ក្រុមហ៊ុន​ អេង ឌី​ប៉ូ​អភិវឌ្ឍន៍​ ចាប់ផ្តើម​បង្កបង្កើន​ផល​ស្រូវប្រដេញទឹក តាម​ស​.​ជ​.​ណ​.​លេខ​៨៩​របស់​រាជរដ្ឋាភិបាល​

    កណ្តាល ៖ តំណាង​ក្រុមហ៊ុន​អេង ឌី ប៉ូ អភិវឌ្ឍន៍ បាន​អះអាងថា ការអភិវឌ្ឍ​ដំណាំ​ដាំ​ដុះ​ស្រូវ ពិតជា​មិន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន ការខាតបង់​នោះឡើយ បើសិន​យើង​អនុវត្តតាម​លក្ខណៈ​បច្ចេកទេស ពោលគឺ មិន​ធ្វើស្រែ​ទៅតាម​ទម្លាប់​ដែល​យើង​ធ្លាប់ អនុវត្ត​នាពេល​កន្លងមក។​

    លោក តាំង សុខ​ឃី ជំនួយការ​លោក​ឧកញ៉ា ​ឌី ប៉ូ អគ្គនាយក​ក្រុមហ៊ុន​ អេង ឌី​ប៉ូ​អភិវឌ្ឍន៍ បាន​ថ្លែង​លើកឡើង នៅក្នុង​ការបើក​ការដ្ឋាន សម្រាប់​គម្រោង​ទី​១ ជំហាន​ទី​១ ស្ថិតក្នុង​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ​ថា ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដំណាំ​ស្រូវ ក្រុមហ៊ុន​បាន​កំពុង​ចាប់ផ្តើម​ភ្ជួរ​រាស់​ដី ដើម្បី​ធ្វើការ​សាប​ព្រួស​ស្រូវ​រដូវប្រាំង នៅក្នុង​ជំហាន​ទី​១ ឆ្នាំ​២០១៧ ក្នុងការ​ប្រែក្លាយ​ទៅជា​តំបន់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ដំណាំ​ស្រូវ​បែប​ធម្ម​ជា​ពិតៗ ទៅតាម​លក្ខណៈ​បច្ចេកទេស ជំនាញ​ក្នុង​ការថែទាំ ការដាំដុះ និង​មិន​ប្រើប្រាស់​ជាតិគីមី ជាដើម ដើម្បី​ជំរុញ​តំបន់​មួយ​នេះ​ទៅជា​វាល​ពណ៌​បៃតង​នៅលើ​ផ្នែក​វិស័យ​កសិកម្ម។​

    នៅ​ជុំវិញ​ការអភិវឌ្ឍន៍​ដំណាំ​ស្រូវ​នេះ លោក តាំង សុខ​ឃី បាន​អះអាងថា ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដំណាំ​ស្រូវ ពិតជា​មិនមាន​ការខាតបង់​នោះឡើយ ប្រសិនបើ​ប្រជាកសិករ​អនុវត្ត​ការដាំដុះ​ទៅតាម​លក្ខណៈ​បច្ចេកទេស។ ​ជាពិសេស ការផ្លាស់ប្តូរ​ទម្លាប់​ក្នុង​ការដាំដុះ ដែល​ធ្លាប់​ធ្វើតាម​ចំណាំ ដោយ​ងាក​មក​អនុវត្តតាម​លក្ខណៈ​បច្ចេកទេស ក្នុងការ​ថែទាំ និង​ការដាំដុះ​នោះ កសិករ​គ្រប់រូប​នឹង​បានប្រែក្លាយ​វិស័យ​កសិកម្ម​របស់ខ្លួន ទទួលបាន​នូវ​ភាពជោគជ័យ​ជាមិនខាន។​

    លោក តាំង សុខ​ឃី បានលើកឡើង​បន្តទៀតថា ដើម្បី​លើកស្ទួយ​ការងារ​កសិកម្ម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន​បានផ្តល់​លទ្ធភាព​យ៉ាង​ទូលាយ ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ក្នុងការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅវិញ ទៅមក ទាំង​ការថែទាំ និង​បច្ចេកទេស ដើម្បី​ជំរុញ​ការដាំដុះ​វិស័យ​កសិកម្ម​ដំណាំ​ស្រូវ ឱ្យ​ទទួលបាន​ទិន្នផល​ខ្ពស់​គ្រប់ៗគ្នា។​

    ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម ក្នុងពេល​ថ្មីៗ​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​ថ្លែង​លើកឡើងថា ការអភិវឌ្ឍ​សេដ្ឋកិច្ច​គឺ​មិន​សំដៅ​ទៅលើ​ការអភិវឌ្ឍ​ដោយផ្ទាល់​របស់​កសិករ​ដោយ ឡែកៗ​នោះឡើយ។ ​ការវិវត្តន៍​និង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ធំ​បំផុត គឺ​ការជំរុញ​វិស័យ​កសិកម្ម​ដោយមាន​ចលករ​ពី វិស័យ​ឯកជន ក្នុងការ​អភិវឌ្ឍន៍​ដែលមាន​ទ្រង់ទ្រាយ​ធំ ទើប​ជួយ​ឱ្យ​វិស័យ​កំណើនសេដ្ឋកិច្ច​រីកចម្រើន​ទៅបាន ក្នុងនោះ តាម​ការវាយតម្លៃ​រប​ស់​ក្រុម អេង ឌី ប៉ូ អភិវឌ្ឍន៍​នេះ គឺជា​គំរូ​មួយ​ក្នុងការ​ចាប់ផ្តើម​របស់​កម្ពុជា​ឆ្ពោះទៅ​អនាគត៕

 

 

adverise with khmeread