adverise with khmeread W460

បវរកញ្ញា​ចក្រវាល​ថ្មី​នឹង​យក​ឧប្បទ្ទវហេតុ​ថ្ងៃ​ប្រកាស​ច្រឡំ​ជ័យលាភី​មក​ជំរុញ​ការយល់ដឹង​អំពី​មេរោគ​អេដស៍​

​    ​បវរកញ្ញា​ចក្រវាល​ថ្មី ដែល​វិល​ត្រឡប់មក​ហ្វ៊ី​លី​ពី​ន​វិញ​បន្ទាប់ពី​កំហុសឆ្គង​ផ្សាយ​ខុស​បច្ចេកទេស​ទាក់ទង​អ្នក​គ្រង​មកុដ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា នាង​នឹង​ប្រើប្រាស់​ការចាប់អារម្មណ៍​អំពី​ឧប្បទ្ទវ​ហេតុនេះ​មក​ភ្ជាប់​នឹង​យុទ្ធនាការ​លើកកម្ពស់​កា​រ​យល់ដឹង​អំពី​មេរោគ​អេដស៍ ជាពិសេស​នៅក្នុង​ប្រទេស​របស់​នាង​។ 

​    ​នៅ​ចំពោះមុខ​ទស្សនិកជន​តាម​កញ្ចក់​ទូរទស្សន៍​ប្រមាណ ១ ពាន់​លាន​នាក់​ជុំវិញ​ពិភពលោក​កាលពី​ខែធ្នូ​កន្លងទៅ ពិធីករ​កម្មវិធី​ប្រកួត​បវរកញ្ញា លោក​ស្ទី​វ ហា​វី (Steve Harvey) បានប្រកាស​ច្រឡំ​បវរកញ្ញា​កូ​ឡុំ​ប៊ី​នាង អា​ឌ្រៀ​ដ​ណា ហ្គូ​ទា​រ៉េ​ស (Ariadna Gutierrez) ជា​បវរកញ្ញា​ចក្រវាល មុនពេល​កែតម្រូវ​ឡើងវិញ​នៅ​ប៉ុន្មាន​នាទី​ក្រោយ​។ 

​    ​មកុដ​ពេជ្រ​និង​ត្បូង​កណ្តៀង​ត្រូវបាន​ដកចេញ​ពី​ក្បាល​របស់​នាង​ហ្គូ​ទា​រ៉េ​ដែល​ស្រក់​ទឹកភ្នែក និង​រង​នូវ​ភាពអាម៉ាស​យ៉ាងខ្លាំង រួច​ផ្ទេរ​វា​ឱ្យទៅ​នាង ភី​យ៉ា អា​ឡុ​ន​សូ វួ​ត​បាច់ (Pia Alonzo Wurtzbach) របស់​ហ្វ៊ី​លី​ពី​ន​។ 

​    ​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​អំពី​ផែនការ​របស់ខ្លួន នាង​វួ​ត​បាច់​បាន​និយាយថា​នាង​នឹង "​ធ្វើតេស្ត​ជា​សាធារណៈ​" ដើម្បី​រក​វីរុស​ហ៊ី​វ (HIV) នៅពេល​នាង​វិលត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ ដែលជា​ទីកន្លែង​របស់​ស្ថាប័ន​បវរកញ្ញា​ចក្រវាល ដើម្បី​លុបបំបាត់​ការ​មាក់ងាយ​មកលើ​អ្នក​កើត​ជំងឺអេដស៍​។ 

​      វួ​ត​បាច់​អាយុ​២៦​ឆ្នាំ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា "​វា​ជា​ពេលដែល​មនុស្ស​ដូចជា​រូបខ្ញុំ​គួរតែ​ក្រោកឈរឡើង និង​សង្ឃឹមថា​អ្នក​ដទៃទៀត​នឹងធ្វើ​តាម​ខ្ញុំ​ផងដែរ​។ ខ្ញុំ​គិតថា​ក្នុងប្រទេស​ហ្វ៊ី​លី​ពី​ន មានការ​មាក់ងាយ​បន្តិច​ហើយ​ព្រោះ​យើង​គឺជា​ប្រទេស​អភិរក្សនិយម​"​។ 

​     កាលពី​ខែកញ្ញា​ឆ្នាំ ២០១៥ ហ្វ៊ី​លី​ពី​ន​បាន​រាយការណ៍​អំពី​ការកើនឡើង​ការឆ្លង​ហ៊ី​វ​ធៀប​នឹង​ឆ្នាំទៅ​ចំនួន​ដល់​ទៅ ២២%​។ បួន​ក្នុងចំណោម ១០ ករណី​ថ្មី​ត្រូវបាន​រាយការណ៍​នៅក្នុង​រដ្ឋធានី​ម៉ានីល​៕ 

 

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់