ទំនាស់​រឿង​ព្រំដី​...​តា​ទាញ​ដំបង​សំពង​ក្បាល​យាយ​ឥតអាសូរដោយសារយាយ...

    កណ្តាល ​៖​ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​តា​សំពង​ក្បាល​យាយ​បន្ទាប់ពី​មានទំនាស់​ព្រំដី​កើតឡើង​នា​ថ្ងៃទី​០៦ ​កុម្ភៈ​ ២០១៧ វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​ព្រំដី​ផ្ទះ​របស់​ឈ្មោះ ទ្រី ស្រ៊ា​ន ភូមិ​ដើម​ពោធិ៍ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ទ្រី ស្រ៊ា​ន​ ភេទ​ស្រី អាយុ៦៤​ឆ្នាំ ជន​​ជាតិខ្មែរ មាន​ទីលំ​នៅ​​ភូមិ​ដើម​ពោធិ៍ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ​ខេត្តកណ្ដាល ​មុខរបរ​កសិករ រងរបួស​ត្រង់​ចំ​ហៀង​ក្បាល​ផ្នែក​ខាងឆ្វេង ដេរ០៨​ថ្នេរ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ នួន នាង ភេទ​ប្រុស អាយុ៦៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (​ឃាត់ខ្លួន​)។​ ​សម្ភារៈ​វត្ថុតាង​ចាប់យក ដំបង​ឈើ​ជ្រុង​០១​កំណាត់ ប្រវែង ៧៤​ ស​.​ម។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ និង​ជនសង្ស័យ គឺជា​អ្នកជិតខាង​មានផ្ទះ​នៅជាប់​របង​គ្នា។ រយៈកាល​កន្លងមក​អ្នក​ទាំង​០២ ធ្លាប់​មានទំនាស់​ពាក្យសម្ដី​នឹង​គ្នា​ជារឿយៗ​យូ​ឆ្នាំ​មកហើយ ដែល​ផ្ដើមចេញពី​បញ្ហា​ព្រំដី។​

    លុះ​នៅ​ថ្ងៃទី​០៦ ​កុម្ភៈ ​២០១៧ វេលា​ម៉ោង​៥​ និង​៣០​នាទី ល្ងាច​បន្ទាប់ពី​ជនសង្ស័យ​ត្រឡប់​ម​កពី​ចម្ការ មកដល់​ផ្ទះ​វិញ។ ​ពេលនោះ​ជនរងគ្រោះ​ដែល​ស្ថិតក្នុង​សភាព​ស្រវឹងស្រា បាន​ស្រែក​ឡូ​ឡា​ដៀមដាម​ទៅលើ​ជនរងគ្រោះ រួច​ក៏បាន​ទាក់​ពាក្យសម្ដី​គ្នា​ឡើង​ធ្វើឱ្យ​ជនសង្ស័យ​ទប់​កំហឹង​ពុំបាន ក៏បាន​ទាញយក​ដំបង​ឈើ​ជ្រុង ០១​កំណាត់​វាយ​ទៅលើ​ជនរងគ្រោះ បណ្ដាលឱ្យ​បែកក្បាល​ហូរឈាម​តែម្ដង។​

    ភ្លាមនោះ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​ព្យាបាល និង​រាយ​ការណ៍​មក​ប៉ូលិស​ប៉ុ​ស្ដិ៍​ជ្រោយ​តាកែវ​តែម្ដង។ ក្រោយពី​ទទួលបាន​បណ្ដឹង​ភ្លាម​ប៉ូលិស​ប៉ុស្ដិ៍​បាន​ចុះមក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​មកកាន់​អធិការដ្ឋាន​ស្រុក​កោះធំ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ នួន នាង បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​ដំបង​ឈើ​ជ្រុង​វាយ​ទៅលើ​ឈ្មោះ ទ្រី ស្រ៊ាង ​១​ដំបង បណ្ដាលឱ្យ​បែកក្បាល​ប្រាកដ​មែន។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋា​ន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​សាកសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread