ជិះ​ម៉ូតូ​ដើរលេង​ពេលយប់​ដាក់​ដាវ​សាំម៉ូ​រ៉ៃ​ជាប់​នឹង​ខ្លួន​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​អនុវត្ត​ច្បាប់​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង មុខ​រោងចក្រ​ហុងដា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដោយ​ឃាត់​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ មាន​ដាវ​សាំម៉ូ​រ៉ៃ​នៅជាប់​នឹង​ខ្លួន​កាលពី​វេលា​ម៉ោង​៩​កន្លះ​យប់​ថ្ងៃទី​៧ ​កុម្ភៈ ​២០១៧។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​​ ម៉ៅ សីហា ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ និង ២-​ឈ្មោះ​ មើ​យ សិទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​-​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​បន្តថា ប៉ូលិស​បាន​ដកហូត​វត្ថុតាង​ដាវ​សាំ​ម៉ូ​រ៉ៃ​០១​ដើម និង ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ខៀវ ស្លាក​លេខ​កំពង់ចាម​ 1E-1192 ខណៈពេល​កំពុង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ហើយ​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread