adverise with khmeread Part hkg hkg2004112786640 1 1 0

កម្មករ​រ៉ែ​ជនជាតិ​ចិន​ពីរ​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ឡាវ​

​    ​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា  ករណី​សង្ស័យ​វាយប្រហារ​ដោយ​គ្រាប់បែក​មួយ​ក្នុងប្រទេស​ឡាវ​បានសម្លាប់​ពលរដ្ឋ​ចិន​ពីរ​នាក់ និង​បណ្តាលឱ្យ​រងរបួស​ម្នាក់​។​

​    ​ស៊ិន​ហួរ​បានបង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​នោះ​ថា​ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន​រុករក​រ៉ែ​របស់​ចិន ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​តំបន់ភ្នំ​នៃ​ប្រទេស​ឡាវ​។ 

​    ​ស៊ិន​ហួរ​បាន​ដកស្រង់​ប្រភពពី​ស្ថានទូត​ចិន​នៅ​ទីក្រុង​វៀង​ចន្ទ​ដោយ​និយាយថា ជនរងគ្រោះ​បាន​កំពុង​ជិះ​យានយន្ត​មួយ​នៅពេល​ឧប្បទ្ទវហេតុ​បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ​។ 

​    ​ទីភ្នាក់ងារ​សារ​ព័ត​មាន​ចិន​មួយ​នេះ​បាន​រាយការណ៍​ទៀតថា ការផ្ទុះ​គ្រាប់បែក ដែល​គេ​ចាត់ទុកថា​ជាការ​វាយប្រហារ បានកើត​ឡើង​នៅ​ខេត្ត​សាយ​សំ​បួន​។  

​    ​ស្ថានទូត​ចិន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា បុគ្គលិក​ខ្លួន​ចំនួន​ពីរ​នាក់​បាន​ទៅសួរសុខទុក្ខ​អ្នករបួស​ឈ្មោះ ចូ​វ នៅ​មន្ទីរពេទ្យ​។ ហើយ​ស្ថានទូត​បាន​ជំរុញឱ្យមាន​ការការពា​រ​សុវត្ថិភាព​ប្រជាជន​ចិន និង​ទ្រព្យសម្បត្តិ​របស់​ចិន​ផងដែរ​។​

​    ​គួរ​បញ្ជាក់ដែរថា ប្រេសិត​ពិសេស​មួយក្រុម​របស់​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង​គ្រោង​មក​ប្រទេស​ឡាវ​ក្នុង​សប្តាហ៍​នេះ​ផងដែរ បន្ទាប់ពី​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ច​ន ឃឺ​រី ដែល​បាន​មកដល់​ប្រទេស​នេះ​កាលពី​ថ្ងៃអាទិត្យ​ខណៈ​អាមេរិក​កំពុង​ព្យាយាម​ចែចង់​អតីត​សត្រូវ​សម័យ​សង្គ្រាម​របស់ខ្លួន​ឱ្យ​ងាក​មក​គាំទ្រ​ខ្លួន​វិញ​។​

​    ​ចិន​ដែលជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​របស់​ពិភពលោក​បាន​ចាក់​លុយ​យ៉ាងច្រើន ចូលក្នុង​ប្រទេស​ស្ងប់ស្ងាត់​របស់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ និង​បាន​ក្លាយជា​អ្នកវិនិយោគ​ធំ​បំផុត​របស់ខ្លួន​ក្នុង​ឆ្នាំ ២០១៤​។  

​    ​មួយវិញទៀត យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​គឺជា​បញ្ហា​រ៉ាំរ៉ៃ​មួយ​នៅ​ឡាវ ជា​ទឹកដៃ​នៃ​សមរភូមិ​ក្តៅ​អំឡុង​សង្គ្រាម​វៀតណាម នៅពេល​យន្តហោះ​អាមេរិក​ទម្លាក់​គ្រាប់បែក​ជាង ២ លាន​តោន​នៅ​តំបន់ភ្នំ​ក្នុង​បេ​ក​កម្ម​ទម្លាក់​គ្រាប់បែក​ចំនួន ៥៨ ម៉ឺន​ជើង ក្នុង​គោលបំណង​ផ្តាច់​ខ្សែ​ផ្គត់ផ្គង់​របស់​វៀតណាម​ខាងជើង​ឆ្លងកាត់​ប្រទេស​នេះ​។ 

​    ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ប្រមាណ ៣០% ពុំបាន​ផ្ទុះ​នោះទេ ហើយ​មនុស្ស​ចំនួន ៥០.០០០ នាក់​ត្រូវបាន​សម្លាប់​ដោយសារ​គ្រឿងផ្ទុះ​តាំងពី​សង្គ្រាម​បានបញ្ចប់​៕ 

adverise with khmeread
ប្រភព៖ បាងកកប៉ុស្តិ៍

មតិយោបល់