ឃាត់ខ្លួន​ម្តាយ ​និង​កូន​ ជាមួយ​ថ្នាំញៀន​២១​កញ្ចប់​

    កណ្តាល ៖  ប៉ូលិស​ស្រុក​កណ្តាលស្ទឹង​បាន​ឃាត់​ម្តាយ និង​កូនប្រុស​បង្កើតជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​រួមជាមួយ​វត្ថុតាង​គ្រឿងញៀន​ចំនួន​២១​កញ្ចប់ និង​សម្ភា​រៈវេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​ត្រូវបាន​រឹបអូស​នា​ថ្ងៃទី​០៥ កុម្ភៈ ​២០១៧ វេលា​ម៉ោង​១២ ​និង​៤០​នាទី នៅ​ចំណុច​ភូមិ​អំពៅព្រៃ​ទី​១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្ដ​កណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​ដែល​ឃាត់ខ្លួន​១-​ឈ្មោះ ​ឡុង ហៀ​ង ភេទ​ស្រី អាយុ​៦៧​ឆ្នាំ ​រស់នៅ​ភូមិ​អំពៅព្រៃ​ទី​១ ឃុំ​អំពៅព្រៃ ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ លក់​ថ្នាំញៀន និង ២-​ឈ្មោះ ​ឃឿន សុខ​គា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់​ភូមិ​អំពៅព្រៃ​ទី​១ ឃុំ​អំពៅព្រៃ​ស្រុក​កណ្តាលស្ទឹង ខេ​ត្ក​កណ្តាល មុខរបរ លក់​ថ្នាំញៀន (អ្នក​ទាំង​០២​ត្រូវជា​ម្តាយ និង​កូនបង្កើត)។ វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​២១​កញ្ចប់ (​ធំ​០៣​កញ្ចប់, ​ធុន​កណ្ដាល​០១,​ តូច​១៧​កញ្ចប់​) សម្ភារៈ​សម្រាប់​វេច​ខ្ចប់​ដើម្បី​ជួញដូរ និង​ប្រើប្រាស់​មួយចំនួន​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ លោក​អធិការ លោក​ធិ​ការរង​ប៉ូលិស​ស្រុក​កណ្តាលស្ទឹង​បាន​ដឹកនាំ​កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ុស្ដិ៍ និង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​ថ្នាំញៀន​មួយកន្លែង​នៅ​ចំណុច​ភូមិ​អំពៅព្រៃ​ទី​១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង។​

    សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ​នៅលើ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ​ឡុង ហៀ​ង ​រកឃើញ​ថ្នាំញៀន​០៣​កញ្ចប់​តូច​ដែល​កូនស្រី​បង្កើត​របស់​ជនសង្ស័យ​ឈ្មោះ​ ឃឿន ស្រីមុំ ភេទ​ស្រី ​អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​បាន​ទិញ​ថ្នាំញៀន​ពី​ភ្នំពេញ​យកមក​ឱ្យ​ជនសង្ស័យ​ទាំង​០២​នាក់​ម្ដាយ និង​ប្អូនប្រុស​បង្កើត​លក់​បន្ត​។​

    បន្ទាប់មក​បាន​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ និង​ផ្ទះ​កូន​របស់​ជនសង្ស័យ ឃឿន ស្រីមុំ  ជា​លទ្ធផល​រកឃើញ​ថ្នាំញៀន ១៨​កញ្ចប់ (​ធំ​០៣​កញ្ចប់​, ធុន​កណ្តាល​០១, តូច​១៤​កញ្ចប់ និង​ថង់​ផ្លា​ស្ទិ​ច​សម្រាប់​វេច​ខ្ចប់​មួយចំនួន​ថែមទៀត​)។​

    ជនសង្ស័យ​ទាំង​០២​នាក់​ម្តាយ និង​កូន បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កណ្ដាលស្ទឹង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread