ផ្តើម​ទំនាស់​ពី​រោទិ៍​ម៉ាស៊ីន​ម៉ូតូ​ខ្លាំងៗ​...​ចុងក្រោយ​លី​កាំបិត​ខ្វែវ​ដេញ​កាប់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប៉ុនប៉ង​ឃាតកម្ម​កាលពី​ថ្ងៃទី​២៨ ​មករា​ ២០១៧ វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​នៅ​ចំណុច​ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឃឹម គៀង ហៅ​អូន ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​ឃុំ​កើតហេតុ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ជា សុ​ធិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ មិន​ពិតប្រា​កដ នៅ​ភូមិ​ឃុំ​កើតហេតុ ​(​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក​កាំបិត​ខ្វែវ ០១។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ជិះ​ម៉ូតូ​រោទិ៍​ម៉ាស៊ីន​ខ្លាំង​ចុះឡើងៗ កាត់​មុខផ្ទះ​ជនរងគ្រោះ​ព្រមទាំង​រក​បុក​ជនរងគ្រោះ ទៀតផង​។​

    ពេលនោះ​ជនរងគ្រោះ​សួរថា​ "​ឯង​ជិះ​ម៉ូតូ​អីចឹង"។​ ជនសង្ស័យ​ឆ្លើយថា ​"​ជិះ​តែ​ម៉ូតូ​អញ​តើ​? ​ម៉េច​ឯង​ចង់​ខ្លាំង​អី អា​អូន"​។ ភ្លាមនោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ​១​ដៃ​ត្រូវចំ​ខ្នង​, ​បន្ទាប់មក​ឈ្មោះ ​ជា ចេក ​ត្រូវជា​ជីតា​របស់​ជនសង្ស័យ បាន​ចូលមក​ឃាត់​ហើយ នាំយក​ទៅផ្ទះ​។​

    បន្តិចក្រោយមក​ជនសង្ស័យ​យក​កាំបិត​ខ្វែវ​ពី​ផ្ទះ​ជីតា​របស់ខ្លួន​មក​ដេញ​កាប់​ជនរងគ្រោះ តែ​បាន​អ្នកជិតខាង​ជួយ​ឃាត់, ​ឯ​ជនរងគ្រោះ​រត់គេច​ចេញ​ពី​ជនសង្ស័យ​ហើយ​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​វិហារ​សួគ៌ ហើយ​កម្លាំង​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​បញ្ជូនមក​អធិការ​ដ្នា​ន​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕


adverise with khmeread