អតីតមន្ត្រីទូតកូរ៉េខាងជើងប្រចាំអង់គ្លេសដែលរត់គេចមកកូរ៉េខាងត្បូង លាតត្រដាងអំពីអ៊ីមែលសម្ងាត់ ដែលបងប្រុសគីម ជុងអ៊ុន ផ្ញើមកគាត់! វាមិនមែនជារឿងនយោបាយទេ...តែជា...

    ពីរឆ្នាំមុន លោក Thae Yong Ho អតីតឯកអគ្គរដ្ឋទូតរងកូរ៉េខាងជើង បានទទួលទូរស័ព្ទមិននឹកស្មានមួយពីគណៈកម្មាធិការមជ្ឈិមបក្សពលករកាន់អំណាច ក្នុងទីក្រុងព្យុងយ៉ាង ដោយប្រាប់គាត់ឱ្យត្រៀមខ្លួនទទួលអ៊ីមែលដ៏សំខាន់មួយ។ 

     សារសម្ងាត់ចេញពីអ៊ីមែលដែលប្រើម្តងម្កាលដើម្បីទប់ស្កាត់ការយកការណ៍សម្ងាត់ពីពួកចារកម្មអឺរ៉ុបបាននិយាយថា "សូមទៅសាលតន្ត្រី Albert Hall ទិញសំបុត្របួនសន្លឹកផង"។ 

    ប៉ុន្តែសារនោះពុំមានកូដសម្ងាត់រដ្ឋទេ ហើយក្រោយមក លោក Thae Yong Ho ក៏បានដឹងថា គេបានស្នើគាត់ឱ្យនាំបងប្រុសគីមជុងអ៊ុនឱ្យទៅមើលការប្រគុំតន្ត្រីរបស់លោក Eric Clapton។ 

    បន្ទាប់ពីទទួលអ៊ីមែលនោះរួច លោក Thae និយាយថា គាត់បានឆែកមើលអ៊ីនធឺណេតរកមើលព្រឹត្តិការណ៍ប្រគុំតន្ត្រីដែលនឹងមកដល់នៅសាល Royal Albert Hall ក្នុងទីក្រុងឡុងដ៍។ 

     លោក Thae ចាប់អារម្មណ៍ព្រឹត្តិការណ៍ប្រគុំតន្ត្រីអបអរខួបគំរប់អាយុ ៧០ របស់លោក Eric Clapton ហើយបានទិញសំបុត្រកក់តែម្តង។

    លោក Thae និយាយថា "ពេលនោះខ្ញុំដឹងថា នោះច្បាស់ជា Kim Jong Chol! ក្នុងកូរ៉េខាងជើងមាននរណាទៀតក្រៅពី Kim Jong Chol ដែលចាប់អារម្មណ៍តន្ត្រីលោកខាងលិច?"។ 

    Kim Jong Chol មិនសូវមានអ្នកស្គាល់ទេ ហើយរូបគេស្រឡាញ់ចូលចិត្តតារាចម្រៀងអង់គ្លេស Eric Clapton ណាស់។

    លោក Thae Yong Ho អតីតឯកអគ្គរដ្ឋទូតរងកូរ៉េខាងជើងដែលបានរត់មកកូរ៉េខាងត្បូងកាលពីឆ្នាំមុន បាននិយាយថា គាត់បានទទួលភារកិច្ចអមដំណើរបងប្រុសគីមជុងអ៊ុនដើរលេងជុំវិញទីក្រុងឡុងដ៍ នៅពេលគាត់មកមើលការប្រគុំតន្ត្រី។ 

    ក្នុងកិច្ចសម្ភាសន៍មួយក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃសុក្រទី ៣ កុម្ភៈ ២០១៧ លោក Thae Yong Ho បានពណ៌នាបងប្រុសគីមជុងអ៊ុនជាបុរសវ័យក្មេងសុភាពរាបសា ដែលពុំសូវនិយាយស្តីច្រើនអំពីជីវិតផ្ទាល់ខ្លួនក្នុងទីក្រុងព្យុងយ៉ាង ឬនិយាយអំពីនយោបាយរបស់ប្អូនប្រុសទេ។ 

    លោក Thae និយាយថា "គាត់ (Kim Jong Chol) ជាមនុស្សចិត្តទូលាយណាស់។ ប៉ុន្តែគាត់ចាប់អារម្មណ៍តែលើហ្គីតា និងតន្ត្រីប៉ុណ្ណោះ"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត