adverise with khmeread 1

បញ្ជូន​ជនសង្ស័យ​៤៤​នាក់​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​និង​គ្រឿងញៀន​ទៅ​តុលាការ​

    ភ្នំពេញ ៖ ជនសង្ស័យ​៣៩​នាក់​ពាក់ព័ន្ធ​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​និង​ក្រុម​ចោរលួច​គាស់​ផ្ទះ​យ៉ាងសកម្ម​៥​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ហាញមុខ​កាលពី​រសៀល​ថ្ងៃទី​២៥​មករា​ឆ្នាំ​២០១៦​មុនពេល​បញ្ជូនទៅ​តុលាការ​។​

    មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា យុវជន​ញៀន​ថ្នាំ ៣៩​នាក់​ត្រូវបាន​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​យប់​ម៉ោង​៩​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ខណៈដែល​ពួកគេ​នាំគ្នា​ចូលទៅ​សម្ងំ​ជក់​គ្រឿងញៀន ក្នុង​តំបន់​នោះ ហើយ​យុវជន​ទាំងនោះ គឺ​សុទ្ធ​តែមាន​អាយុ​ចន្លោះ​ពី​១៦ ទៅ​៣០​ឆ្នាំ​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា កន្លងមក​ក្នុង​តំបន់​ត្រពាំង​ឈូក​នេះ គឺ​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ជា​ញឹកញាប់ និង​ឃាត់ខ្លួន​អ្នកលក់ និង​អ្នក​ជក់​គ្រឿងញៀន​រាប់រយ​នាក់​មកហើយ តែ​ដោយ​តំបន់​នេះ​ជា​តំបន់​អាណាធិបតេយ្យ ព្រមទាំង​មាន​ភូមិសាស្ត្រ​ស្មុ​គ្រ​ស្មាញ ទើប​ធ្វើ​ឲ្យ​យុវជន​ញៀន​ថ្នាំ ទាំងនោះ ចេះតែ​ចូលទៅ​ប្រមូល​ផ្តុំគ្នា ជក់​គ្រឿងញៀន ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់ ។​ បច្ចុប្បន្ន​យុវជន​ទាំង​៣៩​នាក់ កំពុង​ត្រូវ​សមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

   នៅ​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៦​នេះ អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ក្រុមចោរ​ដើរ​លួច និង​គាស់​ផ្ទះ​យក​សម្ភារៈ​យ៉ាងសកម្ម​៥​នាក់​ទៅ​តុលាការ​ផងដែរ បន្ទាប់ពី​ក្រុម​នេះ​បាន​លួច​គាស់​ផ្ទះ​មន្ត្រី​យោធា ម្នាក់​ស្ថិត​នៅផ្ទះ​លេខ​៤៩១A ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ដោយ​យកបាន​កាំភ្លើងខ្លី​១​ដើម ទូរស័ព្ទ iPhone6 មួយគ្រឿង ។​

     បន្ទាប់មក​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ សហការ​ជាមួយ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះជួល​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ព្រមទាំង​ចាប់យក​វត្ថុតាង​ដែល​ពួកគេ​បាន​លួច ប្រគល់ជូន​ម្ចាស់​ដើម​វិញ​។ តាម​ចម្លើយសារភាព​របស់​ពួកគេ​បាន​ឲ្យ​ដឹងថា កន្លងមក​ពួកគេ​គឺ​ដើរ​លួច និង​គាស់​ផ្ទះ​ជាច្រើនលើក​ក្នុង​រាជធានី​ភ្នំពេញ ៕​

adverise with khmeread

មតិយោបល់