នៅចាំលោកយាយ​ចាស់ជរា​ម្នាក់នេះទេ! គាត់ថា"បើ​ច្បាប់​អនុវត្ត ស​ទៅជា​ខ្មៅ...​មានតែ​ដុត​ខ្លួន​ចោលនៅលើដី..." ខណៈដែល​សាលាដំបូង​ខេត្តកំពង់ចាម​ចុះ​អនុវត្តសាលក្រម​រឹបអូសដី (​មាន​វីដេអូ​)

    កំពង់ចាម ៖ នេះ​ជា​លើក​ទី​៣​ហើយ ដែល​សាលាដំបូង​ខេត្តកំពង់ចាម បានចេញ​លិខិត​អនុ​វត្ត​សាលក្រម​បំបែក​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់ កាប់ប្រើប្រាស់​ដីធ្លី​ស្របច្បាប់​របស់លោក​យាយ​ចាស់​ជរា​ម្នាក់ អាយុ​៨៥​ឆ្នាំ ទៅឱ្យ​ដើមបណ្តឹង​ដែល​ប្រើប្រាស់​លិខិត​ក្លែងក្លាយ ជា​អ្នក​ឈ្នះក្តី ដែ​ល​បញ្ហា​​នេះ​ធ្វើឱ្យលោកយាយ​រូបនោះ​ព្រមាន​ដុត​ខ្លួន ខណៈ​អស់​ផ្ទះសម្បែង​រស់នៅ។​

    លោកយាយ ឡោ លន់ អាយុ​៨៥​ឆ្នាំ រស់នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម បា​ន​លើកឡើង​ប្រាប់ ក្រុម​សារព័ត៌មាន នៅ​ថ្ងៃទី​៦ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ​ថា លោកយាយ​ជា​ស្ត្រី​មេម៉ាយ បានរស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើនេះ តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ ដោយ​រូបគាត់​មក​កាប់​ឆ្ការព្រៃ​ដើម្បី​រុករា​ន្ត​ធ្វើ​លំនៅឋាន​រស់នៅ​ទីនេះ តាំងពី​ម្តុំ​នេះ​មានព្រៃ​ក្រាស់​គឺមាន​តែ​ពីរ​គ្រួសារ​នោះទេ មក​រស់នៅ​ទីនេះ​មុនគេ។​

    លោកយាយ​បន្តថា មកដល់​សម័យ​រដ្ឋ​កម្ពុជា រដ្ឋ​បានសម្រេច​ចិត្ត​គ្រប់គ្រង​ដី​បង្កបង្កើនផល និង​ដី​លំនៅដ្ឋាន មកជា​ឯកជន​ភាវូបនីយកម្មបានន័យថា ក្នុង​ឆ្នាំ​១៩៩២ រដ្ឋបាល​ស្រុក​បាធា​យ​បាន​បង្កើត ក្រុមការងារ​ចុះ​វាស់វែង ដោយមាន​រដ្ឋអំណាច​ភូមិ​-​ឃុំ និង​មាន​ការិយាល័យ សូ​រិ​យោ​ដី​ស្រុកចុះ​វាស់ដី​ជូន​ដល់​ប្រជាពលរដ្ឋ​ផងដែរ ព្រមទាំង​បានផ្តល់​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ជូន​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា។​

    លោកយាយ បាន​បន្តថា ពាក់ព័ន្ធ​ប័ណ្ណ​កម្ម​សិទ្ធ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ I70129 ចុះ​ថ្ងៃទី​22-9-1992 មកដល់ ពេលបច្ចុប្បន្ន ប្រធានភូមិបាល​ស្រុក​បាធាយ បាន​បញ្ជាក់ថា ប័ណ្ណកម្មសិ​ទ្ធិ​​កាន់កាប់​ប្រើប្រាស់​ដីធ្លី​របស់គាត់ គឺជា​ប្លង់ កាន់កាប់​ដីធ្លី​ពិតប្រាកដ​មែន។​

    លោកយាយ​បាន​បន្តថា ប្រសិនបើ​ច្បាប់​អនុវត្ត ស​ទៅជា​ខ្មៅ ​ខ្មៅ​ទៅ​ជាស និង​គ្មាន មេត្តាករុណា​ដល់​ជន​ចាស់ជរា​បែបនេះ រូបគាត់​មានតែ​ដុតខ្លួន​ចោល​លើដី​នេះ​តែម្តង នៅពេលដែល​តុលាការខេត្ត​កំពង់ចាម ចុះមក​អនុវត្ត​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ខាងមុខនេះ។​

