សាលាជួយរៀបចំពិធីបញ្ចប់ការសិក្សាមុនកំណត់ជូនសិស្សម្នាក់ ដើម្បីឱ្យឪពុករបស់សិស្សនោះបានឃើញ មុនពេលគាត់ស្លាប់នៅប៉ុន្មានខែទៀត

    ​ថ្ងៃ​បញ្ចប់​ការសិក្សា​របស់​កូន​គាត់​គឺជា​ថ្ងៃ​ដែល​លោក Alfred La'Cap ទន្ទឹម​រង់ចាំ​បំផុត ហើយ​គាត់​គិតថា គាត់​នឹងមិន​បានឃើញ​កូន​ខ្លួន​នៅថ្ងៃនោះ​ឡើយ​។​

​    ​លោក La'Cap វ័យ ៦៩ កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជាមួយ​អាកា​រៈ​ធ្ងន់ធ្ងរ ហើយ​គាត់​ហាក់​នឹង​មិនអាច​ឆ្លង​ផុត​ខែឧសភា​ខាងមុខ​នេះឡើយ​។​

​    ​ដូច្នេះ​គណៈ​គ្រប់គ្រង​វិទ្យាល័យ Long Beach High School នៅ​រដ្ឋ​មី​ស៊ី​ស៊ី​ពី បាន​ចូលខ្លួន​ដោះស្រាយ​បញ្ហា​នេះហើយ​បាន​ប្រារព្ធ​ពិធី​បញ្ចប់​ការសិក្សា​បី​ខែ​មុន ជូន​កូន​របស់គាត់​តែម្តង​។​

​    ​នាយក​សាលា Larry Ramsey បាន​ប្រាប់​ទូរទស្សន៍ WLOX បទ​សម្ព័ន្ធ​របស់ CNN យ៉ាង​ដូច្នេះ​ថា "​ដោយ​ពិចារណា​លើ​កាលៈទេសៈ ខ្ញុំ​មាន​អារម្មណ៍​ថា ប្រសិនបើ​យើង​អាច​នាំ​ក្តី​រីករាយ​ខ្លះទៅ​កាន់​គ្រួសារ​នេះ អ៊ីចឹង​យើង​នឹង​រីករាយ​ធ្វើ​រឿងនេះ​"​។​

​    ​ពិធី​បាន​ប្រារព្ធ​កាលពី​ចុង​សប្តាហ៍​មុន ក្នុង​ពិធី​តូច​មួយ​ជា​លក្ខណៈ​គ្រួសារ​។ កូនប្រុស​របស់លោក La'Cap គឺ​យុវជន​ឈ្មោះ Noah បាន​ប្រើ​ឈុត​មួក​ក្រហម​និង​អង្គុយ​នៅក្បែរ​ឪពុក​របស់ខ្លួន ហើយ​រំពេច​នោះ​មាន​មនុស្សម្នា​ក់បាន​ចាក់​បទ​បញ្ចប់​ការសិក្សា "Pomp and Circumstance" តាម​ទូរស័ព្ទ​ជាមួយ​សមាជិកគ្រួសារ​មាន​ក្តី​ក្តុកក្តួល​បំផុត​។​

​    ​នៅពេល​វេលា​មកដល់ Noah បោះ​មួក​របស់ខ្លួន​ហើយ​បន្ទាប់មក​ដាក់​វា​នៅលើ​ឪពុក​របស់ខ្លួន​។​

​    ​Noah បាន​ប្រាប់​ទូរទស្សន៍​ខាងលើ​ថា គ្រួសារ​របស់ខ្លួន​កំពុង​ជួប​ការលំបាក​ហើយ​រូបគាត់​ក៏​ទទួលស្គាល់ថា ឪពុក​របស់គាត់​នឹងមិន​ឃើញ​គាត់​បញ្ចប់​ការសិក្សា មានការ​ងារ និង​រៀបការ​ដែរ​។​

​    ​Noah La'Cap បាន​និយាយថា "​មាន​ពេលវេលា​ដែល​ខ្ញុំ​មិនអាច​ផ្តោតលើ​សាលា​បាន ព្រោះ​ខ្ញុំ​គិត​អំពី​គាត់​គ្រប់ពេល ប៉ុន្តែ​ខ្ញុំ​ស៊ូទ្រាំ​ដោយសារ​ខ្ញុំ​ត្រូវ​បញ្ចប់​ការសិក្សា​ដើម្បី​គាត់​"៕

ប្រភព៖CNN

adverise with khmeread

អ្នកនឹងចូលចិត្ត