adverise with khmeread 10 effective ways

ចង់​រៀន​ឆាប់​យល់​ត្រូវអនុវត្ត​តាម​វិធី​ទាំង ១០ នេះ

    ​សារៈសំខាន់​នៃ​ការរៀនសូត្រ​មិនអាច​មើលស្រាល​បានទេ​។ ការរៀនសូត្រ​ផ្តល់​អំណាច​ឲ្យ​យើង​ដើម្បី​បំពេញ​តាម​គំនិត​របស់​យើង និង​ធ្វើ​ឲ្យ​យើង​ដឹង​ពី​សក្តានុពល​ពេញលេញ​របស់​យើង​។ ល្បឿន​នៃ​ការទទួលបាន​ចំណេះដឹង​ថ្មី​ក៏មាន​សារៈសំខាន់​ដូច​ទំហំ​នៃ​ការរៀនសូត្រ​ដែរ​។ តើន​រណា​មិន​ចង់ចាំ​នូវ​ព័ត៌មាន​រាប់​តោន​ឲ្យ​បាន​លឿន​តាម​ដែល​អាចធ្វើ​បាន​នោះ​? ប្រសិនបើ​អ្នក​ចង់​ចាប់ផ្តើម​រៀន​ឆាប់​យល់ អ្នកត្រូវការ​វិធីសាស្ត្រ​ជាក់លាក់​មួយចំនួន​ទើប​អាច​រៀន​ឆាប់​យល់​។ វិធី​ទាំង ១០ ខាងក្រោម​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​រឿងនេះ​បាន​។

​    ​១- វិភាគ​ស្ទីល​រៀន​របស់​អ្នក​
​    ​មុនពេល​អ្នក​អាច​ចាប់ផ្តើម​សាកល្បង​នូវ​វិធីសាស្ត្រ​រៀន​សូត​ផ្សេងៗ​គ្នា អ្នក​ត្រូវតែ​ដឹងថា​ខ្លួនឯង​ជា​ប្រភេទ​អ្នករៀន​សូត្រ​បែបណា​។

​    ​- តើ​ការចងចាំ​របស់​អ្នក​ត្រូវបាន​ផ្សារភ្ជាប់​នឹង​សម្លេង​ដែរឬទេ​? តើ​អ្នក​អាច​ចងចាំ​នូវ​អ្វីដែល​អ្នក​កំពុង​អាន​នៅពេល​ចាក់​ចម្រៀង​ស្តាប់​មែន​ទេ​? ប្រសិនបើ​នេះ​ជា​ករណី​របស់​អ្នក អ្នក​ច្បាស់​ជា​ស្ថិតក្នុង​ប្រភេទ​អ្នករៀន​បែប​សោតវិញ្ញាណ (Auditory Learner)​។ ប្រសិនបើ​អ្នក​ចង់​ចាប់ផ្តើម​រៀន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព វា​ជាការ​ប្រសើរ​ណាស់​ដែល​ត្រូវ​ថត​សំឡេង​នៃ​ការបង្រៀន ហើយ​ចាក់​ស្តាប់​ជំនួស​ឲ្យ​ការអាន​សៀវភៅ​មេរៀន​។

​    ​- តើ​អ្នកភ្ជាប់​ព័ត៌មាន​ទៅនឹង​មាតិកា​ដែល​អាច​មើលឃើញ​? ប្រសិនបើ​ដូច្នេះ អ្នក​ច្បាស់​ជា​អ្នករៀន​បែប​ចក្ខុវិញ្ញាណ (Visual Learner) អ៊ីចឹង​អ្នក​គួរតែ​អនុវត្ត​ជា​រូបភាព ក្រាហ្វិក តារាង​ឆាត ស្លាយ​បញ្ចាំង​លើ​ជញ្ជាំង តារាងបញ្ជី​ដែលមាន​ពណ៌​ហាយ​ឡាយ ក្រដាស​សម្រាប់​កត់ចំណាំ​ស្អិតៗ​បិទ​ជញ្ជាំង និង​ប្រភេទ​នៃ​មាតិកា​មេរៀន​ដែល​អាច​មើលឃើញ​ជាច្រើន​ទៀត​នៅពេល​អ្នករៀន​។​

