ស្នេហាមិនប្រកាន់អាយុ! លោកយាយអាយុ ១០៦ ឆ្នាំធ្លាក់ក្នុងអន្លង់ស្នេហ៍បុរសអាយុ ៦៦ ឆ្នាំ ឈានដល់ភ្ជាប់ពាក្យជាមួយគ្នា

    ​ជន​ចូលនិវត្តន៍​មួយរូប ដែល​គេ​ជឿថា ជា​ស្ត្រី​ចាស់​បំផុត​លើ​លោក បាន​ភ្ជាប់ពាក្យ​នៅ​អាយុ ១០៦ ឆ្នាំ​ជាមួយ​បុរស​អាយុ​ប្អូន​គាត់​ដល់​ទៅ ៤០ ឆ្នាំ​។​

​    ​លោកយាយ Valdemira Rodrigues de Oliveira បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​លោក Aparecido Dias វ័យ ៦៦ ឆ្នាំ​បន្ទាប់ពី​បាន​ជួប​គាត់​នៅផ្ទះ​មនុស្ស​ចាស់​កាលពី​ឆ្នាំ ២០១៤​។​

​    ​ក្រុមគ្រូពេទ្យ​បាន​ហាមឃាត់​អ្នក​ទាំងពីរ​ពី​ការ​រៀបការ​ដោយបាន​អះអាងថា ពួកគេ​នឹងមិន​អាច​រស់នៅ​ចែក​ផ្ទះ​គ្នា​បានឡើយ ដូច្នេះ​អ្នក​ទាំងពីរ​ក៏បាន​ភ្ជា​ក់​ពាក្យ​ជំនួស​វិញ​នៅផ្ទះ​ចូលនិវត្តន៍​មួយ​។​

​    ​អ្នក​ទាំងពីរ​បាន​សន្យា​គ្នា​ទៅវិញទៅមក​នៅ​ទីក្រុង Pirassununga ប្រទេស​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។ ពិធី​ភ្ជាប់ពាក្យ​នេះ​ត្រូវ​បានរៀបចំ​ដោយ​អ្នកស្ម័គ្រចិត្ត​ក្រោម​ការផ្តួចផ្តើម​មួយ​ឈ្មោះ "​គម្រោង​នៃ​ក្តី​សុបិន​"​។​

​    ​អ្នក​ទាំងពីរ​ដែល​ត្រូវបាន​ស្គាល់​ថា Valda និង Jaco បាន​ផ្សាភ្ជាប់​ឱកាស​នេះ​ជាមួយ​ការ​ថើប​មួយ​ខ្សឺត​នៅ​ចំពោះមុខ​ភ្ញៀវកិត្តិយស ១៥០ នាក់​។​

​    ​និយាយ​អំពី​ទំនាក់ទំនង លោកយាយ Valda បាន​និយាយថា "​ខ្ញុំ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​គាត់​។ ខ្ញុំ​ចូលចិត្ត​គាត់​ច្រើនៗ​ហើយ​ប្រសិនបើ​គាត់​ស្លាប់ ខ្ញុំ​ក៏​ស្លាប់​ដែរ​"​។​

​    ​រីឯ​លោក Jaco វិញ​បាន​និយាយថា "​ខ្ញុំ​បាន​សុំ​គាត់​រៀបការ​ហើយ​យើង​តែង​ជឿថា វា​នឹង​កើតឡើង​ប៉ុន្តែ​ការភ្ជាប់​ពាក្យ​គឺជា​ការបោះ​ជំហាន​ទៅមុខ​សម្រាប់​ពួកយើង​នាពេលនេះ​"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត