adverise with khmeread Snatcher

ឆក់កាបូបមិនបានសម្រេចគេចខ្លួនមិនរួចជាប់ខ្នោះប៉ូលិស

   ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវប៉ូលិសព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ូលិសអន្តរាគមន៍ខណ្ឌដង្កោ និងប៉ុស្តិ៍ដង្កោ ចាប់វាយខ្នោះ នាំទៅកាន់អធិការដ្ឋាន ប៉ូលិសខណ្ឌដង្កោ ធ្វើការសាកសួរក្រោយពីឆក់កាបូប។
     ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង១០ និង៤៥នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៥ នៅ ចំណុចតាមបណ្តោយផ្លូវ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
     សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ សែម រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ និងទី២-ឈ្មោះ ភាន សុភ័ណ្ឌ ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ មធ្យោបាយ ម៉ូតូ ១គ្រឿង ម៉ាក ស្មាស់ រីវ៉ូ ពណ៍ខៀវ គ្មានស្លាកលេខ ។
    ចំណែកជនរងគ្រោះ នៅក្នុង ករណី នេះមិនស្គាល់អត្តសញ្ញាណនោះទេ ដោយសារជនសង្ស័យធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ទើបជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹង។
    សមត្ថកិច្ចបានប្រាប់ពីចម្លើយសារភាពពីជនសង្ស័យថា មុនពេលកើតហេតុ គឺ ជនសង្ស័យទាំង២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកស្មាស់ រីវ៉ូ ពណ៍ខៀវ គ្មានស្លាកលេខ ធ្វើដំណើរ ចេញពីភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តាមបណ្តោយផ្លូវ២១៧ ក្នុង ទិសដៅពីជើងទៅត្បូង ។
    ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនរងគ្រោះមានគ្នាពីរនាក់ (ប្រុស១នាក់ ស្រី១នាក់) ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដារសេ១២៥ ពណ៍ខ្មៅមិនចាំស្លាកលេខ ធ្វើ ដំណើរ តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូងដូចគ្នា ដោយ មនុស្សប្រុសជាអ្នកឌុបហើយមនុស្សស្រីអង្គុយនៅខាងក្រោយមានស្ពាយកាបូប ។
     ដោយឃើញបែបនេះ ជនសង្ស័យដែលអង្គុយខាងក្រោយឈ្មោះ សែម រតនៈ បានធ្វើសកម្មភាព ឆក់កាបូបពីជនរងគ្រោះតែមិនបានសម្រេចនោះទេ ប៉ុន្តែត្រូវបានជនរងគ្រោះស្រែកឆោឡោឡើងថា ចោរៗ បង្កការភ្ញាក់ផ្អើលដល់កម្លាំងប៉ូលិសព្រហ្មទណ្ឌខណ្ឌដង្កោបានសហការជាមួយ កម្លាំងប៉ូលិសអន្តរាគមន៍ខណ្ឌ រួម ជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍ដង្កោ ចេញជួយចេញ អន្តរាគមន៍ ស្ទាក់ចាប់ បាន ជនសង្ស័យទាំង២នាក់នៅផ្លូវ៣៧១ជិតដល់ស្ថានីបូបបទឹកស្អុយហើយក៏មានការអន្តរាគមន៍ពីប្រជាពលរដ្ឆឡើងបែកមុខមាត់រួយវាយខ្នោះនាំទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌដង្កោ ធ្វើការសួរនាំ ។
    បច្ចុប្បន្នជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់