    ចំណែក​ដើមបណ្តឹង​ឈ្មោះ ឆេ ស៊ឺ​ម បើ​យោងតាម​ការ​ប្តឹងផ្តល់​គ្នា​ដំបូង​នៅ​សាលា​ឃុំ​ផ្អាវ នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ ២០០៩ បាន​ចោទប្រកាន់ដល់​មន្ត្រី​សូ​រិ​យោ​ដី​ស្រុក​បាធាយ​ថា ក្នុង​ឆ្នាំ​១៩​៩១ ​រូបគាត់​បាន​ទៅធ្វើ​ប្លង់​នៅ​សាលាស្រុក​ផងដែរ។​ ប៉ុន្តែ​សុរិយោដី​ស្រុក មិនបាន​ចេញ​ឱ្យ​រូបគាត់នោះឡើយ។​

    ពាក់ព័ន្ធ​បញ្ហា​នេះ បើ​យោងតាម​កំណត់ហេតុ នៃ​នីតិវិធី​ត្រៀម សម្រាប់​ទាញហេតុផល​របស់​តុលាការ​ដំបូង​ខេត្តកំពង់ចាម ចុះ​នៅ​ថ្ងៃទី​២៣ខែមិថុនា ឆ្នាំ​២០០៩ ដើមបណ្តឹង​ឈ្មោះ ឆេ ស៊ឺ​ម បាន​លើកឡើងថា នៅក្នុង​ឆ្នាំ​១៩៩៧ ឈ្មោះ ឡោ លន់ បានមក​សុំ​ដី​របស់គាត់ (​គឺ​ដី​ទំនាស់​បច្ចុប្បន្ន​)​ ឱ្យទៅ​ចៅ​លក់ដូរ។​

    ជុំវិញ​បញ្ហា​ដើមបណ្តឹង​លើកឡើង​របៀបនេះ គឺ​វា​ផ្ទុយគ្នា​ថា លោកយាយ ឡោ លន់ ទទួលបាន ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី តាំងពីឆ្នាំ​១៩៩២ ចុះ​ហេតុអ្វី​ឈ្មោះ ឡោ លន់ ទៅសុំ​ដី​លក់ដូរ​ពី​ដើមបណ្តឹង ឈ្មោះ ឆេ ស៊ឺ​ម នៅ​ឆ្នាំ​១៩៩៧ ធ្វើ​រោង​ឱ្យ​ចៅ​លក់ដូរ​ទៅវិញ​?។​

    សម្រាប់​បញ្ហា​នេះ​វា​ជា​រឿង​ខុសស្រឡះ ព្រោះ​អ្វីដែល​គេ​សង្កេតឃើញ​បច្ចុប្បន្ន ស្ថានភាព​លើដី​ទំនាស់​ដែល ឈ្មោះ ឡោ លន់ កំពុង​រស់នៅគាត់​បាន​សង់រោង​ជិត​៣០​ឆ្នាំ មកហើយ ព្រមទាំង​បានដាក់​សម្ភារៈ​របស់រ​បរ​ប្រើប្រាស់។ ​ជាពិសេស​ឈ្មោះ ឡោ លន់ បានធ្វើ​ការដាំដុះ​មាន​រុក្ខជាតិ​ធំៗដែលមាន​អាយុកាល​មិនតិចជាង​២០​ឆ្នាំ​នោះឡើយ។​

    ជុំវិញ​បញ្ហា​នេះ បើ​យោងតាម​ប្រកាស​របស់​រាជរដ្ឋាភិបាល បាន​លើកឡើងថា ពាក់ព័ន្ធ​បញ្ហា​ដីធ្លី ក្នុងករណី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ចាប់ពី​៥​ឆ្នាំឡើងទៅ និង​សង្កេត​ពី​ស្ថានភាព នៃ​ការរស់​នៅ ដូច​ជាមាន​ការដាំដុះ​ដែលជា​សម្គាល់ ក្នុង​រយៈពេល​ជាង​៥​ឆ្នាំនេះ​ផងដែរ រាជរដ្ឋាភិបាល​នឹង​​សម្រេច​ឱ្យបុគ្គល​នោះ​រស់នៅ​ស្របច្បាប់​។ ប៉ុន្តែ​ចំពោះ​បញ្ហា​ឈ្មោះ ឡោ លន់ គឺ​វា​ផ្ទុយ​នឹង​បញ្ហា​ខាងលើនេះ​ទាំងអស់។​

