1

យប់​នេះ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​បន្តទៀត​ បន្ទាប់ពី​ឃាត់​អ្នកមាន​ជាតិ​អាកុល​លើស​កម្រិត​៨​នាក់​

     ភ្នំពេញ ៖ មន្ត្រីប៉ូលិស​ចរាចរណ៍​បាន​ឲ្យ​ដឹងថា  ចាប់ពី​ម៉ោង​យប់​ថ្ងៃទី​២៤​មករា នេះ​សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​សារធាតុ​ញៀន​បន្តទៀត​នៅ​ច្រើន​គោលដៅ​តាម​បណ្តា​ខណ្ឌ​នីមួយៗ បន្ទាប់ពី​បាន​ត្រួតពិនិត្យ​បែបនេះ​កាលពី​យប់​ថ្ងៃទី​២៣​មករា​ឃាត់​អ្នកមាន​ជាតិ​ស្រវឹង​៨​នាក់ ។​

    មន្ត្រីប៉ូលិស​ចរាចរណ៍​បន្តថា យោងតាម​ច្បាប់​កំណត់​អ្នក​ដែល​ផ្ទុក​សារធាតុ​ស្រវឹង​ចាប់ពី​០,៤០ មី​លី​លីត្រ ក្នុង​១​លីត្រ​ខ្យល់​ឡើងទៅ  ឬ​អាច​និយាយបានថា អ្នក​ពិសារ​ស្រា​ប៊ៀ​រ​ប្រមាណ​ចាប់ពី​៤​កំប៉ុង​សម្រាប់​ទឹក​ពណ៌​លឿង និង​៣​កំប៉ុង​សម្រាប់​ទឹក​ពណ៌​ខ្មៅ ឡើងទៅ​ត្រូវ​មានទោស​តែម្តង ។ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ​ដល់​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ថែម​ទៀតផង​។​

     មន្ត្រី​បន្តថា ជា​លទ្ធផល​បឋម​នៃ​ការចុះ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​៥ ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ​យប់​មិញ​នេះ អ្នក​ដែលមាន​កម្រិត​ជាតិ​អាកុល​ជាប់ទោស​លើសពី​០,៤០ មី​លី​លីត្រ ក្នុង​១​លីត្រ​ខ្យល់​(​តាមរយៈ​ម៉ា​ស៊ីន​វាស់​ជាតិ​អាល់កុល​)​ឡើងទៅ​មាន​ចំនួន​៨​នាក់ ក្នុងនោះ​មាន​រថយន្ត​៤​គ្រឿង និង​ម៉ូតូ​៤​គ្រឿង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មួយ​យប់​។​

     មន្ត្រី​ដដែល​បន្តទៀតថា មនុស្ស​ទាំង​៨​នាក់​មាន​អ្នកធានា​យកទៅ​ផ្ទះ​វិញ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៤​មករា​នេះ ក្នុងនោះ​អ្នកមាន​រថយន្ត​ត្រូវ​តម្កល់​លុយ​១​ពាន់​ដុល្លារ​និង​អ្នកមាន​ម៉ូតូ​ត្រូវ​តម្កល់​លុយ​៨០​ម៊ឺ​ន​រៀល ប៉ុន្តែ​សំណុំរឿង​នឹង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ចាត់ការ​ទៅតាម​ច្បាប់​ចរាចរណ៍​ដោយ​មិន​លើកលែង​ឡើយ​។​ប៉ូលិស​ក៏បាន​អំពាវ​ដល់​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ៕​

មតិយោបល់