adverise with khmeread 1

លោក Mourinho ដាក់​លិខិត​កម្រាស់​៦​ទំព័រ​ដល់ Man Utd បកស្រាយ​មូលហេតុ​ដែល​លោក​ចង់​មក​ដឹកនាំ

​បើ​យោងតាម​សារព័ត៌មាន Independent ចុះផ្សាយ​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា លោក Mourinho បាន​សរសេរ​លិខិត​មួយ​ទៅកាន់​ក្រុម Man Utd ដើម្បី​ក្លាយជា​គ្រូបង្វឹក​បន្ទាប់​។​

​កាសែត​នេះ​បានសរសេរថា អតីត​គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea រូបនេះ បាន​ផ្ញើលិខិត​ដែលមាន​ចំនួន​ប្រាំមួយ​ទំព័រ ដែល​ព្រាង​រៀបរាប់​អំពី​មូលហេតុ​ដែល​គាត់​សក្តិសម​សម្រាប់​តួនាទី​នេះ ខណៈ​បច្ចុប្បន្ន Man Utd កំពុង​ដឹកនាំ​ដោយ​លោក Louis van Gaal​។​

​ក្រុម​បិសាច​ក្រហម Manchester United បាន​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​លើ​របាយការណ៍​ដែល​បាន​ទាក់ទង​នេះ​ទេ​។​

​លោក Mourinho បាន​ចាក​ចេញពី Chelsea កាលពី​ខែធ្នូ បន្ទាប់ពី​បានចាប់ផ្តើម​រដូវ​កាល​មិន​បានល្អ បើទោះជា​លោក​បាន​ដឹកនាំ​ក្រុម​លើក​ពាន Premier League កាលពី​រដូវ​កាល​មុន​ក៏ដោយ​។​

​បើ​យោងតាម​ការរាយការណ៍ លោក Mourinho បាន​ពន្យល់​នៅក្នុង​លិខិត​ពី​របៀប​ដែល​គាត់​នឹង​សម្រប​ខ្លួន​ទៅនឹង​វិធី​ដឹកនាំ​របស់គាត់ ដើម្បី​បំពេញតម្រូវការ​ពី​ការទាមទារ​នៅ​ទឹកដី Old Trafford និង​ពី​វិធី​ដែល​គាត់​នឹង​រុះរើ​ក្រុម​ទាំងមូល​ទៀតផង​។​

​ការពេញចិត្ត​របស់​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៥២ ឆ្នាំ​រូបនេះ​ចំពោះ Man Utd គឺ​ត្រូវ​បានដឹង​ជា​សា​ធាណៈ ហើយ​គាត់​ក៏​ធ្លាប់​ជាប់ទាក់ទង​នឹង​ការងារ​នេះ​ពីមុនមក​ដែរ ប៉ុន្តែ​បិសាច​ក្រហម​បែរជា​ជ្រើសរើស​លោក David Moyes ដើម្បី​ជំនួស​តំណែង​លោក Sir Alex Ferguson កាលពី​ឆ្នាំ ២០១៣ ទៅវិញ ហើយ​លោក Van Gaal ក៏​មក​ជំនួស​ការងារ​មួយឆ្នាំ​បន្ទាប់​។​

​ដោយបាន​ដឹកនាំ​ក្រុម​តោ​ខៀវ​ដល់​ទៅ​ពីរដង លោក Mourinho ក៏បាន​គ្រប់គ្រង​ក្រុម Porto, Inter Milan និង Real Madrid ពីមុន​ផងដែរ​។​

​បន្ទាប់ពី​ចាកចេញ​ពី​ក្លឹប​មុន​ថ្ងៃបុណ្យ​ណូអែល ជំនួយការ​គ្រូបង្វឹក​របស់​ក្រុម Chelsea លោក Steve Holland បាន​ទស្សន៍ទាយ​ថា​លោក Mourinho នឹង​ត្រឡប់មក​ពិភព​បាល់ទាត់​វិញ​នៅ​ក្រុម​លំដាប់​ខ្ពស់​។​

​គាត់​បាន​និយាយថា "​គាត់​ជាម​នុស្ស​ដែល​ត្រូវការ​និង​ចូលចិត្ត​បាល់ទាត់​។ វា​ច្បាស់​ជាមាន​ក្លឹប​ធំៗ​ដែល​ចង់បាន​រូបគាត់​។ នៅក្នុង​គំនិត​ខ្ញុំ គាត់​មិនមែនជា​មនុស្ស​ដែល​ចំណាយពេល​ប្រាំមួយ​ឬ​ប្រាំពីរ​ខែ​នៅផ្ទះ​ដោយ​មិន​ធ្វើ​អ្វីមួយ​ឲ្យ​ជាក់លាក់​នោះទេ​"​។​

​សម្ពាធ​កំពុងតែ​កើនឡើង​វិញ​ហើយ បន្ទាប់ពី​ក្រុម​របស់លោក Van Gaal ទទួលរង​បរាជ័យ ១-០ ក្រោម​ស្នាដៃ​ក្រុម Southampton កាលពី​ម្សិលមិញ ដែល​ធ្វើ​ឲ្យ​បិសាច​ក្រហម​មាន​គម្លាត​ដល់​ទៅ​ប្រាំ​ពិន្ទុ​ពី​ក្រុម​មាន់​ខ្នាយ​មាស Tottenham ដែល​បច្ចុបន្ន​កំពុងស្ថិត​នៅ​លំដាប់​លេខ​បួន​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់