គ្រាន់តែ​គ្នា​សុំ​ការអនុញាត​ពី​មេការ​បន្តិច​មិនបាន!!! ក៏​ប្រើ​ហិង្សា​និង​ដក​កាំភ្លើង​បាញ់​១​គ្រាប់​ផ្អើល​ឈុ​ល​

    ភ្នំពេញ​៖ បុរស​២​នាក់ ដែលជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ព្រះខ័ន​រាជ​ ត្រូវបាន​ជន​មិន​ស្គាល់មុខ​មក​ប្រើ​ហិង្សា​ និង​ដក​កាំភ្លើងខ្លី​បាញ់​គំរាម​១​ចំនួន​គ្រាប់​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ ​និង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែកុម្ភៈ​ ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ការដ្ឋាន​សាងសង់​បុរី​មួយកន្លែង​ក្នុង​បឹងកក់ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

    បុរស​សន្តិសុខ​២​នាក់​ដែលជា​ជនរងគ្រោះ​ខាងលើ​ទី​១-​ឈ្មោះ ​ហ៊ិ​ន សុខ​ខេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​កោះ ឃុំ​លលក ស ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ និង​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន​ព្រះខ័ន​រាជ ស្នាក់​នៅក្នុង​ក្រុមហ៊ុន និង​ទី​២-​ឈ្មោះ ​គង់ សា​វិត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានមុខរ​បរជា​សន្តិ​សុខ​របស់​ក្រុមហ៊ុន​ព្រះខ័ន​រាជ ស្នាក់នៅ​ជាមួយគ្នា និង​មាន​ស្រុកកំណើត​នៅ​ខេត្តព្រះវិហារ។​

    ជនរងគ្រោះ​មានឈ្មោះ​ ហ៊ិន សុខ​ខេង ដែលជា​សន្តិសុខ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់​បាន​អង្គុយ​យាម​នៅ​កន្លែងកើតហេតុ​ខាងលើ ក្រោយមក​ក៏មាន​កម្មករសំណង់​ដែល​ធ្វើការ​នៅ​ករ​ដ្ឋា​ន​នោះ មាន​គ្នា​ប្រមាណ​៤​ទៅ​៥​នាក់ បាន​ដើរចូល​ក្នុង​ការដ្ឋាន​ដើម្បី​សម្រាក​យក​កម្លាំង​ធ្វើការ​ស្អែក​បន្ត។      

    ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​កម្មករសំណង់​បាន​ដើរ​ចូលទៅ​បាត់​នោះ ក៏​ស្រាប់តែ​លេចមុខ​បុរស​បង្កហេតុ​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ម៉ា​ស្ដារ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z .3578 មួយគ្រឿង បានមក​ឈប់​នៅមុខ​ការដ្ឋាន ហើយ​ចុះមក​សួរ​ជនរងគ្រោះ​ដែលជា​សន្តិសុខ​ថា តើ​មាន​អ្នកដើរ​ចូលក្នុង​ការដ្ឋាន​អត់​? 

    បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​ឆ្លើយថា "​មាន​បង!" ។​ បន្ទាប់មកទៀត​ជនបង្ក​ក៏បាន​ឱ្យជនរងគ្រោះ​ទៅ​ហៅ​កម្មករ​ដែល​បាន​ដើរចូល​មិញ​តិច​មក។​ ជនរងគ្រោះ​ក៏​តប​ទៅវិញ​ថា ខ្ញុំ​អត់​ហ៊ាន​ដើរចោល​កន្លែង​ទេ ចាំ​ខ្ញុំ​សុំ​ការអនុញាត​ពី​មេការ​សិន។ 

    ក្រោយមកទៀត ជនរងគ្រោះ​ក៏​ដើរចូល​ទៅក្នុង​ការដ្ឋាន​ដើម្បី​សុំ​ការអនុញាត​ពី​មេការ ពេល​ដើរចូល​បាន​បន្តិច​ក៏ត្រូវ​បាន​ជនបង្ក​ហេតុ​ហៅ​មកវិញ រួចហើយ​បាន​ទះកំផ្លៀង​ និង​ទាត់​ជនរងគ្រោះ​មួយ​ដៃ​ទៅមួយ​ជើង ធ្វើឱ្យ​ជនរងគ្រោះរ​ត់ទៅ​ក្នុងកា​រដ្ឋា​ន​វិញ។​

    រួចហើយ​សន្តិសុខ​ម្នាក់​ឈ្មោះ ​គង់ សា​វិត បាន​ដើរ​ចេញមក​ក៏​ជនបង្ក​ថា នរណា​វ៉ៃ​គ្នា​គាត់។ ​ពេលនោះ​ជនបង្ក​ក៏បាន​ទៅ​ទាត់​ធាក់​និង​ដក​កាំភ្លើងខ្លី​ម៉ា​ក់ឡុក អា​ម៉េ​បាញ់​ជុច​ដី​ចំនួន​១​គ្រាប់​ដើម្បី​គំរាម តែ​សំណាងល្អ​មិន​ធ្វើ​ឱ្យសន្តិសុខ​ទាំង​២​នាក់​ខាងលើ​រងរបួស​ធ្ងន់ធ្ង​រ​នោះទេ​។​

    ក្រោយពេល​កើតហេតុ​ភា្ល​មៗ ជនបង្ក​ហេតុ បាន​បើករថយន្ត​គេចខ្លួនបាត់ ហើយ​ជនរងគ្រោះ​ក៏ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​សន្តិសុខ​ជូន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋា​បាល​ស្រះចក ដើម្បី​ឱ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា៕​

adverise with khmeread