    ចំណែក លោក ឈាង គីម​អាង ប្រធានការិយាល័យ​សូ​រិ​យោ​ដី ស្រុក​បាធាយ បាន​បញ្ជាក់ថា ឈ្មោះ ឡោ លន់ ពិតជា​ទទួលបាន​ប័ណ្ណ​សម្គាល់សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ I70129 ចុះ​ថ្ងៃទី​22-9-1992 ពិតប្រាកដ​មែន។ ​ព្រោះ​ពេល នោះ​គាត់​នៅ​ជាម​ន្ត្រី​ការិយាល័យ និង​បាន​ចុះ​វាស់វែង​ជាមួយអាជ្ញាធរ​ភូមិ​-​ឃុំ ដើម្បី​ចេញ​ប័ណ្ណ​ជូន​ដល់​ប្រជាពលរដ្ឋ។​

    លោក​ ឈាង គីម​អាង បានបញ្ជាក់​ទៀតថា ចំពោះ​បញ្ហា​ការចុះវាស់វែង​នេះ ឈ្មោះ ឆេ ស៊ីម ពិតជា​មិន​បានមក​វាស់វែង និង​ធ្វើ​ប័ណ្ណ​សម្គាល់សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​នេះ​ពិតប្រាកដ​មែ​ន។ ​ព្រោះ​ពេលនោះ ឆេ ស៊ីម បានមក​ប្រាប់​គាត់​ថា គាត់​មាន​ដី​នៅ​ម្តុំ​នេះដែរ ពេលនោះ​រូបគា​ត់ (​ឈាង គីម អាង​) បាន​ប្រាប់ថា បើ​ចង់​ប្តឹង​គឺអាច​ប្តឹង​បាន នៅពេល​ក្រុម ការងារ​កំពុ​ង​វាស់វែង ឬ​នៅពេល​កំពុង​បិទ​ប្រកាស ដែលមាន​សុពលភាព​រយៈពេល​១​ខែ​ទុកឱ្យតវា​។ ​ប៉ុន្តែ​ឈ្មោះ ឆេ ស៊ីម គឺ​ពុំបាន​ទៅប្តឹង​ទាស់​នៅពេល​នោះទេ រហូតដល់​រយៈពេល​ជិត​២០​ឆ្នាំ ទើប​ឮឈ្មោះ ឆេ ស៊ីម មក​ប្តឹងផ្តល់​គ្នា​ជាមួយ​ឈ្មោះ ឡោលន់ ទៅវិញ។​

    សូមបញ្ជាក់ថា  ពាក់ព័ន្ធ​នឹង​ទំនាស់​ក្តីក្តាំ​រវាង​ភាគី​ទាំងពីរ​ខាងលើនេះ បើ​យោងតាម​កំណត់​ហេតុដែល​កើតរឿង​រ៉ាវ មកដល់ពេលនេះ គឺ​បានកើតចេញពី​បណ្តឹង​នៅ​សាលាឃុំ​មុនដំបូង​បង្អស់។​

    បច្ចុប្បន្ន​បណ្តឹង​ដែល​ធ្វើ​នៅ​សាលាឃុំ​នោះ ត្រូវបាន​ភាគី​ចុងចោទ​បដិសេធថា ជា​បណ្តឹង​ក្លែងក្លាយ ព្រោះ​មានកំណត់​ហេតុ​សរសេរ​ពីរ​រឿងផ្សេងៗ​គ្នា​នៅក្នុងពេល តែមួយ ព្រមទាំង​គ្មាន​ច្បាប់ដើម​រក្សា​នៅ​សាលាឃុំ​បញ្ជាក់​ឱ្យបាន​ត្រឹមត្រូវ​នោះឡើយ។ ​បញ្ហា​នេះ​មានន័យថា ជា​លិខិត ប្រឌិត​ឡើងដើម្បី​ប្តឹងតវ៉ា យក​ដី​ឈ្មោះ ឡោ លន់ ដែលមាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ពេញលេញ។​

    ទាក់ទិន​បញ្ហា​នេះ ឈ្មោះ ឡោ លន់ បាន​អំពាវនាវ​ទាំង​ទឹកភ្នែក ដើម្បី​រក​អ្នកច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រី ជួយ​អ​ន្តា​គម​ន៍រក​ខុសត្រូវ និង​ផ្តល់​ភាពយុត្តិធម៌​ជូន​រូបគាត់​ផង​៕

 

adverise with khmeread