ខ្ចីម៉ូតូមិត្តភក្តិចេញ លួច ឆក់...​ឥត​ល្ហែ​...​ត្រូវបាន​ប៉េអឹម​វ៉ៃខ្នោះ​៣​នាក់​

    ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវបានអាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​នៅវេលា​ម៉ោ​ង​១០ ​និង​៣០​នាទី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៧​ នៅ​ចំណុច​មុខ​វត្ត​ព្រែកប្រា ផ្លូវ​៣៦៩ ភូមិ​អូរ​អ​ណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ដែល​ពាក់ព័ន្ធ​ករណី លួច​យក​ម៉ូតូ​តាំងពី​ថ្ងៃទី០១ ខែម​ករា ឆ្នាំ​២០១៧​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន ១.​ឈ្មោះ ឡេង ចាន់​ណេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​និស្សិត មាន​ទីលំនៅ​ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​, ២. ឈ្មោះ​ ម៉ា សា​ម៉េ​ត ភេទ​ប្រុស អាយុ៣៥​ឆ្នាំ មុខរបរ​កម្ម​ករលា​យ​សាប៊ូ មាន​ទីលំនៅ​ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​ និង​៣.​ឈ្មោះ ជី រ៉ា​ហ្វី​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា កាលពី​ថ្ងៃទី​០១ មករា ឆ្នាំ​២០១៧ ជនរងគ្រោះ ឈ្មោះ ព័រ ជាមួយ​ជនសង្ស័យ​ឈ្មោះ ឡេង ចាន់​ណេ​ត ជា​មិត្តភក្តិ បាន​ផឹកស៊ី​ជាមួយគ្នា នៅ​ភូមិ​កោះនរា សង្កាត់​និ​រោធ ខណ្ឌ​ច្បារអំពៅ។​

    ក្រោយមក​ឈ្មោះ ​ណេ​ត បាន​តេ​ហៅ​មិត្តភក្តិ​ផ្សេងទៀត មក​ផឹក​ជាមួយគ្នា ជា​បន្តបន្ទាប់ រ​ហូ​តដល់​ផឹកស៊ី​ចប់ ស្រាប់តែ​ម៉ូតូ​របស់​ជនរងគ្រោះ  ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០​១​៧ មិនទាន់មាន​ស្លាកលេខ ត្រូវបាន​ចោរលួច​យកទៅ​បាត់​។ ឈ្មោះ​ ណេ​ត ក៏បាន​ជូន​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ទៅ​ដាក់ ពាក់​បណ្តឹង​ដល់​សមត្ថកិច្ច​។​

    ក្រោយពេល​ទទួល​ពាក្យបណ្តឹង មក​សមត្ថកិច្ច​អាវុធហត្ថ​បាន ធ្វើការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​បាន និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ រហូតដល់​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​ល្បា​ត​របស់ អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ បាន​ប្រទះឃើញ​ជនសង្ស័យ នៅ​ចំណុច មុខ​វត្ត​ព្រែកប្រា ផ្លូវ​៣៦៩ ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន​បញ្ជូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​ដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ុយ​ស៊ុយ​គី​ឡែ​ត ពណ៌​ខ្មៅ មាន​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ 1CL-9971 សង្ស័យ​ជា​ម៉ូតូ​បានមកពី​អំពី​ចោរកម្ម​ផ្សេងទៀត​ផងដែរ។​

    សមត្ថកិច្ច​អាវុធហត្ថ​ធ្វើការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត ជនសង្ស័យ​ព្រម​សារភាពថា ពិតជា​បា​ន​​លួច​ម៉ូតូ​ជនរងគ្រោះ ពិតប្រាកដ​មែន ដែល​ក្រោយពេល​កាច់​លួចបាន ពួកគេ​យកទៅ​ផ្ញើ​នៅ​ក្នុង​ផ្សារ​បឹងត្របែក​២​ថ្ងៃ។ ​បន្ទាប់មក​ក៏​យក ម៉ូតូ​នោះ​ទៅ​បញ្ចាំ យកលុយ​ជក់​ថ្នាំ​និង​ស៊ីចា​យ​អស់​។​

    បន្ទាប់មក​អស់​លុយ​ចាយ ពួកគេ​បានរៀបចំ​គម្រោងការ ឆក់​ទ្រព្យសម្បត្តិ​តាមផ្លូវ ដោយបាន​ទៅ​ខ្ចី​ម៉ូតូ ​MSX របស់​មិត្តភក្តិ​ម្នាក់ទៀត មក​បញ្ចាំ​យកលុយ​ទៅ​លោះ​ម៉ូតូ​ដែល​ពួកគេ​លួចបាន ដើម្បី​ធ្វើ​សកម្មភាព ឆក់ ក្នុង​ទឹកដី​ខណ្ឌចំការមន។ ​ក្នុងនោះ​ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​ជាច្រើនលើក តែ​បានសម្រេច​ចំនួន​០៣​លើក គឺ​នៅ​លើក​ទី​១​ឆក់​នៅ​បឹង​កេងកង បាន​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​សិច​ផ្លើស​០១​គ្រឿង, លើក​ទី​២​ឆក់​នៅ​បឹងត្របែក បាន​អាយ​ផេ​ត​០១​គ្រឿង និង​លើក​ទី​៣ ឆក់​នៅ​ទួល​ទំពូង​បាន​ទូរស័ព្ទ​ម៉ាក សាំ​សុង​អា​ប្រាំបី​០១​គ្រឿង។​

    ពេលធ្វើ​សកម្មភាព​ឆក់ បាន​ប្រហែល​៥​ថ្ងៃ​រួចមក ពួកគេ​ក៏បាន​យក​ម៉ូតូ​ដែល​លួចបាន ទៅ​បញ្ចាំ​ម្តងទៀត ដើម្បី​យកលុយ​ទៅ​លោះ​ម៉ូតូ​ MSX ​ឱ្យ​មិត្តភក្តិ​វិញ​។ រីឯ​ម៉ូតូ​ម៉ាក​​ស៊ុយ​ស៊ុយ​គី​ឡែ​ត ដែល​សមត្ថកិច្ច​ដកហូត​បាន គឺជា​របស់​មិត្តភក្តិ​ផ្សេងទៀត​ឱ្យ​ខ្ចី​ជិះ​តែប៉ុណ្ណោះ​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ស្វែងរក​បក្ខពួក​បន្ត និង​កសា​ង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​ទៅ​តុលាការ​តាម​នីតិ​វិធី​ច្បាប់​៕

adverise with khmeread