​    ​- ប្រសិនបើ​ស្ទីល​រៀន​របស់​អ្នក​មិនមែន​បែប​សោតវិញ្ញាណ ឬ​ចក្ខុវិញ្ញាណ​ទេ អ្នក​ប្រហែលជា​អ្នករៀន​បែប​រូបវន្ត (Physical Learner)​។ សិស្ស​មួយចំនួន​មាន​ថាមពល​ខ្លាំងណាស់​។ ពួកគេ​គោះ​ជើង ឬ​លេង​ជាមួយ​ប៊ិក​អំឡុង​ម៉ោង​រៀន​។ ការដើរ​មួយសន្ទុះ​មុន​ម៉ោង​រៀន​នឹង​ជួយ​ធ្វើ​ឲ្យ​ការភ័យខ្លាច​របស់​អ្នក​ស្ងប់​ចុះមក​វិញ​។ អ្នក​អាច​សាក​រៀន​ឬ​ស្តាប់​ការបង្រៀន​ជា​សម្លេង​អំឡុង​ការដើរ​ហាត់ប្រាណ​។ ធ្វើបែបនេះ​វា​នឹង​ជួយ​អ្នក​ឲ្យ​ចងចាំ​ព័ត៌មាន​កាន់តែ​ឆាប់រហ័ស​។

​    ​២- ប្រើ​ឧបករណ៍​បច្ចេកវិជ្ជា​ជំនួយ​ដល់​ការសិក្សា (EdTech)
​    ​បច្ចេកវិជ្ជា​មានអំណាច​ក្នុងការ​ធ្វើ​ឲ្យ​អ្វីៗ​មាន​ភាពងាយស្រួល​។ មាន​វេ​ប​សាយ ឧបករណ៍​តាម​អន​ឡាញ និង​កម្មវិធី​ស្មា​ត​ហ្វូ​ន​ឬ​ថេ​ប្លេ​ត​ច្រើនណាស់ ដែល​នឹង​ជួយ​បង្កើន​ជំនាញ​របស់​អ្នក​ក្នុងការ​រៀបចំ​ផែនការ ការសរសេរ ការគ្រប់គ្រង​ពេលវេលា ការ​រិះរក​គំនិត (Brainstorming)​។​ល​។

