​ជែក​ម៉ា ផ្តល់​អាហារូបករណ៍​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​សាកលវិទ្យាល័យ​មួយ​នៅ​អូស្ត្រាលី ដើម្បី​សងគុណ​អតីត​មិត្ត​ចាស់​ដែល​ជួយ​បង្រៀន​ភាសា​អង់គ្លេស​ដល់​គាត់​

​    ​មហាសេដ្ឋី​ពាន់​លាន​ចិន​លោក ជែក​ម៉ា មាន​គម្រោង​បរិច្ចាគ​ប្រាក់​ចំនួន ២០ លាន​ដុល្លារ​ដើម្បី​ផ្តល់​មូលនិធិ​ដល់​កម្មវិធី​អាហារូបករណ៍​ថ្មី​មួយ​នៅ​សាកលវិទ្យាល័យ University of Newcastle ក្នុង​រដ្ឋ New South Wales ប្រទេស​អូស្ត្រាលី​។​

​    ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ (​ថ្ងៃទី ០៣) ដោយ​សាកលវិទ្យាល័យ​បាន​និយាយថា អាហារូបករណ៍​នេះ​គឺជា​ការប្តេជ្ញា​ឧបត្ថម្ភ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​

​    ​អាហារូបករណ៍​នេះ​ត្រូវបាន​ស្គាល់ "Ma-Morley Scholarship Program" ដើម្បី​ផ្តល់​កិត្តិយស​ដល់​លោក Ken Morley ដែលជា​មិត្តភក្តិ​របស់​ស្ថាបនិក​ក្រុមហ៊ុន Alibaba​។​

​    ​យោងតាម​កាសែត South China Morning Post បានឱ្យដឹងថា លោក​ជែក​ម៉ា​បាន​ជួប​លោក Ken Morley ក្នុង​ឆ្នាំ ១៩៨០ គឺ​នៅពេល​គ្រួសារ​របស់លោក Ken ធ្វើដំណើរ​មក​ស្រុកកំណើត​លោក​ម៉ា​នៅ​ខេត្ត​ហាង​ចូ​វ​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​សង្គម​មិត្តភាព​ចិន​អូស្ត្រាលី​។​

​    ​នៅពេលនោះ​លោក​ម៉ា​បាន​សុំ​លោក Morley ដើម្បី​អនុវត្ត​ភាសា​អង់គ្លេស​របស់គាត់ ហើយ​អ្នក​ទាំងពីរ​បានក្លាយ​ជា​មិត្តភក្តិ​ចាប់តាំងពី​ថ្ងៃនោះ​រហូតដល់​មរណភាព​របស់លោក Morley ក្នុង​ឆ្នាំ ២០០៤​។​

​    ​ស្របពេល​នេះដែរ ក្រុមហ៊ុន Alibaba Group ក៏បាន​បើក​ការិយាល័យ​កណ្តាល​ក្រៅប្រទេស​ថ្មី​មួយទៀត​របស់ខ្លួន​នៅ​ទីក្រុង​មែ​ល​ប៊​ន​កាលពី​ថ្ងៃ​សៅរ៍ (​ទី ០៤) ដោយ​បង្កើតបានជា​ទំព័រ​ថ្មី​មួយទៀត​ក្នុងការ​ពង្រីក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​អន​ឡាញ​នៅលើ​ពិភពលោក​។​

​    ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​បានឱ្យដឹងថា ការិយាល័យ​ថ្មី​នេះ​មាន​គោលដៅ​គាំទ្រ​មុខ​ជំនួញ​អូស្ត្រាលី​ចំនួន ១៣០០ និង​នូ​វែ​ល​សេ​ឡង់​ចំនួន ៤០០ ដោយ​លក់​នៅលើ Tmall and Tmall Global ដែលជា​ទីកន្លែង​លក់រាយ​របស់ Alibaba ព្រមទាំង​ទាក់ទាញ​ឈ្មួញ​ថ្មី​ផងដែរ​៕

ប្រភព​៖ បរទេស

adverise with khmeread