ទើប​ចេញពី​គុក​ព្រហើន​ណាស់​...​គាស់​ដំបូលផ្ទះ​វេរ​លុយ ​Wing ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ដែល​ទើប​ចេញពី​គុក​ព្រហើន​ណាស់​បានធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ​វេរ​លុយ ​Wing ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ កាលពី​ថ្ងែ​ទី​២៧​ មករា ​២០១៧ វេលា​ម៉ោង​៩​ និង​១០​នាទី​យប់ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ជួប សូ​ណា ស្ថិតក្នុង​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជួប សូ​ណា ​ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ជន​​ជាតិខ្មែរ មុខរបរ វេរ​លុយ វី​ង មាន​ទីលំនៅៗ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ​ចំណែក​ជនសង្ស័យ​ឈ្មោះ ទុយ បូរ៉ា ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ​មាន​ទីលំនៅៗ​ភូមិ ព្រៃទទឹង ឃុំ​ខ្ពប​ ស្រុក​ស្អាង​ខេត្តកណ្តាល ​របួសធ្ងន់​ដោយសារ​ប្រជាពលរដ្ឋ​វាយ​។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​បាន​បិទទ្វារ​ចាក់សោរ​ផ្ទះ រួច​ចេញទៅ​សែន​នៅផ្ទះ​ម្តាយបង្កើត​ក្នុង ​ឃុំ​ត្រើយ​ស្លា ហើយ​បាន​ត្រឡប់មកផ្ទះ​វិញ​ជួប​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​លួច​លុយ​ក្នុង​បន្ទប់​វី​ង ក្នុងផ្ទះ​របស់ខ្លួន​។​

    ភ្លាមនោះ​ជនរងគ្រោះ​និង​ប្រពន្ធ​ឈ្មោះ ហៀ​ង សុខា​រដ្ឋ បាន​ស្រែក​ឆោឡោឡើង​ថា ​"​ចោរ​ចូល​ផ្ទះ​របស់ខ្លួន"​។ ​ពេលនោះ​ប្រជាពលរដ្ឋ​បាន​ឡោមព័ទ្ធ​ផ្ទះ​ជនរងគ្រោះ ​និង​ចាប់បាន​ជនសង្ស័យ​នៅក្នុង​ផ្ទះ រួច​ក៏បាននាំគ្នា វាយ​ទៅលើ​ជនសង្ស័យ​ត្រូវចំ​ក្បាល​ជាច្រើន​កន្លែង​។​

    បន្ទាប់មក​ប្រជាពលរដ្ឋ​បាន​យក​ជនសង្ស័យ​ចេញពី​ក្នុងផ្ទះ​ជនរងគ្រោះ មក​ដាក់​នៅ​សំ​យ៉ាប ខាងមុខផ្ទះ​ជនរងគ្រោះ ពេលនោះ​មាន​ប្រជាពលរដ្ឋ​ប្រហែល​៥០​នាក់​បាន​វាយ​ទៅ លើ​ជនសង្ស័យ​បន្ថែមទៀត។​

    ក្រោយ​ទទួលបាន​ព័ត៌មាន​ខាងលើនេះ​ភ្លាម សមត្ថកិច្ច​ប៉ុស្តិ៍​បាន​អន្តរាគមន៍ ដល់​កន្លែងកើតហេតុ​បញ្ជូន​ជនសង្ស័យ​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​តា​លន់ និង​បាន​ពិនិត្យឃើញ​នៅ​កន្លែងកើតហេតុ​មាន​ស្នាម​គាស់​ដំបូល​ស័​ង្កសី​ និង​មាន​ស្នាម​គាស់​ពី​ដាន​បន្ទប់​វី​ង។ ​ជនរងគ្រោះ​បាន​អះអាងថា ពុំមាន​បាត់​ទ្រព្យសម្បត្តិ​ឡើយ​។​

    សូមបញ្ជាក់ថា ជនសង្ស័យ​ទើប​ដោះលែង​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល​នៅ​ថ្ងៃទី​២០​ ធ្នូ ​២០១៦ ពីបទ អំពើ​លួច កាលពី​ថ្ងៃទី​២០ ​ធ្នូ ​ឆ្នាំ​២០១៤៕​

adverise with khmeread