​    ​វិធី​មួយ​ក្នុងការ​ជំរុញ​ផលិតភាព​របស់​អ្នក​គឺ​ប្រើប្រាស់​ក្រដាស​សម្រាប់​កត់ចំណាំ (Flashcard)​។ អ្នក​អាចធ្វើ​ក្រដាស​កត់ចំណាំ​ផ្ទាល់ខ្លួន​បាន ប៉ុន្តែ​អ្នក​ក៏​អា​ចដោ​ន​ឡូត​កម្មវិធី​ដែល​គេ​ផលិត​ទុក​នៅលើ​អន​ឡាញ​ផងដែរ​។ កម្មវិធី StudyBlue គឺជា​គោលដៅ​ល្អ​ដាច់​គេ​លើ​អន​ឡាញ​នៅពេល​និយាយ​ដល់​ការបង្កើត និង​ការស្វែងរក Flashcard ពី​គ្រប់​ជំនាញ​នៃ​ការសិក្សា​។ ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ឧបករណ៍​មួយ ដែល​ធ្វើ​ឲ្យ​ដំណើរការ​នៃ​ការ​រិះរក​គំនិត​កាន់​តែមាន​ប្រសិទ្ធភាព អ្នក​គួរតែ​សាកល្បង​កម្មវិធី PapersGear​។ អ្នក​ក៏​ត្រូវការ​កម្មវិធី SelfControl ផងដែរ ដែល​វា​នឹង​ជួយ​លុបបំបាត់​រាល់​ការរំខាន​នៅពេលដែល​អ្នកត្រូវការ​ផ្តោតលើ​ការសិក្សា​។ Quizlet គឺជា​វេ​ប​សាយ​មួយទៀត ដែល​អ្នក​គួរតែ​កត់ចំណាំ (Bookmark) ទុក​។ វេ​ប​សាយ​នេះ​ផ្តល់នូវ​ឧបករណ៍​សិក្សា​ជាច្រើន ដែល​នឹង​ប្រែក្លាយ​ដំណើរការ​រៀនសូត្រ​រប​ស់​អ្នក​ទៅជា​សកម្ម​ភាពសប្បាយៗ​។ Notella គឺជា​កម្មវិធី​មួយ ដែល​នឹង​ជួយ​អ្នក​ឲ្យ​កត់​ចំណាំបាន​យ៉ាង​លឿន​នៅ​គ្រប់ពេល​ទាំងអស់​។ Brainscape គឺជា​កម្មវិធី​ជួយ​ដល់​ការសិក្សា ជាពិសេស​ធ្វើ​ឲ្យ​មុខវិជ្ជា​ស្មុ​គ្រ​ស្មាញ​មាន​ភាពងាយស្រួល​ដោយ​ផ្អែកលើ​វិទ្យាសាស្ត្រ​នៃ​ការវិនិច្ឆ័យ​។ ចុងក្រោយ អ្នក​គួរតែ​សាកល្បង​កម្មវិធី Dragon Dictation ជាពិសេស​ប្រសិនបើ​អ្នកជា​អ្នករៀន​បែប​សោតវិញ្ញាណ​។

​    ​៣- បង្វឹក​ខួរក្បាល​របស់​អ្នក​ឲ្យ​ចេះ​ទទួលយក​ព័ត៌មាន​ថ្មី​
​    ​ខួរក្បាល​មិនអាច​ស្ពឹក​បានទេ វា​ត្រូវ​ការទទួល​ព័ត៌មាន​ឥតឈប់ឈរ ទោះបីជា​អ្នក​សម្រាក ក៏​វា​នៅតែ​ធ្វើការ​ជានិច្ច​។ ក៏ប៉ុន្តែ​ដើម្បី​បង្វឹក​ខួរក្បាល​ឱ្យ​ចេះ​ទទួលបាន​ព័ត៌មាន​ថ្មី ចាំបាច់​បរិយាកាស​ជុំវិញ​ត្រូវមាន​ភាពស្ងប់ស្ងាត់​ល្អ​។ វិធី​មួយ​ដើម្បី​សម្រេចបាន​គោលដៅ​នេះ​គឺ​ត្រូវបង្កើត​ទីកន្លែង​រៀន​លក្ខណៈ​ឯកជន​មួយ​នៅក្នុង​ផ្ទះ​របស់​អ្នក​។​

​    ​៤- ធ្វើ​លំ​ហាត់ប្រាណ​
​    ​អ្នក​ច្បាស់​ជា​ដឹង​ហើយ​ថា​ចលនា​រាងកាយ​គឺ​ល្អ​សម្រាប់​ខ្លួនប្រាណ​ប៉ុន្តែ​ខួរក្បាល​របស់​អ្នក​ក៏ត្រូវ​ការ​លំ​ហាត់ប្រាណ​ដែរ​! ការធ្វើ​លំ​ហាត់ប្រាណ​ស្រាលៗ ដូចជា យ៉ូ​ហ្គា (Yoga) នឹង​ជួយ​អ្នក​ឲ្យ​រៀន​កាន់តែ​ឆាប់​ចាប់បាន​។ បើកាលណា​រាងកាយ​ស្ពឹក​ស្រពន់ ខួរក្បាល​របស់​អ្នក​ក៏​ស្ពឹក​ស្រពន់​តាម​នោះដែរ​។

