adverise with khmeread 1

ទៅដាក់មងនៅជ្រោះបាត់ស្នេហ៍បាត់៣ថ្ងៃទើបឃើញសពអណ្តែតទឹក

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ទៅ​ដាក់មង​យក​ត្រី​នៅក្នុង​"​ជ្រោះ​បាត់​ស្នេហ៍ " បាត់​ខ្លួន​៣​ថ្ងៃ ទើបនឹង​ឃើញ​សព​ហើម​អណ្តែត​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៣​មករា​នេះ ស្ថិតនៅ​ក្រុម​១៤ ភូមិ​-​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។​

    ស្ត្រី​ឈ្មោះ យ៉េត សុខ​នី អាយុ​២០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ ស្នាក់​នៅផ្ទះ​លេខ​៤១៧​ផ្លូវ​បេតុង ក្រុម​១៤​ភូមិ​-​សង្កាត់​ទួល​សង្កែ​បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ថា នៅវេលា​ម៉ោង​ប្រមាណ​៨​យប់ ថ្ងៃទី​២០​មករា​ឆ្នាំ​២០១៦​ប្តី​របស់​នាង​បាន​យក​មង​ទៅ​ដាក់​យក​ត្រី​នៅក្នុង​បឹង​ជ្រោះ​បាត់​ស្នេហ៍​។​ប្តី​របស់​នាង​តែងតែ​ទៅ​ដាក់មង​រាល់ថ្ងៃ​មិនដែល​ខាន​។​ប្តី​នាង​ឈ្មោះ​រិ​ន សុខា ហៅ​ខា​អាយុ​៣០​ឆ្នាំ​។​

    យ៉េត សុខ​នី​បន្តថា នៅពេល​បាត់​ប្តី​នាង​បាន​ដើររក​រាល់ថ្ងៃ​សួរ​គេ​សួរ​ឯង​តាំងពី​យប់​ថ្ងៃទី​២០-២១-២២​មករា​នៅតែ​មិនឃើញ​។​លុះ​នៅ​ព្រឹក​ថ្ងៃទី​២៣​មករា​វេលា​ម៉ោង​៧​ព្រឹក​នេះ លោក​ប្រធាន​ក្រុម​បានមក​សួរថា មាន​បាត់​សមាជិកគ្រួសារ​ឬទេ​? នាង​ឆ្លើយថា "​នាង​បាត់​ប្តី​៣​ថ្ងៃ​ហើយ​"​។​បន្ទាប់ពី​នាង​ទៅ​មើល​ដល់​ជ្រោះ​បាត់​ស្នេហ៍​គឺជា​សព​ប្តី​របស់​នាង​ពិតមែន​។​

    ប៉ូលិស​ជំនាញ​បានធ្វើ​កោសល្យ​ពិច័យ​រួច​បញ្ជាក់ថា ជនរងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក ហើយ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់