កម្មករ​ស្នើឱ្យ​ម្ចាស់​សួន​វ៉ា​សេ​វេន​លក់​ម៉ាស៊ីនដេរ ដោះដូរ​នឹង​ប្រាក់ខែ​

    កំពង់ស្ពឺ ៖ កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ Pat Tern International ជិត​១​ពាន់​នាក់ នៅក្នុង​សួន​ឧស្សាហកម្ម វ៉ា​យ សេ​វេន បាន​សំណូមពរ​ដល់​តំណាង​ម្ចាស់​សួន​ឧស្សាហកម្ម វ៉ា​យ​សេ​វេន យល់ព្រម​ឱ្យ​តំណាង​ខាង​ភាគី​រោងចក្រ ធ្វើ​ការលក់​ម៉ាស៊ីនដេរ ខណៈដែល​ថៅកែ​រោងចក្រ​ក្ស័យធន​ខាងលើ​នោះ បានធ្វើ​កិច្ចសន្យា​យល់ព្រម​ឱ្យ​លក់ ដើម្បី​ជាការ​ដោះដូរ​នឹង​ប្រាក់ខែ​របស់​ពួកគាត់។​

    តំណាង​កម្មករ កម្មការិនី ដែល​បាននាំគ្នា​ចេញមក​តវ៉ា នៅក្នុង​មុខ​សួន​ឧស្សាហកម្ម វ៉ា​យ​សេ​វេន ស្ថិតក្នុង​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ក្នុងស្រុក​សំរោង​ទង់ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​៤ មករា ឆ្នាំ​២០១៧ នេះ​ថា ក្រោយពី​ថៅកែ​រោងចក្រ​កាត់ដេរ Pat Tern International ក្ស័យធន​អស់​រយៈពេល​ជិត​២​ខែ​កន្លងមកនេះ កម្មករ កម្មការិនី​ជិត​១​ពាន់​នាក់​នៅតែ​រង់ចាំ​បើក​ប្រាក់ខែ ខណៈដែល​ថៅកែ​ជនជាតិ​ចិន​រូបនោះ បានធ្វើ​កិច្ចសន្យា​យល់ព្រម​ជាមួយ​កញ្ញា សុខ ដែ​ត ដែលជា​អតីត​ប្រធាន​រដ្ឋបាល រោងចក្រ Pat Tern International តំណាងឱ្យ​កម្មករ កម្មការិនី​ទាំងអស់ យល់ព្រម​ក្នុង​ការលក់​សម្ភារៈ​រប​ស់រោង​ចក្រ មាន​ម៉ាស៊ីន​បោក​អ៊ុត និង​ម៉ាស៊ីនដេរ​ជាដើម ដើម្បី​យកប្រាក់​ដែល​លក់បាន​ទាំងនោះ យកមក​ដោះដូរ​នឹង​ប្រាក់ខែ ដែល បាន​ជំពាក់​ថ្លៃ​ឈ្នូ​ល​ក្នុង​រយៈពេល​ជិត​២​ខែ​កន្លងមក។​

    ការលក់​សម្ភារៈ​ដោះដូរ​នឹង​ប្រាក់ខែ​នេះ តំណាង​កម្មករ កម្មការិនី​ទាំងអស់ សំណូមពរ​ដល់​អ្នកគ្រ​ប់​គ្រង​សួន​ឧស្សាហកម្ម វ៉ា​យ​សេ​វេន ផ្តល់​លទ្ធភាព​ដើម្បី​នាំ​ម៉ាស៊ីន​ចេញ​បន្ទាប់ពី​តំណាង​រោងចក្រ​ទាំងអស់ បាន​ឯកភាពគ្នា នៅក្នុង​តម្លៃ​មួយ​សមរម្យ ជាមួយ​ឈ្មួញ​អ្នក​ដែល​មក​ទិញ។