​    ​៥- រៀន​ផ្អែក​តាម​បរិយាកាស​ជុំវិញខ្លួន​
​    ​ប្រសិនបើ​មិត្ត​រួម​បន្ទប់​របស់​អ្នក​បបួល​មិត្តភក្តិ​ផឹកស៊ី​ឥត​លោះ​ថ្ងៃ អ្នក​ច្បាស់​ជា​មិនអាច​រៀន​ចូល​នោះទេ មិន​ថា​អ្នក​ខំប្រឹង​យ៉ាងណាក៏ដោយ​។ សិស្ស​ដែល​ចង់​រៀន​ឆាប់​យល់​ត្រូវការ​បរិយាកាស​ដែល​ស្ងប់ស្ងាត់ និង​គ្មាន​ការរំខាន​។ កន្លែង​ដែល​ស្ងប់ស្ងាត់​នឹង​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ចង់​រៀន​មួយ​រំពេច​នៅពេលណា​ដែល​អ្នក​បាន​ស្ថិតនៅ​កន្លែង​បែប​នោះ​។

​    ​៦- រៀន​កត់ចំណាំ​ឲ្យ​បាន​ច្រើន​
​    ​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ​មាន​សមត្ថភាព​ចងចាំ​ព័ត៌មាន​ខណៈដែល​ពួកគេ​អាន​វា​។ ប្រសិនបើ​អ្នក​មិនមែន​ស្ថិតក្នុង​ប្រភេទ​អ្នករៀន​ដែលមាន​បុព្វសិទ្ធិ​បែបនេះ​ទេ អ្នក​ត្រូវតែ​ចាប់ផ្តើម​ធ្វើការ​កត់ចំណាំ​ជាដាច់ខាត បើ​មិន​ដូច្នោះ​ទេវា​នឹង​ភ្លេច​ទៅវិញ​យ៉ាង​ឆាប់រហ័ស​។​

​    ​៧- បង្កើត​ផែនទី​រំឭក​ក្នុង​ចិត្ត (Mind Map)
​    ​ផែនទី​រំឭក​ក្នុង​ចិត្ត​គឺ​ស្ថិត​ក្នុងចំណោម​ឧបករណ៍​ល្អ​បំផុត​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​រៀនសូត្រ​។ ខួរក្បាល​របស់​អ្នក​នឹងធ្វើ​ដំណើរការ​ព័ត៌មាន​យ៉ាង​មាន​ប្រសិទ្ធភាព​ប្រសិនបើ​អ្នកបង្កើត​នូវ​វត្ថុ​ឬ​រូបភាព​តំណាង​អ្វីៗ​ដែល​អ្នក​បម្រុង​នឹង​រៀន​។ អ្នក​អាចបង្កើត​ផែនទី​រំឭក​ក្នុង​ចិត្ត​ដ៏​ល្អ​មួយ​តាមរបៀប​កាល​រៀន​នៅ​សាលា ពោលគឺ​ត្រូវយក​ក្រដាស​មួយ​ផ្ទាំង​ធំ រួច​រៀបចំ​ព័ត៌មាន​ទាំងអស់​ឲ្យ​មាន​របៀប អម​ជាមួយនឹង​ការពន្យល់​។ ប្រើប្រាស់​រូបភាព កាត​កត់សម្គាល់ និង​និមិត្តសញ្ញា​ផ្សេងទៀត ដែល​អ្នករក​នឹកឃើញ​។ ដាក់​ព័ត៌មាន​ស្រដៀង​គ្នា​នៅ​ម្តុំ ហើយ​ភ្ជាប់​ពួកវា​ជាមួយនឹង​ប៊ិក​ពណ៌​។ ជាការ​ពិត អ្នក​អាច​ប្រើ​ឧបករណ៍​ផែនទី​រំឭក​ក្នុង​ចិត្ត​តាម​អន​ឡាញ​បាន​ផងដែរ ប្រសិនបើ​អ្នក​ចង់​សន្សំ​ពេលវេលា​ឲ្យ​ខ្លួនឯង​។

