3

ទាស់​ពាក្យសំដី​ដោយសារ​ស្រី​ឈានដល់​ការផ្ទុះអាវុធ​របួស​ទាំង​សងខាង​

    ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​ដែល​បាន​កើតឡើង បណ្តាល​ឲ្យ​បុរស​២​ក្រុម​ឈានដល់​ការផ្ទុះអាវុធ​ដាក់គ្នា​រហូតដល់​មាន​អ្នករងរបួស​ទាំងសងខាង​ដោយសារតែ ភាគី​ម្ខាង​បានទៅ​និយាយ​លេប​ខាយ​ដាក់​ស្រី​ស្នេហ៍​របស់​ភាគី​ម្ខាង​ទៀត ដែល​ហេតុការណ៍​នេះ​បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃទី ២៣ ខែមករា​ឆ្នាំ​២០១៦ ត្រង់ចំណុច​ផ្លូវ ១៥៤​កែងផ្លូវ ៤៩ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ ដូនពេញ ។​

    តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ បុរស​មួយក្រុម​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក TOYOTA TUNTRA ពណ៌​ស្ករ​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​022-9993 មក​ផឹកស៊ី​នៅ​ហាង​ចិញ្ចើមថ្នល់​ត្រង់ចំណុច​ផ្លូវ​១៥៤​កែង ៤៩ ។​

    ពេលដែល​កំពុក​តែ​ផឹកស៊ី​នោះ ស្រាប់​តែមាន​ស្ត្រី​ម្នាក់​ដើរចូល​មក​និយាយ​លេង​ជាមួយ​អ្នកលក់ ឃើញ​ដូច្នេះ​បុរស​ម្នាក់​ក្នុងចំណោម​បក្ខពួក​៣​នាក់​បាន​និយាយ​ផ្តោះ ផ្ត​ង​លេង​ជាមួយ​ស្ត្រី​នោះ គាប់​ជួន​សង្សារ​ស្ត្រី​រូបនោះ​ក៏​នៅក្បែរ​នោះដែរ​មាន ការ​អាក់អន់ចិត្ត ក៏​ហៅ​ស្ត្រី​នោះ​ឲ្យ​ទៅផ្ទះ​វិញ ។​

    នៅពេល​បុរស​ជា​សង្សារ​នោះ​ក៏​ដើរ​ទៅមុន ស្រាប់តែ​ភាគី ដែល​និយាយ​ញ៉ែ​សង្សារ​គេ​នោះបាន​ដើរ​តម្រង់​ទៅ​រថយន្ត របស់ខ្លួន​និង​បាន​ដក​កាំភ្លើងខ្លី​ហើយ​ដើរ​តាម ពីក្រោយ ។​
    ពេល​ដើរ​ទៅដល់​កាំជណ្តើរ​ឡើងផ្ទះ​ក៏ អា​ម៉េ​កាំភ្លើង​បម្រុង​បាញ់ ស្រាប់តែ​បុរស​ដែលជា​សង្សារ ស្ត្រី​រូបនោះ​ដឹងខ្លួន​មុន​ក៏​បាញ់​សំដៅ​ភាគី​ដែល​ញ៉ែ​សង្សារ​គេ​នោះបាន​មុន​បណ្តាល​ឲ្យរងរបួស​ដៃ ខាងឆ្វេង ។​បន្ទាប់មក​បុរស​ដែល​ញ៉ែ​សង្សារ​គេ​នោះ​ក៏បាន​បាញ់​មួយ​គ្រាប់​វិញ​ដែរ​ត្រូវចំ​ជើង​រងរបួស​ផងដែរ ។​

    សាក្សី​បន្ថែមទៀតថា បន្ទាប់ពី​បាញ់​ម្នាក់​មួយ​គ្រាប់​រងរបួស​ទាំងសងខាង​រួចមក ភាគី​ទាំងពីរ​ក៏បាន​រត់គេច ដោយ​ភាគី​ដែល​ញ៉ែ​សង្សារ​គេ​បាន​ឡើង​រថយន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យព្រះ​កេតុមាលា​។​ចំណែកឯ​ភាគី​ម្ខាង ទៀត​បាន​រត់ឡើង​លើផ្ទះ​បាត់​ទាំង​របួស​ជើង ។​

    ក្រោយពេល​កើតហេតុ​សម្ថ​កិច្ច​រួមមាន​អាវុធហត្ថ និង​ប៉ូលិស ក៏បាន​ទៅដល់​ភ្លាមៗ​ដែរ និង​បាន​រកឃើញ​សំបក​គ្រាប់​ចំនួន​២ យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣ ។​

    ចំណែក​ខាង​អាវុធហត្ថ​បាន​នាំ​កម្លាំង​ជាច្រើន​ដើម្បី​ស្វែង​រង​ខាង​ភាគី​ម្ខាង​ទៀត​ដែល​ត្រូវរបួស​ជើង តែ​តាមរក​មិនឃើញ​ទេ ដោយសារតែ​បុរស​រូប​នោះបាន​គេចខ្លួនបាត់​ទៅហើយ ។​

    គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​ក្រុម​អ្នកសារព័ត៌មាន​ទៅដល់​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣​ហើយ​សុំ​ថត​ផ្តិត​យក​រូប​សំបក​គ្រាប់​ដែល​រើស​បាន​នោះ បែរជា​ខាង​ប៉ូលិស​មិន​ព្រម​សហការ​ជាមួយ ហាក់ដូចជាមាន​ការបិទ​បាំង​រឿង​អ្វីមួយ​អីចឹង​៕​

មតិយោបល់