adverise with khmeread 2

យប់​ថ្ងៃទី​ពីរ​ឃាត់​អ្នកមាន​ជាតិ​អាកុល​លើស​កម្រិត​១២​នាក់​

     ភ្នំពេញ ៖ យោងតាម​របាយការណ៍​ប៉ូលិស​ចរាចរណ៍​បាន​ឲ្យ​ដឹងថា នា​យប់​ថ្ងៃអាទិត្យ​ទី​២៤​មករា​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​អ្នក​ស្រវឹង​មាន​ជាតិ​អាកុល​លើស​កម្រិត​បាន​ចំនួន ១២​នាក់ ក្នុងនោះ​អ្នកបើករថយន្ត​៦​នាក់​និង​អ្នកបើក​ម៉ូតូ​៦​នាក់ ។​

     គោលដៅ​ត្រួតពិនិត្យ​នៅ​យប់​ថ្ងៃទី ២៤ មករា​ឆ្នាំ​២០១៦​សមត្ថកិច្ច​បានដាក់​ក​ម្លាំ​ង​ចំនួន​៥​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​គឺ​១-​ផ្លូវ​២៧១​ចំណុច​មុខ​ផ្សារ​ហេង​លី ខណ្ឌទួលគោក​, ២-​ផ្លូវជាតិ​លេខ​៥ ចំណុច ឃ្លាំង​សាំង​ប្ញ​ស្សី​កែវ​ខណ្ឌ​ឫស្សី កែវ ៣-​ផ្លូវ​សហព័ន្ធរុស្ស៊ី​ចំណុច​មហាវិទ្យាល័យ​មនុ​ស្ស​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៤-​ផ្លូវជាតិ​លេខ​២ មុខវត្ត​ចាក់អង្រែ​ខណ្ឌមានជ័យ​និង​៥-​ផ្លូវជាតិ​លេខ​១ ចុះ​ពី​ស្ពាន​ថ្មី​៦០​ម៉ែត្រ​ខណ្ឌ ច្បារអំពៅ​ហើយ​កម្លាំង​ប្រជុំជួរ​ម៉ោង ១០​និង​៣០ នាទី ចាប់ផ្តើម​ម៉ោង​១១​យប់​។​

    ចំពោះ​គោលការណ៍​គឺ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី តែ​បុរស​ទាំង​១២​នាក់​ត្រូវបាន​ធានា​ឲ្យ​នៅក្រៅ​ឃុំ ហើយ​តម្រូវ​ឲ្យ​តម្កល់​លុយ​ចំពោះ​រថយន្ត​១​ពាន់​ដុល្លារ​និង​ម៉ូតូ តម្កល់​៨០​ម៊ឺ​ន​រៀល រួច​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ជា​អ្នកសម្រេច ។​

      សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​២៣​មករា​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់​អ្នកមាន​ជាតិ​ស្រវឹង​៨​នាក់ ។​យោងតាម​ច្បាប់​កំណត់​អ្នក​ដែល​ផ្ទុក​សារធាតុ​ស្រវឹង​ចាប់ពី​០,៤០ មី​លី​លីត្រ ក្នុង​១​លីត្រ​ខ្យល់​ឡើងទៅ  ឬ​អាច​និយាយបានថា អ្នក​ពិសារ​ស្រា​ប៊ៀ​រ​ប្រមាណ​ចាប់ពី​៤​កំប៉ុង​សម្រាប់​ទឹក​ពណ៌​លឿង និង​៣​កំប៉ុង​សម្រាប់​ទឹក​ពណ៌​ខ្មៅ ឡើងទៅ​ត្រូវ​មានទោស​តែម្តង ។ ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ​ដល់​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ថែម​ទៀតផង​។​

     មន្ត្រី​បន្តថា ជា​លទ្ធផល​បឋម​នៃ​ការចុះ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​៥ ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ​យប់​ថ្ងៃទី​២៣​មករា​អ្នក​ដែលមាន​កម្រិត​ជាតិ​អាកុល​ជាប់ទោស​លើសពី​០,៤០ មី​លី​លីត្រ ក្នុង​១​លីត្រ​ខ្យល់ ​(​តាមរយៈ​ម៉ា​ស៊ីន​វាស់​ជាតិ​អាល់កុល​)​ ឡើងទៅ​មាន​ចំនួន​៨​នាក់ ក្នុងនោះ​មាន​រថយន្ត​៤​គ្រឿង និង​ម៉ូតូ​៤​គ្រឿង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មួយ​យប់​។​

     មនុស្ស​ទាំង​៨​នាក់​មាន​អ្នកធានា​យកទៅ​ផ្ទះ​វិញ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៤​មករា​នេះ ក្នុងនោះ​អ្នកមាន​រថយន្ត​ត្រូវ​តម្កល់​លុយ​១​ពាន់​ដុល្លារ​និង​អ្នកមាន​ម៉ូតូ​ត្រូវ​តម្កល់​លុយ​៨០​ម៊ឺ​ន​រៀលប៉ុន្តែ​សំណុំរឿង​នឹង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ចាត់ការ​ទៅតាម​ច្បាប់​ចរាចរណ៍​ដោយ​មិន​លើកលែង​ឡើយ​។​ប៉ូលិស​ក៏បាន​អំពាវ​ដល់​ពលរដ្ឋ​គោរព​ច្បាប់ ចរាចរណ៍​ទាំងអស់គ្នា ៕​

adverise with khmeread

មតិយោបល់