ្នា​ផងដែរ​។ កុំ​កុំ ថែមទាំង​និយាយ​លេង​ថា លោក​នឹង​អញ្ជើញ ថៃ​សាន់ ឲ្យ​ភ្លក់​រស់ជាតិ​ទារ​ខ្វៃ​ប៉េកាំង​នៅ​ទីក្រុង​ប៉េកាំង ហើយ​លោក​សង្ឃឹមថា នឹង​ទាក់ទាញ ថៃ​សាន់ មក​ឃោសនា​ជាមួយគ្នា​នៅ​ចិន​។​

​    ​នៅពេល​សួរថា តើ​លោក​នឹង​ផលិត​រឿង “IP MAN 4” ឬ​យ៉ាងណា​នោះ កុំ​កុំ បាន​និយាយថា “​ដរាបណា ទស្សនិកជន​និង​អ្នកគាំទ្រ​ពេញចិត្ត​ភាគ​បន្តបន្ទាប់​របស់​រឿង IP MAN ។
​    ​ខ្ញុំ​គ្មាន​ហេតុផល​អ្វីដែល​មិន​បន្ត​នោះទេ​។ ទោះបីជា​យ៉ាងណា វា​អាស្រ័យ​លើ​អ្នកដឹកនាំ​រឿង ក្រុមហ៊ុន​និង​សាច់រឿង​ផងដែរ មុនពេល​ខ្ញុំ​អាច​បញ្ជាក់បាន​”៕

ប្រភព៖ AsianFanatics

មតិយោបល់