លោក Allegri : Paulo Dybala អាចធ្វើ​ដូច Messi និង​ឈ្នះ​ពាន Ballon d'Or នាពេល​អនាគត

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​សេះបង្កង់ Juventus លោក Massimiliano Allegri ជឿជាក់ថា Paulo Dybala មាន​សក្តានុពល​គ្រប់គ្រាន់​ដើម្បី​ក្លាយខ្លួន​ទៅជា​ម្ចាស់​ពានរង្វាន់​បុគ្គល​តារា​ឆ្នើម​របស់​ពិភពលោក Ballon d'Or នាពេលខាងមុខ ក្រោយ​មានការ​រិះគន់​កាលពីពេល​ថ្មីៗ​នេះ​ទៅលើ​ទម្រង់​លេង​របស់​ខ្សែប្រយុទ្ធ​រូបនេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ គឺជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើនជាងគេ​សម្រាប់​សេះបង្កង់​កាលពី​រដូវ​កាល​មុន ដែល​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ១៩​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ចំនួន ៣៤​លើក​ក្នុង​លី​ក​កំពូល​អ៊ីតាលី Serie A ។​

​    ​ទម្រង់​លេង និង​បញ្ហា​សម្បទា​ហាក់​មាន​ភាពស្រពិចស្រពិល​សម្រាប់​គាត់​នាពេល​បច្ចុប្បន្ននេះ ហើយ​គាត់​ក៏​ត្រូវបាន​ចោទប្រកាន់​ផងដែរ​ដោយ​ការបដិសេធ​ក្នុងការ​ចាប់ដៃ​ជាមួយនឹង​លោក Allegri បន្ទាប់ពី​ត្រូវបាន​ប្តូរ​ចេញ​អំឡុង​តង់​ទី​ពីរ​នៃ​ការប្រកួត​កាលពី​ពីរ​សប្តាហ៍​មុន​ដែល​ពួកគេ​ទទួលបាន​ជ័យជម្នះ ២-០ ទៅលើ Sassuolo ។​

​    ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង​កាសែត Gazzetta dello Sport អ្នកចាត់ការ​ទូទៅ​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​លោក Edgardo Bauza បាន​លើកឡើងថា​ការប្រៀបធៀប​សមត្ថភាព​របស់​តារាបាល់ទាត់​វ័យ ២៣​ឆ្នាំ Dybala និង Lionel Messi ស្ថិតនៅ​វ័យក្មេង​គឺជា​រឿង​ឥត​បានការ ប៉ុន្តែ​លោក Allegri ជឿជាក់ថា កីឡាករ​របស់គាត់​ថ្ងៃ​ណាមួយ​អាច​នឹង​ឈានដល់​កម្រិត​កំពូល​នៃ​តារាបាល់ទាត់​ឆ្នើម​របស់​ខ្សែប្រយុទ្ធ​ក្រុម​អ្នកមាន​បុណ្យ Barcelona ។​

​    ​លោក Allegri បាន​បញ្ជាក់ថា "Dybala បាន​ជួប​នូវ​បញ្ហា​របួស​នា​រយៈពេល​ពី​រ​ខែ​មកនេះ ប៉ុន្តែ​បាន​ប្រឹងប្រែង​លេង​ឱ្យ​ល្អ​ឡើងវិញ​។ ខណៈដែល​វា​គឺជា​ឆ្នាំ​ទី​ពីរ​របស់គាត់ (​នៅឯ Juventus) មានការ​រំពឹងទុក​ច្រើន​ពី​រូបគាត់​។ រឿង​ទាំងនោះ​គឺជា​បន្ទុក​នៃ​ការ​ក្លាយខ្លួន​ទៅជា​កីឡាករ​ឆ្នើម​ម្នាក់​។ គាត់​មាន​គុណភាព​មួយ​នេះ​ក្នុងការ​ឈ្នះ Ballon d'Or នៅ​ថ្ងៃ​ណាមួយ​"៕

adverise with khmeread
ប្រភព៖ Goal