adverise with khmeread Isisindo 03

ម៉ាឡេស៊ី​ចាប់ខ្លួន​ជនសង្ស័យ ISIS ដែល​ប៉ុនប៉ង​វាយប្រហារ​ទីតាំង​សំខាន់​ក្នុងប្រទេស​នេះ​

​    ​មេ​ប៉ូលិស​លោក ខា​លី​ដ អា​ប៊ូ បា​កា (Khalid Abu Bakar) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជនសង្ស័យ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម (ISIS) ចំនួន ៧ នាក់ ដែលមាន​គម្រោង​វាយប្រហារ​លើ​ទីតាំង​យុទ្ធសាស្ត្រ​ក្នុងប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​ឃាត់ខ្លួន​ក្នុងការ​លប​ឆ្មក់​ជាច្រើន​កន្លែង​របស់​ប៉ូលិស​តាំងពី​ថ្ងៃ​សុក្រ​មក​។ 

​    ​មេ​ប៉ូលិស​រូបនេះ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជនសង្ស័យ​មួយរូប​ក្នុងចំណោម​៧​រូប​បានទទួល​បញ្ជា​ពី​ជន​សកម្មប្រយុទ្ធ​ឥណ្ឌូនេស៊ី លោក បា​រ៉ា​ន់ ណា​អ៊ី​ម (Bahrun Naim) ដែល​គេ​ជឿថា​ជា​មេ​ផ្សំគំនិត​វាយប្រហារ​ថ្ងៃទី ១៤ ខែមករា​ក្នុង​ទីក្រុង​ហ្សា​ការ​តា​។ លោក​បាន​បន្ថែមថា អ្នក​ផ្សេងទៀត​បានទទួល​បញ្ជា​ពី​ជន​សកម្មប្រយុទ្ធ​ល្បីឈ្មោះ លោក ម៉ូ​ហា​ម៉ាត់ វ៉ាន់ឌី ម៉ូ​ហា​ម៉េ​ត ជេ​ឌី (Wanndy Mohamed Jedi)​។ 

​    ​លោក​បន្តទៀតថា "​ជនសង្ស័យ​ទាំងអស់​បានរៀបចំ​គម្រោង​វាយប្រហារ​លើ​ទីតាំង​យុទ្ធសាស្ត្រ​ក្នុងប្រទេស​"​។ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ទីក្រុង​ចូ​ហ័​រ ទីក្រុង​ខេ​ដាស ទីក្រុង​ប៉ាហាំង ទីក្រុង​សេ​ឡាន់​ហ្គ័​រ និង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ដោយ​អង្គភាព​ប្រឆាំង​ភេរវកម្ម​ពិសេស​។​

​    ​ក្នុងចំណោម​វត្ថុតាង​រឹបអូស​បានរួម​មាន​គ្រាំ​កាំភ្លើង ៣០ គ្រាប់ សៀវភៅ​អំពី​ជី​ហាត (​សង្គ្រាម​សាសនា​អ៊ីស្លាម​) ទង់ ISIS និង​វីដេអូ​ឃោសនា​៕

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់