    ពាក់ព័ន្ធ​បញ្ហា​នេះ លោក ហ៊ុន តំណាងឱ្យ​ម្ចាស់​សួន​ឧស្សាហកម្ម វ៉ា​យ​សេ​វេន បានឱ្យដឹងថា ការមិន​អនុញ្ញាតឱ្យ​នាំ ម៉ាស៊ីន​កាត់ដេរ​ចេញ គឺមាន​ករណី​ជាច្រើន​ដូចជា ថៅកែ​ក្រុមហ៊ុន​រូបនោះ​មិនទាន់បាន​បង់ថ្លៃ​ជួល​រោងចក្រ និង​ការបង់ ថ្លៃ​ទឹក​ភ្លើង​ជាដើម ទើប​ពួកគាត់​ហាមឃាត់​មិនឱ្យ​នាំ​ម៉ាស៊ីន​ចេញ។​

    តំណាង​ម្ចាស់​សួន​រូបនេះ​បន្តថា ដើម្បី​សមាមាត្រ​គ្នា ពួកគាត់​ចង់ឱ្យ​ភាគី​ខាង​រោងចក្រ​មក​ចរចារ​គ្នា​ជាមុនសិន ធ្វើយ៉ាងណា​លក់​សម្ភារៈ ទាំងអស់នេះ​ឱ្យបាន​ថ្លៃ​បន្តិច ដើម្បី​យក​ថវិកា​ទាំងនោះ មក​ធ្វើការ​ដោះដូរ​រវាង​ភាគី​ទាំងពីរ។​

    ចំណែក លោក អ៊ូ ភឿន អគ្គលេខាធិការ សហព័ន្ធ​សហជីព​សម្លេង​យុវជន​ខ្មែរ បានឱ្យ​ថា កាលដែល​ថៅកែ រោងចក្រ​ក្ស័យធន បាន​យល់ព្រម​លក់​ម៉ាស៊ីនដេរ​ឡាយឡុង ជាការ​ដោះដូរ​នឹង​ប្រាក់ខែ​នោះ មិនមែន​អ្នកគ្រប់គ្រង​សួន មិន​បានដឹង​នោះឡើយ ។​អស់​រយៈពេល​ជិត​២​ខែ​មកនេះ ភាគី​ខាង​សួន​ឧស្សាហកម្ម​មិនដែល​មក​ចរចា​ដើម្បី​រក ដំ​ដោះស្រាយ ខណៈដែល​តំណាង​កម្មករ កម្មការិនី​លក់​ឱ្យ​ឈ្មួញ​នៅក្នុង​តម្លៃ​មួយ​សមរម្យ បែរជា​ហាមឃាត់​មិនឱ្យ​ដឹកចេញទៅ​វិញ។ ​កត្តា​ទាំងនេះ​គឺ​កំពុង​ធ្វើឱ្យ​កម្មករ កម្មការិនី​ជិត​១​ពាន់​នាក់ កំពុង​ប្រឈម​នឹង​ការ​អត់​ការងារ​ធ្វើ ជាពិសេស​ជួប​ផល​លំបាក ក្នុងការ​ហូបចុក​និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។​

    ចំណែក​លោក ប៉ាត់ សុង ប្រធានការិយាល័យ​ការងារ នៃ​មន្ទីរ​ការងារ និង​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ បាន​ថ្លែងថា ជុំវិញ​រោងចក្រ​កាត់ដេរ Pat Tern International ដែល​ថៅកែ​រោងចក្រ​រត់ចោល​នេះ គឺ​មន្ទីរ​បានទទួល​ព័ត៌មាន​ភ្លាមៗ បន្ទាប់ ពី​ការ​ក្ស័យធន​របស់​ថៅកែ​រូបនោះ ។​ចំណែក​ទាក់ទិន​នឹង​ការលក់​ម៉ាស៊ីនដេរ ជាការ​ដោះដូរ​នឹង​ប្រាក់ខែ​នោះ រូបលោក មិន​ហ៊ាន​លូកដៃ​ក្នុង​រឿងនេះ​ឡើយ ពោលគឺ​ទុកឱ្យ​ភាគី​ទាំងពីរ​ចរចា​គ្នា ដើម្បី​រក​ដំ​ស្រាយ​ឈានទៅរក​ការយល់ព្រម​គ្នា​៕

adverise with khmeread