​    ​៨- សាកល្បង​ជាមួយនឹង​វិធីសាស្ត្រ​ទន្ទិញ
​    ​ការ​ទន្ទិញ​ជារឿយៗ​ត្រូវបាន​ប្រើ​ខុស​ក្នុង​ដំណើរការ​សិក្សា​។ សិស្ស​ខ្លះ​ទន្ទិញ​ប្រយោគ កថាខណ្ឌ និង​មេរៀន​ទាំងមូលៗ​ដោយ​មិនបាន​ក្តោប​យកគំនិត​សំខាន់​ទេ​។ ទោះយ៉ាងណា ការ​ទន្ទិញ​ក៏​អាចមាន​ប្រយោជន៍​ផងដែរ នៅពេលដែល​អ្នក​ចង់​រៀន​ពី​និយមន័យ និង​មាតិកា​ផ្សេងៗ​ឲ្យ​បាន​លឿន​។ កុំ​បោះចោល​បច្ចេកទេស​នេះ​ឲ្យ​សោះ ប្រសិនបើ​អ្នក​ចង់​បំពេញ​ឲ្យ​ខួរក្បាល​របស់​អ្នក​ជាមួយនឹង​ព័ត៌មាន​ដោយ​មិនចាំបាច់​ខ្ជះខ្ជាយ​ពេលវេលា​។

​    ​៩- ស្វែងរក​បរិបទ​ឲ្យ​ត្រូវ​
​    ​ការ​ទន្ទិញ​មាន​ប្រសិទ្ធភាព​តែ​ពេលដែល​បន្ទាន់​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នក​ចង់​រៀន​តាមរបៀប​មាន​ប្រសិទ្ធភាព​បំផុត អ្នក​ត្រូវតែមាន​បរិបទ​សម្រាប់​ព័ត៌មាន​។ ស្វែងរក​បរិបទ​មួយ ដែល​អ្នក​ចាប់អារម្មណ៍​, ព្យាយាម​ស្រាវជ្រាវ​រក​ព័ត៌មាន​ដែល​ពាក់ព័ន្ធ ហើយ​ពេលនោះ​អ្នកនឹង​រកឃើញ​ភាព​រីករាយ​ក្នុង​ការរៀន​។ ជាមួយនឹង​ពេលវេលា​ដែលមាន ការអនុវត្ត​បែបនេះ​នឹងធ្វើ​ឲ្យ​អ្នក​ក្លាយជា​អ្នករៀន​ដែល​ឆាប់​ចាប់បាន​បំផុត​។  

​    ​១០- រៀន​រៀងរាល់ថ្ងៃ​
​    ​អ្នក​ត្រូវតែ​ចាប់យក​ទម្លាប់​រៀន​រៀងរាល់ថ្ងៃ មិនត្រូវ​ទុកពេល​ទំនេរ​ចោល​ឥតប្រយោជន៍​នោះទេ​។ ត្រូវមាន​សៀវភៅ និង​ឧបករណ៍​សិក្សា​ដាក់​នៅ​ជុំវិញខ្លួន​ជានិច្ច​។ ពេល​អ្នកបង្កើត​ទម្លាប់​រៀនសូត្រ​រាល់ថ្ងៃ​បាន​ហើយ​នោះ ការប្រឡង​ក៏​លែង​ជា​ឧបសគ្គ​របស់​អ្នក​នោះដែរ​៕

adverise with khmeread
ប្រភព៖ ឡាយ​ហ៊ែ​ក

អ្នកនឹងចូលចិត្ត

មតិយោបល់