adverise with khmeread 3

ចោរ​ប្រដាប់អាវុធ​ប្លន់​យក​អស់​ជាង​១០​ម៉ឺន​បាត និង​គ្រឿងអលង្ការ​

     បន្ទាយមានជ័យ​៖ យោង​របាយការណ៍​ប៉ូលិស​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ពលរដ្ឋ​លក់​ចាប់​ហ៊ួ​យ​មួយកន្លែង​ក្នុង ភូមិ​ដំណាក់​ថ្មី ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ត្រូវបាន​ក្រុមចោរ​ប្រដាប់អាវុធ​មួយក្រុម មាន​គ្នា ៣​នាក់ កាន់​សុទ្ធតែ​កាំភ្លើង​អាកា​បានធ្វើ​សកម្មភាព​ចូល​ភ្ជង់​ប្លន់ និង​បាន ប្រើ​អំពើហិង្សា​ប្លន់​យកប្រាក់​និង​គ្រឿងអលង្ការ ពី​ម្ចាស់ផ្ទះ​ខាងលើ បានសម្រេច រួច​នាំគ្នា​រត់គេចខ្លួន​បាត់អស់​។​

     ផ្ទះ​ពលរដ្ឋ លក់​ចាប់​ហ៊ួ​យ​ស្ថិតនៅ​ភូមិ​ដំណាក់​ថ្មី ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបាន​ម្ចាស់ផ្ទះ​អះអាង​ឲ្យ​ដឹងថា ចោរ​យក​អស់​ជាង​១០​ម៉ឺន​បាត និង​គ្រឿងអលង្ការ​មួយចំនួនធំ​នៅ​។​

     របាយការណ៍​បន្តថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ម៉ក ផន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហី ហុយ អាយុ​៣៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​ចោរប្លន់​យក​អស់ ១-​កងដៃ​ប្លា​ក​ទីន ១០​កង តម្លៃ​១៦០០០​បាត​, ២-​ខ្សែដៃ​មាស ២​ខ្សែ ទម្ងន់​១​តម្លឹង​២​ជី តម្លៃ​៦០០០០​បាត​, ៣-​ចិញ្ចៀនមាស ១​វង់​ទម្ងន់ ២​ជី តម្លៃ​១០០០០​បាត​, ៤-​ផ្លាកដៃ​ផ្លាក​ទីន​១​ខ្សែ​តម្លៃ ១៥០០០​បាត​, ៥-​ប្រាក់​បាត ៧០០០​បាត​, ៦-​ប្រាក់​ខ្មែរ​៣​លាន​រៀល​និង​៧-​កាត​ទូរ​សព្ទ័​១០០​ដុល្លារ​។​

    រហូតមកទល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦​សមត្ថកិច្ច​អះអាងថា ក្តាប់បាន​មុខសញ្ញា​ទាំងនោះ​ហើយ ពេលនេះ​កំពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ក្រុមចោរ​ទាំងនោះ យកមក​ផ្ទ​ន្ទា​ទោស​តាមច្បាប់​។​

     គួររំលឹកថា ក្រុមចោរ​ប្រើ​កាំភ្លើង​ស្វ័យប្រវត្តិ​ធុន​AK-47 និង​ពូថៅ ចំនួន ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង បាន​ចូលទៅ​ប្លន់​ផ្ទះ​ផ្ទេរប្រាក់ Wing​ យីហោ ​ហេង រចនា ស្ថិតនៅ​កណ្តាល​ក្រុងប៉ៃលិន​ក្នុង​សង្កាត់​អូ​តា​វ៉ៅ កាលពី​វេលា​ម៉ោង ៤​កន្លះ​រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​កន្លងទៅ ដោយ​យក​អស់​លុយ​ប្រមាណ​១​ម៉ឺន​ដុល្លារ ហើយ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ក្រុមចោរ​វាយ និង​កាប់​ដោយ​ពូថៅ​របួសធ្ងន់​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​។​

     រហូតមកដល់​ថ្ងៃនេះ​ប៉ូលិស​ខេត្ត​ប៉ៃលិន កំពុងធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់​ក្រុមចោរ​ទាំងនេះ នៅឡើយ ៕​

adverise with khmeread

មតិយោបល់