ខ្សែប្រយុទ្ធជើងផុយ Djibril Cisse សម្រេចចូលនិវត្ត បន្ទាប់ពីប្រឡូកក្នុងវិស័យបាល់ទាត់អស់១៧ឆ្នាំ

          អតីត​ខ្សែប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​និង​ជាអតីតកីឡាករក្លឹប​ Liverpool ​កី​ឡាករ Djibril Cisse បានប្រកាស​ចូល​និវត្ត​ពីវិស័យ​បាល់ទាត់​ក្នុងវ័យ​ត្រឹម​តែ៣៥​ឆ្នាំ​។​ កីឡាកររូបនេះ​ធ្លាប់​ចំណាយ​ពេល​មួយរយៈ​ជាមួយ​ក្លឹប Sunderland និង​ QPR ផងដែរ។

Cisse នឹង​ងាក​មក​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អាជីព​ថ្មី​​ជា​ឌីជេ វិញនិង​ទទួលយក​ការងារ​ជាមួយ​យីហោសម្លៀក​បំពាក់​ថ្មី​ “Mr Lenoir” ផងដែរ។​ កន្លង​មក​​ Cisse ធ្លាប់ប្រកាស​ពីការចូលនិវត្ត​កាលពីខែ​តុលាឆ្នាំ​២០១៥​បន្ទាប់ពី​ញាំញី ដោយសាររបួស​យូរអង្វែង​ពេក ប៉ុន្តែកីឡាកររូបនេះបានប្តូរ​ចិត្ត​វិញ​បន្ទាប់ពី​វះ​កាត់​​បានជោគជ័យ។

          ទោះបីជា​យ៉ាងណា ខ្សែប្រយុទ្ធ​ដែល​ធ្លាប់​លេង​ឲ្យ​១១​ក្លឹប​ផ្សេងគ្នា​​និង​បាន​បង្ហាញមុខ​រហូត​ដល់៤១​លើក​សម្រាប់​ក្រុម​បារាំង​រូបនេះ​មិន​បាន​ស្វែង​រកក្លឹប​ថ្មី​ ហើយ​ឥឡូវនេះ​បានសម្រេចបញ្ចប់​អាជីព​រយៈ​ពេល​១៧​ឆ្នាំ​របស់ខ្លួន។

          Cisse បាននិយាយថា “​ខ្ញុំ​ចង់ធ្វើជាកីឡាករ​បាល់ទាត់​ រហូត​មក​ទល់ពេល​នេះបាល់បាន​ក្លាយជា​ជីវិត​របស់ខ្ញុំ​។ ខ្ញុំពិតជា​ចង់លេងបន្ត​ទៀត​ ប៉ុន្តែ​ថ្ងៃនេះខ្ញុំ ត្រូវតែ​ទទួលស្គាល់ថា បាល់ទាត់គឺចប់ហើយសម្រាប់ខ្ញុំ”។

Cisse ធ្លាប់លើក​ពាន​ CL ​ជាមួយ​ Liverpool ​មួយ​លើក​និង​ធ្លាប់​ទទួល​បាន​ពាន​ស្បែកជើង​មាស​ពី​រលើក​នៅ​បារាំង​និង​ក្រិក​ហើយធ្លាប់បាន​ចំណាយ​ពេល​នៅ​អង់គ្លេស៥ឆ្នាំ​ផងដែរ៕

adverise with khmeread