មិត្តភក្តិ​ជិតស្និទ្ធ​របស់ Cristiano Ronaldo ត្រូវ​តុលាការ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ ២ ឆ្នាំ​ពីបទ​វាយ​អ្នកជំនួញ​ម្នាក់​

    ​ប្រហែលជា​មួយឆ្នាំ​កន្លងទៅ សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​ជុំវិញ​មិត្តភាព​ដ៏​ល្អូកល្អិន​រវាង​តារា​ឆ្នើម​ក្រុម​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo និង​ជើងឯក​ប្រដាល់សេរី​ពិភពលោក​សញ្ជាតិ​ម៉ា​រ៉ុ​ក Badr Hari ។​

​    ​ត្រឡប់​ទៅកាន់​ឆ្នាំ ២០១៦ វិញ Ronaldo បានធ្វើ​ដំណើរ​ជា​ញឹកញាប់​ទៅកាន់​តំបន់​អាហ្វ្រិក​ខាងជើង ដែលជា​រឿង​ដ៏​គួរឱ្យ​ព្រួយ​ដ៏​ធំ​មួយ​របស់​អធិរាជ​ស​។​

​    ​ជីវិត​ប្រចាំថ្ងៃ​របស់ Ronaldo ត្រូវបាន​លើកឡើង ដែលជា​មូលហេតុ​នៃ​ក្តី​ព្រួយបារម្ភ​មួយ​នៅឯ Real Madrid​។ នេះ​បើ​យោងតាម​វេ​ប​សាយ Extra Confidencial ។​

​    ​យោងតាម​សេចក្តីរាយការណ៍​មួយ​នេះ​បាន​លើកឡើងថា មន្ត្រី​ក្លឹប​ក្នុង​ទឹកដី​អធិរាជ​ស មាន​អារម្មណ៍​ថា ការធ្វើដំណើរ​ហោះហើរ​រ​បស់ Ronaldo ទៅកាន់​ម៉ា​រ៉ុ​ក គឺ​ក្លាយទៅជា​រឿង​ដ៏​ញឹកញាប់​បំផុត​មួយ ខណៈដែល​ទម្រង់​លេង​របស់គាត់​ត្រូវបាន​ចោទ​ជា​មន្ទិល​។​

​    ​ពេលវេលា​កន្លង​ទៅមួយ​ប៉ព្រិចភ្នែក Ronaldo និង Badr Hari ខាន​នៅ​ជាមួយគ្នា​អស់​ប៉ុន្មាន​ខែ​ចុងក្រោយ​មកនេះ ហើយ​ឥឡូវ​ស្រាប់តែ​ព័ត៌មាន​បែកធ្លាយ​ថា តារា​ប្រដាល់សេរី​របស់​ម៉ា​រ៉ុ​ក​រូបនេះ ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​។​

​    ​Hari ដែលមាន​សញ្ជាតិ​ជា​ជនជាតិ​ហូ​ឡង់​ដែរ​ផង​នោះ ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ (​ដោយ​ព្យូ​រ ១០ ខែ​មាន​លក្ខខណ្ឌ​) សម្រាប់​ការវាយប្រហារ​មួយ​ទៅលើ​អ្នកជំនួញ​សញ្ជាតិ​ហូ​ឡង់​លោក Koen Everink កាលពី​ឆ្នាំ ២០១២​។​

​    ​គេ​រំពឹងទុក​ថា អត្ត​ព​លិ​ក​រូបនេះ នឹង​ចំណាយពេល​ជាប់គុក​តែ ៦ ខែ​ប៉ុណ្ណោះ​។​

​    ​គូកន​ជិតស្និទ្ធ​របស់ Cristiano Ronaldo រូបនេះ ក៏​នឹងត្រូវ​បង់ប្រាក់​សំណង​ចំនួន ៤៥.០០០​អឺរ៉ូ​ផងដែរ​ទៅលើ​ការ​បទល្មើស​មួយ​នេះ​។​

​    ​សម្រាប់​សេចក្តីរាយការណ៍​នេះ លោក Everink ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​គេហដ្ឋាន​របស់គាត់​នៅក្នុង​ខែមីនា​ឆ្នាំមុន​។ Hari មិនបាន​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ឃាតកម្ម​នេះ​ទេ​៕

adverise with khmeread