Zinedine Zidane អំពាវនាវ​ឱ្យ Ronaldo និង Benzema ស៊ុត​ឱ្យ​ច្បាស់​ដូច​មុន​

    ​Zinedine Zidane ទទូចថា គាត់​មិនបាន​ព្រួយបារម្ភ​អ្វី​នោះឡើយ​អំពី​ភាពជា​ដៃគូ​រវាង Cristiano Ronaldo និង Karim Benzema ប៉ុន្តែ​គាត់​អំពាវនាវ​ឱ្យដៃ​គូប្រយុទ្ធ​របស់​ក្រុម​អធិរាជ​ស Real Madrid កែលម្អ​ឡើងវិញ​នូវ​ទម្រង់​ស៊ុត​របស់​ពួកគេ​។​

​    ​ខ្សែប្រយុទ្ធ​ទាំងពីរ​រូប​បាន​ក្លាយទៅជា​ប្រធានបទ​ក្នុងការ​សើចចម្អក​ពី​ប្រិយមិត្ត​ក្នុង​ទឹកដី Santiago Bernabeu នៅក្នុង​ការប្រកួត​ក្នុង​ទឹកដី​របស់​ពួកគេ​កាលពីពេល​ថ្មីៗ​នេះ ខណៈដែល​ពួកគេ​ហាក់​លេង​មិន​ស៊ីចង្វាក់​គ្នា​នោះឡើយ​ចាប់តាំងពី​ការវិលត្រឡប់​ចូលមក​កាន់​ឆ្នាំ​ថ្មី​នេះ​។​

​    ​Ronaldo បាន​វាយបក​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​ដែល​ចម្អក​ទៅលើ​គាត់​វិញ ក្នុងអំឡុង​ការប្រកួត​ទទួល​ជ័យជម្នះ ៣-០ ទៅលើ Real Sociedad កាលពី​ពីរ​សប្តាហ៍​មុន ដែល​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​បាន​មួយ​គ្រាប់ និង​បញ្ជូន​ដល់​មិត្ត​រួម​ក្រុម​មួយ​គ្រាប់ ខណៈដែល Benzema សាជាថ្មី​ម្តងទៀត​នៅតែ​ជា​គោលដៅ​នៃ​ការ​សើចចម្អក បន្ទាប់ពី​គាត់​មិនអាច​ស្វែងរក​គ្រាប់​បាល់​បាន​សម្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៦៦​នាទី​នៅលើ​ទីលាន​។​

​    ​Zidane ទទួលស្គាល់ថា គាត់​នឹងត្រូវ​តាមដាន​ដិតដល់​បន្ថែម​ទៅលើ​ទម្រង់​លេង​ពី​កីឡាករ​ទាំង​ពីររូប ប៉ុន្តែ​គាត់​និយាយថា មិនមាន​ហេតុផល​អ្វី​នោះឡើយ​ដែល​ត្រូវមាន​ការព្រួយបារម្ភ​អំពី​ភាពជា​ដៃគូ​របស់​ពួកគេ ដែល​លេង​មិនសូវ​បានល្អ​កាលពី​ថ្ងៃអាទិត្យ​ខែ​មុន​។​

​    ​Zidane បានបញ្ជាក់​ទៅកាន់​អ្នកសារព័ត៌មាន​ថា "​ពេល​ចុងក្រោយបង្អស់ យើង​បាន​ដាក់ឱ្យ Benzema និង Cristiano លេង​នៅ​ជួរមុខ​។ ប៉ុន្តែ​ទីតាំង​ជំនាញ​របស់ Ronaldo គឺ​នៅឯ​ស្លាប​ឆ្វេង​។ ខ្ញុំ​គិតថា គាត់​នឹង​បញ្ចប់​អាជីព​របស់គាត់​ក្នុង​ទីតាំង​មួយ​នេះ​។ យើង​ដឹងថា ពួកគេ​អាច​ផ្តល់ឱ្យ​យើង​នូវ​អត្ថប្រយោជន៍​ច្រើន​បន្ថែមទៀត ហើយ​យើង​ត្រូវការ​បន្ថែម​ពី​ពួកគេ​។ អ្វីដែល​អ្នក​ចង់បាន ក្នុងនាម​ជា​គ្រូបង្វឹក​ម្នាក់ គឺ​គ្រាប់​បាល់​ពីរ ឬ​បី​គ្រាប់​ពី​ខ្សែប្រយុទ្ធ ប៉ុន្តែ​ខ្ញុំ​មិន​ព្រួយបារម្ភ​ឡើយ​ប្រសិនបើ​ពួកគេ​មិនអាច​ចាប់​ដៃគូ​គ្នា​បានល្អ​នៅក្នុង​ការប្រកួត​មួយ​នោះ​។ វា​មិនមាន​អ្វី​ជា​បញ្ហា​នោះឡើយ​"៕

adverise with khmeread