មេធាវីអឺរ៉ុបខាងកើតឃើញមនុស្សស៊ីស្មៅ ឆ្ងល់ពេកចុះទៅសួរ រួចក៏ដឹកពួកគេទាំងហ្វូងទៅចិញ្ចឹមនៅផ្ទះរបស់គាត់! សម្តីមេធាវីពេលជិះដល់ពាក់កណ្តាលផ្លូវ ស្តាប់ហើយសឹងស្រក់ឈាម!

    ​នៅ​រសៀល​មួយ មាន​មេធាវី​អឺរ៉ុប​ខាងកើត​ម្នាក់​បាន​ជិះ​រថយន្ត​ធំ​ដ៏​ទំនើប​របស់គាត់ ហើយ​រំពេច​នោះ គាត់​បានឃើញ​បុរស​ពីរ​នាក់​កំពុងស៊ី​ស្មៅ​នៅ​សួនច្បារ​តាម​ដងផ្លូវ​។​

​    ​ដោយមាន​អារម្មណ៍​មិន​ស្រណុកចិត្ត​សោះ គាត់​ក៏បាន​ប្រាប់​ឱ្យ​អ្នកបើកបរ​ឈប់​ឡាន​ចេញ​ក្រៅ​ស៊ើប​មើល​ថី​បានជា​មនុស្ស​សោះ​បែរជា​ទៅ​ស៊ី​ស្មៅ​។ នៅពេលនោះ​លោក​មេធាវី​បាន​សួរ​បុរស​ម្នាក់​យ៉ាង​ដូច្នេះ​ថា "​ហេតុអ្វី​បានជា​លោក​ស៊ី​ស្មៅ​?"​។​

​    ​បុរស​ក្រីក្រ​រូបនោះ​បាន​តប​វិញ​ថា "​យើង​មិនមាន​ប្រាក់​សម្រាប់​ទិញ​អាហារ​ឡើយ​ដូច្នេះហើយ​យើង​ត្រូវ​បង្ខំចិត្ត​ស៊ី​ស្មៅ​"​។ ក្រោយ​ឮដូច្នេះ​មេធាវី​បាន​តប​វិញ​ថា "​អ៊ីចឹង​លោក​មក​ផ្ទះ​របស់ខ្ញុំ ខ្ញុំ​នឹង​ចិញ្ចឹម​លោក​"​។​

​    ​ដោយ​ឮដូច្នេះ​បុរស​ក្រីក្រ​បាន​តប​វិញ​ថា "​ប៉ុន្តែ​អត់​ទោស​លោក​! ខ្ញុំ​មាន​ប្រពន្ធ​និង​កូន​ពីរ​នាក់​។ ពួកគេ​នៅក្រោម​ដើមឈើ​នោះ​"​។ មេធាវី​បាន​តប​យ៉ាង​លឿន​ថា "​នាំ​ពួកគេ​មកជា​មួយ​មក​អ៊ីចឹង​"​។​

​    ​ក្រោយ​និយាយ​ចប់​ជាមួយ​បុរស​ក្រីក្រ​ទីមួយ មេធាវី​បាន​សម្លឹងមើល​បុរស​ទី​ពីរ ហើយ​និយាយ​ទៅ​បុរស​នោះ​ថា "​លោក​ក៏​អាចមក​ជាមួយ​ខ្ញុំ​បានដែរ​"​។​

​    ​បុរស​ទី​ពីរបាន​តប​ទាំង​កំសត់​វិញ​ថា "​ប៉ុន្តែ​អត់​ទោស​លោក​! ខ្ញុំ​មាន​ប្រពន្ធ​និង​កូន​ប្រាំមួយ​នាក់​"​។ មេធាវី​បាន​តប​ដោយ​មិន​ស្ទាក់ស្ទើរ​យ៉ាង​ដូច្នេះ​ថា "​ពួកគេ​ក៏​អាចមក​ជាមួយ​បានដែរ​"​។​

​    ​បន្ទាប់មក ទាំងអស់គ្នា​បាន​ឡើង​រថយន្ត​ដ៏​ធំ​របស់គាត់ រួច​ដឹក​ទៅផ្ទះ​គាត់​វឹង​តែម្តង​។​

​    ​នៅពេល​ជិះ​តាមផ្លូវ ប្រពន្ធ​បុរស​ក្រីក្រ​ទីមួយ​បាន​និយាយ​ទៅកាន់​មេធាវី​យ៉ាង​ដូច្នេះ​ថា "​លោក​ពិតជា​ចិត្តល្អ​ណាស់​! ខ្ញុំ​សូម​អរគុណ​លោក​ចំពោះ​អំពើ​ល្អ​នេះ​"​។​

​    ​ដោយ​ឮដូច្នេះ​មេធាវី​បាន​ឆ្លើយតប​វិញ​ថា "​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បានធ្វើ​រឿងនេះ​។ អ្នក​ទាំងអស់គ្នា​ប្រាកដជា​ស្រឡាញ់​ផ្ទះ​ខ្ញុំ ព្រោះ​ស្មៅ​ផ្ទះ​ខ្ញុំ​ដុះ​ជិត​មួយ​ម៉ែត្រ​ឯណោះ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត